ក្រចេះ: សាលាដំបូង​ខេត្ត​ក្រចេះ​កាលពី​ម្សិលមិញ​បាន​ដោះលែង​សកម្មជន​ព្រៃឈើ​របស់​សហគមន៍​ ៣ ​នាក់ និង​សកម្មជន​សិទ្ធិមនុស្ស​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ម្នាក់ ក្រោយពី​ប្រជាពលរដ្ឋ​មួយក្រុម​ប្រមូល​ផ្ដុំគ្នា​ដើម្បី​តវ៉ា​នៅមុខ​តុលាការ​សុំ​ឲ្យ​មាន​ការដោះលែង​ពួកគេ​។

លោក ហេង ស្រស់ សកម្មជន​ការពារ​ព្រៃឈើ និង​បរិស្ថាន​ដែល​បាន​ដឹកនាំ​មនុស្ស​ ១ ​ក្រុម​តូច​តវ៉ា​នៅមុខ​តុលាការ​សុំ​ឲ្យ​មាន​ការដោះលែង​សកម្មជន​ទាំង​ ៤ ​នាក់​នោះ​ដោយ​មាន​ការលើក​បដា​សរសេរ​ថា​៖ «​អ្នក​កាប់​ព្រៃឈើ​មិន​ចាប់ មក​ចាប់​អ្នកការពារ​ព្រៃឈើ​» និង​បដា​រូបថត​មនុស្ស​ទាំង​ ៤ ​នាក់​។

លោក ហេង ស្រស់ ថ្លែងថា​៖ «​ខ្ញុំ​សាទរ​ចំពោះ​ការសម្រេច​របស់​តុលាការ​ខេត្តក្រចេះ ហើយ​ក៏​ចូលរួម​សោកស្ដាយ​ដែល​ពួកគាត់​ត្រូវបាន​គេ​ឃុំខ្លួន​ចំនួន ៣ ​ថ្ងៃ​ទាំង​មិនមាន​ទោសកំហុស​។ ខ្ញុំ​យល់​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ទៅលើ​សកម្មជន​ការពារ​ព្រៃឈើ​នេះ​គឺជា​ការ​បំបាក់ស្មារតី​អ្នកការពារ​ព្រៃឈើ​ផ្សេងៗ​ទៀត ហើយ​ពួក​ខ្ញុំ​ក៏​នឹង​មិន​រួញរា​ចំពោះ​ឆន្ទៈ​ការពារ​ព្រៃឈើ​ដែរ​»​។

លោក ស្រស់ ថ្លែង​ថា​៖ «​ចៅក្រម​ស៊ើបសួរ និង​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​បាន​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ហើយ ប៉ុន្ដែ​តុលាការ​ដាក់​ឲ្យ​ស្ថិតក្រោម​ការឃ្លាំមើល​»​។

លោក ទីវ វុធធេន អ្នកនាំពាក្យ និង​លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តក្រចេះ​ពី​ម្សិលមិញ​មិន​ទាន់​អាចទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ​។

លោក ហេង ស្រស់ បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​លោក អ៊ូច ឡេង ជា​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា និង​ពលរដ្ឋ​សហគមន៍​ព្រៃឡង់ ៣ នាក់ បាន​ធ្វើ​ឡើង​តាម​បណ្ដឹង​លោក ឡាច ផាន់ណូ តំណាង​ក្រុមហ៊ុន​ស៊ីងបាយអូថេក​ (​ខេមបូឌា​) (Think Biotech Co., Ltd)​។ ក្រោយ​ការចាប់ខ្លួន​ពួកគេ​ត្រូវបាន​ព្រះរាជអាជ្ញារង​សាលា​ដំបូង​ខេត្តក្រចេះ​ចោទ​ប្រកាន់​ចំនួន​ ៣ ​បទល្មើស​ទៅតាម​ក្រមព្រហ្មទណ្ឌ​មាត្រា ២៩៩ និង​មាត្រា ៣៦០ និង​មាត្រា ៣២ ច្បាប់​ស្ដីពី​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។

លោក ហេង ស្រស់ បាន​ឲ្យ​ដឹង​ទៀតថា រឿងហេតុ​ពីដំបូង​នៅ​ថ្ងៃទី​ ១៣ មីនា បុរស​ទាំង​ ៤ ​នាក់​បាននាំគ្នា​ជិះ​ម៉ូតូ​ដើរល្បាត​ព្រៃ ស្រាប់តែ​ទៅដល់​តំបន់​មួយ ពួកគាត់​នាំគ្នា​ស្នាក់នៅ​ផ្ទះ​អ្នកភូមិ​ក្បែរ​ក្រុមហ៊ុន ក្រោយមក​ពួកគាត់​ជិះ​ម៉ូតូឌុប​គ្នា​រក​ទិញ​ទឹក តែ​នៅ​កន្លែង​នោះ​គ្មាន​អ្នកលក់​ទេ មាន​តែ​នៅក្នុង​ដី​ក្រុមហ៊ុន ស៊ីង​បាយ​អូថេក​មាន​រោង​លក់​ចាប់ហួយ​មួយ ហើយ​ពួកគាត់​ក៏​នាំគ្នា​ចូលទៅ​ទិញ​ទឹក​នៅ​ទីនោះ ស្រាប់តែ​ក្រុម​សន្ដិសុខ​ក្រុមហ៊ុន​មកឃាត់​ខ្លួន​ព្រម​ទាំង​បាន​ប្រើ​ហិង្សា​ទៅលើ​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​នោះ​។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) បាន​ថ្លែង​ពី​ម្សិលមិញ​ថា តុលាការ​ត្រូវតែ​បន្ត​ស៊ើបអង្កេត​រក​ជនដៃដល់​ដែល​បាន​ប្រើ​អំពើហិង្សា​ទៅលើ​សកម្មជន​ការពារ​ព្រៃឈើ​ម្នាក់​ឲ្យ​រងរបួស​ក្នុង​ចំណោម​នោះ​។

លោក សែនករុណា ថ្លែងថា​៖ «​យើង​ពិនិត្យ​ឃើញ​ហើយ​ថា បើសិន​រឿង​នេះ​នៅ​មិន​ទាន់​ដោះលែង​ពួកគាត់ ហើយ​នៅ​បន្ត​ទៅទៀត​នោះ ហើយ​ឈាន​ទៅ​ធ្វើការ​ចោទប្រកាន់ ឬ​ឃុំខ្លួន​ពួកគាត់​គឺ​បង្ហាញ​យ៉ាងច្បាស់​ថា វា​ជា​ការគំរាមកំហែង​ដល់​សកម្មជន​ការពារ​ព្រៃឈើ​»​។

លោក គង់ ស៊ីដន ស្នងការរង​នគរបាល​ខេត្តក្រចេះ​ពី​ម្សិលមិញ​មិន​ទាន់​អាចទាក់ទង​សុំ​ការ​បញ្ជាក់បន្ថែម​បានទេ​។ ប៉ុន្ដែ​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពីថ្ងៃ​ទី​ ១៥ ខែ​មីនា​នេះ​ថា ជនសង្ស័យ​ទាំង​ ៤ ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តក្រចេះ​នៅ​ព្រឹក​ថ្ងៃទី​ ១៥ មីនា បន្ទាប់ពី​មន្ត្រី​បានធ្វើការ​សាកសួរ​ពី​ដើមហេតុ​ជុំវិញ​បណ្ដឹង​របស់​ក្រុមហ៊ុន ស៊ីង បាយអូថេក ដើម្បី​ឲ្យ​តុលាការ​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​បន្តទៀត​។

លោក ស៊ីដន ថ្លែងថា​៖ «​ខ្ញុំ​ទទួល​បាន​បណ្ដឹង​នេះ​ពី​ក្រុមហ៊ុន​គឺ​ពួកគាត់​បាននាំគ្នា​ចូលក្នុង​ទីស្នាក់ការ​ក្រុមហ៊ុន​ដែល​កន្លែង​ហាមឃាត់ ហើយ​គាត់​នាំគ្នា​ថតរូប​នៅក្នុង​ស្នាក់ការ​គេ​ដោយ​គ្មាន​ការអនុញ្ញាត​ដែរ​»​។

លោក លូ ឈូឆាង នាយកក្រុមហ៊ុន និង​លោក ឡាច ផាន់ណូ តំណាង​ក្រុមហ៊ុន ស៊ីង បាយអូថេក​កាលពី​ម្សិលមិញ​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​បានទេ​។ លោក អ៊ូច ឡេង និង​ពលរដ្ឋ​ ៣ នាក់​ផ្សេងទៀត​មាន​ឈ្មោះ លោក ខេម សុឃី លោក ស្រី ថី និង​លោក មេន ម៉ាត់ ត្រូវបាន​កងសន្តិសុខ​ក្រុមហ៊ុន​នេះ​ឃាត់ខ្លួន​ទាំង ៤ នាក់​កាលពី​ព្រឹក​ថ្ងៃទី​ ១៣ ខែមីនា​៕