បាត់ដំបង: ក្មេងប្រុស​អាយុ ១៤​ ឆ្នាំ​ម្នាក់ត្រូវបាន​សា​លា​ដំបូ​ង​ខេត្ត​​បាត់ដំបង​ដោះលែង​​កាល​ពីម្សិល​មិញ​ បន្ទា​ប់​ពី​រូបគេ​បាន​លេង​​កាំភ្លើង​កែច្នៃ​​បណ្តាល​ឲ្យ​រាលកៃ​ត្រូវ​ក្មេង​ប្រុស​​ម្នាក់​អាយុ ៩ ឆ្នាំ​ ស្លាប់​កាលពី​ថ្ងៃទី ៩ ខែ​ មេសា​ ស្ថិតនៅ​ភូមិ​ដូន​ត្រិត ឃុំ​តាសាញ់ ស្រុក​សំឡូត។

លោកស្រី ទៀង សំបូរ អ្នក​នាំ​​ពាក្យ​សាលាដំបូង​ខេត្ត​បាត់​ដំប​ង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ក្មេងប្រុស អាយុ ១៤ ឆ្នាំ​ម្នាក់ ដែល​កាន់​កាំភ្លើង​កែច្នៃ ហើយ​រាលកៃ​បណ្ដាល​ឲ្យ​ក្មេងប្រុស​អាយុ ៩ ឆ្នាំ​ម្នាក់​ស្លា​ប់​នោះត្រូវបាន​លោក ធ្ធាំ ប៊ុណ្ណា ចៅក្រម​ស៊ើបសួរ​ ​ដោះលែ​ង​​ដោយសារ​ជនសង្ស័យ​ជា​អនីតិជន។

លោកស្រី​ថា៖ «​សមត្ថកិច្ច​បាន​បញ្ជូន​មកដល់​តុលាការ​ភ្លាម ក៏ត្រូវ​បាន​លោក ធ្ធាំ ប៊ុណ្ណា ចៅក្រម​ស៊ើបសួរ​ជា​អ្នកចាត់​ចែង ក្រោយមក​ក៏ត្រូវ​បាន​ដោះលែង​គាត់​វិញដោយ​សារ តែ​គាត់​នៅ​តូច​ពេកគឺ​អនីតិជន​មិនអាច​ឃុំខ្លួន​គាត់​ទេ»។

លោក ឈឿង គឹម​សុង ប្រធា​ន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តបាត់ដំបង​​ថ្លែង​ថា បន្ទាប់ពី​ទទួល​សំណុំ​រឿងនេះ​ ពី​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំឡូត លោ​ក​បានរៀបចំ​កសាង​សំណុំ​រឿង​បញ្ជូន​បន្ត​ទៅ​​សាលាដំបូង​ខេត្តភ្លាមៗដែរ​ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា តុលាការ​សម្រេច​បែប​ណា​នោះ​ទេ។

លោក​បញ្ជា​ក់​ថា៖ «​ការ​សម្រេ​ច​ឃុំខ្លួន ឬ​ដោះ​លែង គឺជា​ការ​សម្រេច​របស់​តុលា​ការ អានេះ គឺ​ផុតដៃ​សមត្ថ​​កិច្ច​ខ្ញុំ​ហើយ»។

មន្ត្រីនគរបាល​​ស្រុក​សំឡូត​សុំ​មិន​បញ្ចេញ​ឈ្មោះម្នាក់ឲ្យ​ដឹង​​ថា ក្មេងប្រុស​រង​គ្រោះ​បាន​ស្លាប់ភ្លាមៗ កាល​ពី​ថ្ងៃ​ទី ៩ ខែ​ មេសា បន្ទាប់ពី​ក្មេងប្រុស​ម្នាក់​ទៀត​អាយុ ១៤ ឆ្នាំ បាន​ទាញ​យក​កាំភ្លើង​កែច្នៃ ១ ដើម ដែល​នៅ​ក្រោម​គ្រែ​មកកាន់​លេង ប៉ុន្ដែ​ក្នុងអំឡុងពេល​ទាញ​​មក​នោះ បាន​ប៉ះចំ​កៃ​វា​រេចុង​កាណុ​ង​ តម្រង់​ទៅ​ក្មេង​រងគ្រោះ​នោះ ធ្វើ​ឲ្យ​ចេញ​គ្រាប់​ពីដា​ង​កង់​ត្រូវចំ​មាត់​ ធ្លាយ​ទៅ​ត្រចៀក​ម្ខាង​ទៀ​ត​​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម។

លោក​បន្តថា ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​ដោយ​រកឃើញថា ការ​បង្ក​​ឲ្យ​ស្លាប់​នេះ​កើត​ឡើង​ដោ​យ​​អ​ចេតនា ហើយ​បង្កដោយ​ក្មេង​​អាយុ ១៤ ឆ្នាំ​នោះ​ពិតមែន។ សមត្ថកិច្ច​បានរៀបចំ​សំណុំ​រឿ​ង​​បញ្ជូ​ន​ទៅ​ស្នងការដ្ឋាន​នគរ​បា​ល​​ខេត្ត បាត់ដំបង ដើម្បី​ចាត់​ចែង​តាម​នីតិវិធី។

លោក​បាន​បញ្ជាក់​ថា​៖ «ក្មេង​​ហ្នឹង​គ្មាន​បំណង​អ្វី​ទៅ​បាញ់​ក្មេង​​​​​រងគ្រោះ​ហ្នឹង​ទេ ព្រោះ​គាត់​ជា​អ្នកជិតខាង​នឹង​គ្នា ហើយ​ពួក​គេ​តែង​តែ​​លេង​ជា​មួ​យ​គ្នា​រាល់​ថ្ងៃ​ ឪ​ពុក​ម្ដាយ​គាត់​ថា តាំង​ពី​មុន​មក ពួកគេ​មិនដែល​ឈ្លោះ​គ្នា​ទេ ហើយ​ផ្ទះ​គាត់​នៅក្បែរ​គ្នា​ហ្នឹង»៕