បាត់ដំបងៈ តុលាការខេត្តបាត់ដំបងកាលពីម្សិលមិញបានដោះលែងអតីតអ្នកបើករថយន្តក្រុងកាពីតូលឱ្យនៅក្រៅឃុំបណ្តោះអាសន្នបន្ទាប់ពីតុលាការបានឃុំខ្លួនអស់រយៈពេលពីរថ្ងៃដោយសារអតីតបុគ្គលិករូបនេះបានដើរចែកខិត្តប័ណ្ណដោយអំពាវដល់ប្រជាពលរដ្ឋក្នុងខេត្តឱ្យឈប់ប្រើសេវារថយន្តរបស់ក្រុមហ៊ុនកាពីតូល។
ចៅក្រុមស៊ើបសួរសាលាដំបូងខេត្តកាលពីម្សិលមិញបានដោះលែងអតីតអ្នកបើករថយន្តកាពីតូលឈ្មោះ លី ហុង នៅវេលាម៉ោងជិត ១០ ព្រឹកបន្ទាប់ពីឃុំខ្លួនអស់រយៈពេលពីរថ្ងៃកាលពីថ្ងៃសុក្រនៅវេលាម៉ោង ៩ ព្រឹកដោយសារបុគ្គលរូបនេះដើរចែកខិត្តប័ណ្ណអំពាវនាវដល់ប្រជាពលរដ្ឋឱ្យឈប់ប្រើសេវាកម្មរថយន្តនេះក្រោមបទចោទថាបរិហារកេរ្តិ៍ជាសាធារណៈ ។
ចៅក្រុមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបងលោក ជា វណ្ណៈ ប្រាប់ភ្នំពេញប៉ុស្តិ៍ថាលោកបានសម្រេចឱ្យលោក លី ហុង នៅក្រៅឃុំតាមការស្នើសុំរបស់លោកព្រះរាជអាជ្ញា។
លោកថា «តំណាងអយ្យការគាត់ចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈតែគាត់សុំឱ្យដាក់ (លោក លី ហុង) ក្រោមការត្រួតពិនិត្យយើងធ្វើតាមហ្នឹង»។ តែលោកថាលោកមិនទាន់ចាប់ផ្តើមស៊ើបសួរករណីនេះទេខណៈលោកថាចំថ្ងៃឈប់សម្រាក។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបងលោក នួន សាន ថ្លែងថាក្រុមហ៊ុនកាពីតូលមិនបានប្តឹងមកតុលាការទេតែលោកចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈទៅតាមសំណុំរឿងដែលសមត្ថកិច្ចបានបញ្ជូនមក។
លោកថា «ការសរសេរនៅលើខិត្តប័ណ្ណយើងគិតបឋមជាអំពើបរិហារកេរ្តិ៍តែបើសិនជាចៅក្រុមស៊ើបសួរទៅមានអំពើហ្នឹងមែន (ក្រុមហ៊ុនកាពីតូលដកគាត់ចេញមែនជារឿងផ្សេង) តែបើមិនមានទេការចែកខិត្តប័ណ្ណគេហៅថាបរិហារកេរ្តិ៍ដោយនិយាយមិនពិត»។
លោកថា «ខាងនគរបាលបានបញ្ជូនសំណុំរឿងដោយភ្ជាប់ខិត្តប័ណ្ណ ឬជាឯកសារដោយភ្ជាប់សារមិនឱ្យជិះរថយន្តកាពីតូលអាហ្នឹងខ្ញុំគិតថាជាអំពើបរិហារកេរ្តិ៍»។
អតីតអ្នកបើករថយន្តក្រុងកាពីតូលលោក លី ហុង អាយុ ៤៥ ឆ្នាំបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាកាលពីព្រឹកថ្ងៃសុក្ររូបលោកបានដើរចែកខិត្តប័ណ្ណក្នុងក្រុងបាត់ដំបងដោយអំពាវនាវដល់ពលរដ្ឋឲ្យឈប់ជិះរថយន្តក្រុងកាពីតូល។
លោកបន្តថាលុះដល់ម៉ោង ១០ ព្រឹកមានជនស៊ីវិលចំនួន ៣ នាក់បានមកឃាត់មិនឱ្យដើរចែកបន្តឡើយ។
លោកថា « ដំបូងខ្ញុំអត់ដឹងថាគាត់ជាប៉ូលិសទេតែមានជនស្លៀកពាក់ស៊ីវិល ២ ឬ ៣ នាក់មកឃាត់ខ្ញុំហើយបញ្ជូនទៅប៉ុស្តិ៍ក្រុងគេសួរនាំហើយបញ្ជូនមកប៉ូលិសខេត្តវិញ និងឃុំខ្លួន ១ យប់លុះព្រឹកឡើងគេបញ្ជូនទៅតុលាការចោទប្រកាន់ហើយបញ្ជូនមកឃុំខ្លួនវិញនៅប៉ូលិសខេត្តពីរថ្ងៃ»។
យ៉ាងណាក៏ដោយលោកថាការឃាត់ខ្លួននេះពិតជាអយុត្តិធម៌សម្រាប់រូបលោកដែលគ្រាន់តែចែកខិត្តប័ណ្ណដើម្បីឱ្យក្រុមហ៊ុនគោរពច្បាប់ការងារប៉ុណ្ណោះ។
លោកថា « ខ្ញុំចែកខិត្តប័ណ្ណដើម្បីរកយុត្តិធម៌តែបែរជាជួបរឿងអយុត្តិធម៌វិញគ្រាន់តែចែកខិត្តប័ណ្ណប៉ុណ្ណឹងយកខ្ញុំមកឃុំឃាំងពីរយប់ហើយដាក់ខ្នោះទៀត»។
បើតាមលោក លី ហុង ព្រះរាជអាជ្ញាបានស្នើឱ្យរូបលោកបញ្ឈប់សកម្មភាពនេះមួយរយៈ និងបង្គាប់ឱ្យចូលបង្ហាញខ្លួនជារៀងរាល់ខែនៅថ្ងៃទី ៤ ។
ប្រធានសម្ព័ន្ធសហជីព ស៊ីខាវឌូ លោក អាត់ ធន់ ដែលតែងអន្តរាគមន៍រឿងនេះថ្លែងថាការឃុំខ្លួននេះជាការបំបាក់ស្មារតី និងប៉ះពាល់ដល់សិទ្ធិសេរីភាពលើអ្នកតវ៉ាដោយសន្តិវិធីយ៉ាងធ្ងន់ធ្ងរដោយចាត់ទុកថាគ្រាន់តែចែកខិត្តប័ណ្ណមិនគួរសមត្ថកិច្ចមកហាមនោះទេ។
លោកថា «រឿងនេះសុទ្ធតែមានភាពមិនប្រក្រតីសុទ្ធតែកាឡៃព័ត៌មានហើយមានការដាក់ខ្នោះគាត់មើលទៅដូចជាអ្នកទោសឧក្រិដ្ឋអ៊ីចឹងនេះជារឿងអយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរអ៊ីចឹងបានគេអត់ជឿលើប្រព័ន្ធតុលាការព្រោះមិនធ្វើការឯករាជ្យ»។
បើទោះជាមានការដោះលែងលោក លី ហុង ឱ្យនៅក្រៅឃុំក្តីតែលោកថាប្រសិនបើតុលាការមិនទាន់ដោះលែងអតីតបុគ្គលិកក្រុមហ៊ុនកាពីតូលពីរនាក់ទៀតដែលតុលាការក្រុងឃុំខ្លួនកាលពីពេលធ្វើកូដកម្មពេលកន្លងមកលោកថាអាចនឹងមានបាតុកម្មទ្រង់ទ្រាយធំនៅមុខក្រុមហ៊ុន។
លោកថា «យើងនឹងធ្វើបាតុកម្មទ្រង់ទ្រាយធំបើសិនជាមិនមានការដោះស្រាយព្រោះយើងអត់មានជម្រើសទេក្នុងនាមពលរដ្ឋមានសិទ្ធិធ្វើបាតុកម្មដើម្បីជំរុញឱ្យមានដំណោះស្រាយ»៕