ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បើកសវនាការ​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ក្នុង​ខែ​មករា​នេះ លើ​សំណុំ​រឿង​ឃាតកម្ម​ចំនួន ២ ពាក់​ព័ន្ធ​អតីត​ឧកញ៉ា​ថោង សារ៉ាត់ និង​អតីត​អភិបាល​ខេត្ត​តាកែវ​លោក ឡាយ វណ្ណៈ រួម​ជាមួយ​បក្ខពួក​ចំនួន ៣ នាក់។

លោក សួស វី​ទ្យា​រ៉ា​ន់​ឌី អ្នកនាំពាក្យ​រង​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា សំណុំ​រឿង​ជន​សង្ស័យ ថោង សារ៉ាត់ នឹង​បើក​ការ​ជំនុំ​ជម្រះ​ចាប់ពី​ថ្ងៃ​ទី ១៥-១៧ ខែ​មករា ឆ្នាំ ២០១៩។

លោក សួស វី​ទ្យា​រ៉ា​ន់​ឌី បាន​ឲ្យ​ដឹងផង​ដែរ​ថា សំណុំរឿង ជន​សង្ស័យ​ថោង សារ៉ាត់ និង​ជន​សង្ស័យ​ជា​បក្ខពួក​ចំនួន ៦ នាក់​ផ្សេង​ទៀត​ជាប់​ចោទ ពី​បទ​បាញ់ សម្លាប់​លោក​ឧកញ៉ា ​អ៊ឹង ម៉េង​ជឺ ថៅកែ​ស៊ីម៉ងត៍​សញ្ញា​ត្បូង​ពេជ្រ នៅ​ក្នុង​សង្កាត់ ទួល​ស្វាយព្រៃ ខណ្ឌ​ចំការមន កាល​ពី​អំឡុង​ចុង​ឆ្នាំ ២០១៤ នឹង​បើក​ជំនុំ​ជម្រះ នៅ​ថ្ងៃទី ១៥ ទី ១៦ និង​ទី ១៧ ខែ​មករា​ឆ្នាំ ២០១៩។

ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ពីបទ​ផ្តើម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក​ជាមុន តាម​មាត្រា ២៨ និង​មាត្រា ២០០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ នៅ​ពន្ធនាគារ​ព្រៃស​កាល​ពី​ថ្ងៃ​ទី ១៧ មេសា ឆ្នាំ ២០១៥។

ជន​សង្ស័យ​ ថោង សារ៉ាត់ ធ្លាប់​មាន​ឋានៈ​ជា​ឧត្តម​សេនីយ៍​ទោ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ជា​ថៅកែ​សាច់​ប៉ាត់តេ ៩៩៩ ជា​ម្ចាស់​បុរី ៩៩៩ និង ជា​ប្រធាន​ក្រុមហ៊ុន Meanchey International Investment ដែល​ជា​មេ​ខ្លោង​ក្នុង​ការ​បាញ់​សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ។

ជនសង្ស័យ ៤ នាក់​ផ្សេងទៀត​រួមមាន ឈ្មោះ សៀង វាសនា ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ និង ឈ្មោះ លី សៅ ហៅ វី ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ «ឃាតកម្ម​គិត​ទុក​ជាមុន» តាម​មាត្រា ២០០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ និង​ឈ្មោះ មាស សម្បត្តិ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ និង​ឈ្មោះ កូយ ចាន់ថុល ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «សម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក​ជាមុន» តាម​មាត្រា ២៩ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៤។

មេធាវី​ការពារ​លោក ថោង សារ៉ាត់ គឺ​លោក​មេធាវី ទួត លុច មិនអាច​ទាក់ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ។

លោក វិទ្យា​រ៉ាន់ឌី បាន​ឲ្យ​ដឹង​ផង​ដែរ​ថា សំណុំ​រឿង​ដោយ​ឡែក​មួយ​ទៀត​ពាក់​ព័ន្ធ​ជាមួយ​ជន​សង្ស័យ ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្ត​តាកែវ និង​បក្ខពួក ៣ នាក់​ទៀត ជាប់​ចោទ​ពី​បទ​ឃាតកម្ម​សម្លាប់​នារី ចេវ សុវឌ្ឍនា នឹង​ត្រូវ​បើក​សវនាការ​ជំនុំ​ជម្រះ នៅ​ថ្ងៃទី ២៣ មករា ឆ្នាំ ២០១៩ នេះ​ដែរ។

លោក វី​ទ្យា​រ៉ា​ន់​ឌី បាន​ឲ្យ​ដឹងថា ករណី​ជនសង្ស័យ​ឡាយ វណ្ណៈ ត្រូវបាន​ស៊ើប​សួរ​អស់​រយៈពេល​ជាង ៩ ខែ។ គួរ​រំឭក​ដែរ​ថា កាល​ពី​ល្ងាច​ថ្ងៃទី ៣ ខែ​មេសា ឆ្នាំ ២០១៨ លោក កូយ សៅ ចៅក្រម​ស៊ើប​សួរ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំ​ខ្លួន លោក ឡាយ វណ្ណៈ និង លោក ឡាយ ណារិទ្ធ អតីត​ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ ត្រូវ​ជា បង​ប្រុស លោក ឡាយ វណ្ណៈ។

ជន​សង្ស័យ​ឡាយ វណ្ណៈ បាន​ប្រព្រឹត្ត​អំពើ​ឃាត​កម្ម​ទៅ​លើ លោកស្រី ចេវ សុវឌ្ឍនា នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ផ្សារ​តាកោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ កាល​ពី​​ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ ២០១៨ តាម​មាត្រា ១៩៩ នៃ​ក្រម​ព្រហ្មទ​ណ្ឌ​ខណៈ​ពេល​ដែល ឈ្មោះ ម៉េន សាម៉ៃ ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ និង ឈ្មោះ ជឹម វុធ ហៅ​ថូត ភេទ​ប្រុស អាយុ ៤១ ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លាក់​បំបាំង​តម្រុយ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ផ្សារ​តាកោ សង្កាត់​រកា​ក្នុង​ក្រុង​ដូន​កែវ ខេត្ត​តាកែវ កាលពី​ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ ២០១៨ តាម​មាត្រា ៥៣២ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

លោក ជិន ម៉ា​លិ​ន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ករណី​របស់​លោក ថោង សារ៉ាត់ ស៊ី​ពេល​យូរ​ជាង​សំណុំ​រឿង​ផ្សេង​ទៀត​ដោយ​បណ្តា​អង្គ​ហេតុ និង​ដំណើរការ​នៃ​ការ​ស៊ើប​អង្កេត​មាន​ភាព​ស្មុគ​ស្មាញ ហើយ​តុលាការ​ត្រូវ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​យុត្តិធម៌​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ។

លោកបាន​ថ្លែង​ថា៖ «បើ​ភាគី​ណាមួយ​យល់​ថា​មិន​មាន​ភាព​យុត្តិធម៌ សម្រាប់​ខ្លួន តាម​គោល​ការណ៍​ច្បាប់ ខ្លួន​អាច​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​ប្តឹង​ផ្ដល់​ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​បាន»៕