
លោក មឿន តុលា ត្រូវបានកោះហៅកាលពីចុងឆ្នាំមុន។ ហេង ជីវ័ន
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចលើកលែងការចោទប្រកាន់ទៅលើលោក មឿន តុលា សកម្មជនសិទ្ធិការងារដែលត្រូវរងការចោទប្រកាន់ពីបទកិបកេងបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ ដែលត្រូវបានគេបាញ់សម្លាប់ដែលការទម្លាក់ចោលការចោទប្រកាន់នេះធ្វើឡើងជាង ២ ខែក្រោយពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញលិខិតសុំឲ្យតុលាការលើកលែងការចោទប្រកាន់ទៅលើលោកកាលពីចុងខែមេសា។
តុលាការក្រុងភ្នំពេញបានចោទប្រកាន់បុគ្គល ៣ រូបគឺ លោក មឿន តុលា ព្រះសង្ឃ ប៊ុត ប៊ុនតិញ និងលោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យពីបទរំលោភលើទំនុកចិត្តពាក់ព័ន្ធនឹងការសង្ស័យថាបានកិបកេងបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី ដែលប្តឹងដោយលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាកាលពីខែមករាដែលការប្តឹងចោទប្រកាន់នេះត្រូវបានថ្កោលទោសពីក្រុមអង្គការសិទ្ធិមនុស្សយ៉ាងខ្លាំង។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និងលោក ប៉ា ងួនទៀង ដែលកំពុងរងបណ្ដឹងនេះសព្វថ្ងៃកំពុងភៀសខ្លួនទៅក្រៅប្រទេស។ ប៉ុន្តែសមាជិកក្រុមគ្រួសារលោក កែម ឡី អះអាងថា អ្នកទាំង ៣ មិនពាក់ព័ន្ធនឹងការចាត់ចែងបច្ច័យបុណ្យលោក កែម ឡី ទេ។
លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញឲ្យដឹងថាតុលាការសម្រេចលើកលែងការចោទប្រកាន់លោក មឿន តុលា ដែលជាអតីតសមាជិកនៃគណៈកម្មការបុណ្យសពលោក កែម ឡី កាលពីថ្ងៃអង្គារ។
លោក អ៊ី រិន បញ្ចាក់ថា៖ «ខ្ញុំមិនបាច់បរិយាយទេ គ្រាន់តែថាហេតុផលគេបានបញ្ជាក់នៅក្នុងដីកាលើកលែងការចោទប្រកាន់នោះហើយ»។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សថ្លែងថា៖ «ការទម្លាក់ចោលបទចោទនេះវាជាការផ្តល់យុត្តិធម៌ឲ្យខ្ញុំមួយដូចដែលខ្ញុំបានប្រកែកតាំងពីដើមដំបូងថាការចោទប្រកាន់នេះវាមិនពិតទេដោយសារខ្ញុំមិនបានប្រព្រឹត្តដូចការចោទប្រកាន់»។
លោកថាតុលាការគួរតែផ្តោតការស៊ើបអង្កេតស្វែងរកឃាតករពិត និងអ្នកពាក់ព័ន្ធផ្សេងទៀតទាក់ទងនឹងការបាញ់សម្លាប់លោក កែម ឡី ជាជាងស៊ើបអង្កេតទៅលើអ្នកដែលជួយរៀបចំបុណ្យសពរបស់លោក កែម ឡី ដោយពួកគាត់ជួយក្នុងនាមមនុស្សធម៌។
យោងតាមដីកាលើកលែងចោទប្រកាន់ដែលចុះហត្ថលេខាដោយចៅក្រមស៊ើបសួរ អ៊ី ថាវរៈ ថ្ងៃទី ៩ ខែកក្កដា និង ហត្ថលេខារបស់ព្រះរាជអាជ្ញារង គុជ គីមឡុង កាលពីថ្ងៃទី ១០ ខែកក្កដាបានសម្រេចលើកលែងការចោទប្រកាន់លើឈ្មោះ មឿន តុលា ពីបទរំលោភលើទំនុកចិត្តដោយសារតែតាមចម្លើយរបស់ជនត្រូវចោទឈ្មោះ មឿន តុលា បានឆ្លើយថាខ្លួនមិនបានចូលរួមក្នុងការចាត់ចែងចំណូលបុណ្យសពលោក កែម ឡី ឡើយ។
ដីកាបញ្ជាក់ថា៖ «សម្រេចលើកលែងចោទប្រកាន់លើឈ្មោះ មឿន តុលា ភេទប្រុស អាយុ ៤៣ ឆ្នាំពីបទរំលោភលើទំនុកចិត្តប្រព្រឹត្តនៅរាជធានីភ្នំពេញកាលអំឡុងឆ្នាំ ២០១៦ តាមបញ្ញត្តិមាត្រា ៣៩១ និង មាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ»។
ក្នុងដីកានោះលើកឡើងថាជនត្រូវចោទឈ្មោះ មឿន តុលា ដែលបានឆ្លើយថា ថ្ងៃបុណ្យសព ១០០ ថ្ងៃនោះខ្លួនមិនបានចូលរួមទេ ដោយសារខ្លួនត្រូវបំពេញបេសកកម្មនៅប្រទេសស៊ុយអែតចំនួន ៩ ថ្ងៃដោយចេញនៅយប់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៦ ហើយត្រឡប់មកវិញនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៦ ហើយនៅពេលបុណ្យ ១០០ ថ្ងៃ ដែលបានប្រព្រឹត្តពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៦ ខ្លួនមិនមានវត្តមាន ដូច្នេះចំណូលដែលបានពីបុណ្យ ១០០ ថ្ងៃខ្លួនមិនបានដឹងទេ។
ដីកាលើកលែងក៏បានបញ្ជាក់ពីការឆ្លើយរបស់លោក មឿន តុលា ឃើញថា មានភាពស៊ីចង្វាក់គ្នានឹងចម្លើយរបស់សាក្សីឈ្មោះ កែម រិទ្ធិសិត។
ដីកា ថា កែម រិទ្ធិសិត ដែលជាសាក្សីថា «បានឃើញតែ ២ នាក់ទេ គឺព្រះតេជគុណ ប៊ុត ប៊ុនតិញ និងលោក ប៉ា ងួនទៀង ចំណែកលោក មឿន តុលា ខ្លួនអត់បានឃើញទេ គឺអាចឲ្យតុលាការជឿបានថាជនត្រូវចោទឈ្មោះ មឿន តុលា មិនបានចូលរួមក្នុងការចាត់ចែងចំណូលបុណ្យឡើយ ដែលអាចបញ្ជាក់ថាជនត្រូវចោទឈ្មោះ មឿន តុលា ពិតជាមិនបានប្រព្រឹត្តអំពើរំលោភលើទំនុកចិត្តប្រព្រឹត្តនៅរាជធានីភ្នំពេញកាលអំឡុងឆ្នាំ ២០១៦ ប្រាកដមែន»។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាថ្លែងថាលោកព្រមទទួលយកលទ្ធផលទាំងអស់ដែលតុលាការរកឃើញ ហើយការប្តឹងនេះដោយសារតែលោកមានការសង្ស័យ ហើយលោកមានសិទ្ធិប្តឹងតុលាការដើម្បីសែ្វងរកការពិត និងបញ្ចប់ការសង្ស័យ។
លោកបញ្ជាក់ថា៖ «ប្រសិនបើតុលាការរកមិនឃើញទេ ហើយខាងតុលាការថាគាត់មិនមានទោសខ្ញុំគ្មានអំណាចទៅតតាំងនោះទេយើងទទួលយកតាមហ្នឹង»៕