ភ្នំពេញៈ លោក អាគីរ៉ា ស្ថាបនិក​អង្គការ​សារមន្ទីរ​គ្រាប់មីន​រួម​នឹង​ក្រុម​ការងារ ​២ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ខេត្ដ​សៀមរាប​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាល​ពី​ថ្ងៃទី​ ២០ ខែ​កញ្ញា ឆ្នាំ​ ២០១៨ បន្ទាប់ពី​ការស្នើឲ្យ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​របស់​លោក​។ នេះ​បើ​តាម​លោក យិន ស្រាង អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ដ​សៀមរាប​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ។

លោក យិន ស្រាង បាន​ថ្លែង​ថា​៖ ​«ចៅក្រម​ស៊ើបសួរ​ជា​អ្នក​ដោះលែង​ពួកគាត់​ព្រោះ​មេធាវី​ពួកគាត់​បាន​ស្នើសុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​។ ចំណែក​សំណុំ​រឿង​ពួកគាត់​ស្ថិត​នៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​នៅ​ឡើយ​ ព្រោះ​ចៅក្រម​នៅ​មិន​ទាន់​បិទ​ការ​ស៊ើប​សួរ​ទេ​»។

លោក ទូច ឡូញ មន្ដ្រី​នៃ​អង្គការ​សារមន្ទីរ​គ្រាប់មីន និង​ជា​អ្នក​មើល​ថែទាំ​ក្មេងៗ​ពេល​លោក អាគីរ៉ា និង​ថ្នាក់ដឹកនាំ​សារមន្ទីរ​មីន​ត្រូវ​បាន​ឃុំ​ខ្លួន​នោះ ​បាន​ឲ្យ​ដឹង​​កាលពី​ម្សិលមិញ​ថា​ពេល​នេះ​លោក អាគីរ៉ា និង​សមាជិក ២ ​នាក់​ទៀត​បាន​ត្រឡប់​ទៅ​ដល់​ផ្ទះ​ពួកគាត់​អស់​ហើយ​។

លោក​ថ្លែង​ថា​៖ ​«ពួកគាត់​សុខ​សប្បាយ​ទេ​ពេល​នេះ​ពួកគាត់​ទៅ​ដល់​ផ្ទះ​ពួកគាត់​វិញ​អស់​ហើយ ខ្ញុំ​ទើប​តែ​បាន​ទៅ​សួរ​សុខទុក្ខ​ពួកគាត់​បាន​ម្ដង ២ ​ដង​ដែរ​ទេ។ តែ​មក​ដល់​ផ្ទះ​វិញ​ខល​ទៅ​លេខ​ទូរស័ព្ទ​គាត់​អត់​ចូល​សោះ»។

ទាក់ទង​នឹង​ក្មេងៗ​ទាំង ២៦ ​នាក់​ដែល​ត្រូវ​យក​ចេញ​ពី​អង្គការ​សារមន្ទីរ​គ្រាប់​មីន បន្ទាប់ពី​ការផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​កាលពី​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ​​ ២០១៨ ​នោះ​លោក ឡូញ បាន​ឲ្យ​ដឹង​ថា​មាន​អង្គការ​ ២ ​កំពុង​ទទួល​មើលថែ​ក្មេងៗ​ទាំងនោះ​តាមរយៈ​មន្ទីរ​សង្គមកិច្ច​បាន​រៀបចំ​។

លោក​បាន​ឲ្យ​ដឹង​ថា៖ «ក្មេងៗ​បាន​ទៅ​នៅ​អង្គការ​គេ​បណ្ដោះអាសន្ន​សិន ​ព្រោះ​យើង​បិទ​សារមន្ទីរ​បណ្ដោះអាសន្ន​អ៊ីចឹង​ក៏​ឲ្យ​អង្គការ​គេ​មើលការ​ខុសត្រូវ​បណ្ដោះអាសន្ន​សិន​អង្គការ​​នោះ​គឺ​នៅ​ក្នុង​ខេត្ដ​សៀមរាប»​។

បើ​តាម​លោក ឡូញ អង្គការ​ដែល​ទទួល​មើលថែ​ក្មេងៗ​ទាំង ២៦ ​នាក់​បន្ដ​ពី​អង្គការ​សារមន្ទីរ​គ្រាប់មីន​នោះ​មាន​ ២ ​គឺ «អង្គការ​សាន់រាយ» និង«អង្គការ​ទាំងអស់​គ្នា​ដើម្បី​កម្ពុជា​»។

បើ​ទោះ​ជា​លោក​ អាគីរ៉ា ​បាន​នៅ​ក្រៅ​ឃុំ​ពិត​ ប៉ុន្ដែ​អង្គការ​សារមន្ទីរ​គ្រាប់មីន ស្ថិត​ក្នុង​ស្រុក​បន្ទាយស្រី​នៅ​តែ​មិន​ទាន់​បើក​ទ្វារ​ឲ្យ​ដំណើរការ​ឡើង​វិញ​នៅ​ឡើយ​ទេ។

លោក ប៊ុត រ៉ៃ អនុប្រធាន​​ការពារ​ដែល​អាជ្ញាធរ​បាន​ចាត់តាំង​មក​ការពារ​នៅ​អង្គការ​សារមន្ទីរ​គ្រាប់មីន​ជាមួយ​នឹង​កងកម្លាំង​ជាង​ ១០ ​នាក់​ទៀត​នោះ​បាន​ថ្លែង​ថា​មក​ដល់​ពេល​​នេះ​លោក​មិន​ទាន់​ទទួល​បាន​បញ្ជា​ណា​មួយ​ថា ត្រូវ​បញ្ឈប់​ការ​យាមកាម និង​បើកទ្វារ​អង្គការ​សារ​មន្ទីរ​គ្រាប់មីន​នៅពេល​ណា​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ ​«​អត់​មាន​ឮ​គេ​ប្រាប់​ថា​ឲ្យ​ឈប់​ពេល​ណា​ទេ​។​ មក​ដល់​ពេល​នេះ​ ពួក​ខ្ញុំ​នៅ​យាម​ ២៤ ​ម៉ោង​ដដែល​ទេ​»​។

គួរ​បញ្ជាក់​ថា​លោក អាគីរ៉ា និង​បុគ្គលិក​រួម​ការងារ​របស់​លោក​ត្រូវ​ចាប់​ខ្លួន​នៅ​ថ្ងៃទី ២៨ ខែ​សីហា ​ក្រោម​បទចោទ​លាក់ទុក​អាវុធ​ខុស​ច្បាប់​។

ក្រៅពី​ជា​ស្ថាបនិក​សារមន្ទីរ​មីន​ក្នុង​ខេត្ត​សៀមរាប​លោក​ អាគីរ៉ា មាន​កេរ្តិ៍​ឈ្មោះ​ល្បី​សុសសាយ​ទាំង​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​ដោយសារ​លោក​ត្រូវ​បាន​​ទូរទស្សន៍​ CNN​ ផ្ដល់​ងារ​ជា «វីរបុរស ​CNN​ ឬ CNN Heroes»​ កាលពី​ឆ្នាំ​ ២០១០ ព្រោះ​តែ​សកម្មភាព​បោស​សម្អាត​មីន​ដោយ​ស្ម័គ្រចិត្ត​របស់​លោក​៕