ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើកសវនាការ​ជំនុំជម្រះ​រឿងក្តី​លោក​ គង់ រ៉ៃយ៉ា នា​ថ្ងៃទី​ ២០ ខែ​ធ្នូ​នេះ​ក្នុង​សំណុំរឿង​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ក្រោយពី​ត្រូវបាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​ ២៩ ខែ​វិច្ឆិកា​។

លោក ​សំ សុគង់ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក គង់ រ៉ៃយ៉ា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​សំណុំរឿង​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​នេះ​តុលាការ​នឹង​បើកសវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃទី​ ២០ ខែ​ធ្នូ ខាងមុខ​។ លោក​ថា ពេល​នោះ​លោក​នឹង​ស្នើសុំ​តុលាការ​ទម្លាក់​បទ​ចោទប្រកាន់​កូនក្តី​របស់​លោក​ចោល​។

លោក​មេធាវី ថ្លែង​ថា​កូនក្តី​លោក​ឈ្មោះ គង់ រ៉ៃយ៉ា ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​កាលពី​ថ្ងៃទី​ ២៩ វិច្ឆិកា ពាក់ព័ន្ធ​នឹង​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ហើយ​មាន​លោកស្រី ចៅក្រម អ៊ុករ៉េត គន្ធា ​បានប្រកាស​សាលក្រម​នេះ​។

លោក​ សំ សុគង់ ប្រាប់ថា ក្នុងនាម​លោក​ជា​មេធាវី​ការពារ​លោក​ គង់ រ៉ៃយ៉ា លោក​សប្បាយចិត្ត​ដែល​តុលាការ​ដោះលែង​កូនក្តី​របស់លោក​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។ ព្រោះ​លោក​ថា កូនក្តី​របស់​លោក​គ្មាន​កំហុស​ដូច​ដែល​តុលាការ​បាន​ចោទប្រកាន់​ទេ​។ ប៉ុន្តែ​តុលាការ​បាន​ដាក់លក្ខខណ្ឌ​មួយ​ចំនួន​ដល់​កូនក្តី​ដូចជា​មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស​​ កម្ពុជា មិន​ឲ្យ​ដូរ​លំនៅឋាន បង្ហាញ​ខ្លួន​នៅ​តុលាការ​នា​ថ្ងៃទី​ ២០ ធ្នូ និង​ហាម​បង្ហោះ​សារ​ទាក់ទង​នឹង​សំណុំ​រឿងក្តី​។

លោក​ សុគង់ ថ្លែងថា​៖ «​ការដែល​តុលាការ​ដាក់​លក្ខខណ្ឌ​ក្នុង​សាលក្រម​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ហ្នឹង​វា​លែង​មាន​សុពលភាព​ហើយ នៅពេល​ដែល​សាលក្រម​ក្នុង​អង្គ​សេចក្តី​សម្រេច​នៅ​ថ្ងៃទី​ ២០ ខែ​ធ្នូ​នេះ​»​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​នៅតែ​សង្ឃឹមថា តុលាការ​នឹង​ទម្លាក់​បទ​ចោទ​ដល់​កូនក្តី​ខ្ញុំ​ចោល​។ ដោយសារ​ថា ខ្ញុំ​សិក្សា​លើ​សំណុំរឿង​របស់​កូនក្តី​ខ្ញុំ និង​ភ័ស្តុតាង​មួយ​ចំនួន​មិន​បង្ហាញ​ថា​កូនក្តី​ខ្ញុំ​បាន​ប្រព្រឹត្ត​ទេ​»​។

លោក​ សំ សុគង់ បញ្ជាក់ថា បន្ទាប់ពី​មានការ​ចាប់ខ្លួន​លោក​ គង់ រ៉ៃយ៉ា ពាក់ព័ន្ធ​នឹង​ការលក់​អាវយឺត​ដែល​មាន​រូបលោក​ កែម ឡី ​នេះ​លោក​ជា​មេធាវី​បាន​ដាក់បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ ហើយ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​។ ដោយ​មិន​សុខចិត្ត​លោក​ គង់ រ៉ៃយ៉ា បាន​ពឹងពាក់​ឲ្យ​លោក​ប្តឹង​សារទុក្ខ​ទៅ​សាលាឧទ្ធរណ៍​ និង​តុលាការ​កំពូល​បន្តទៀត​។ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​ទាំង​ ២ ​ថ្នាក់​បដិសេធ​មិន​ឲ្យ​លោក គង់ រ៉ៃយ៉ា នៅក្រៅ​ឃុំ​ដដែល​។

លោក​បន្តថា បន្ទាប់ពី​ត្រូវបាន​តុលាការ​ទាំង​ ៣ ​ថ្នាក់​បដិសេធ​ជា​លើក​ទី ១ ​ហើយ​នោះ​កូនក្តី​របស់លោក​បាន​ពឹងពាក់​លោក​ឲ្យ​ដាក់ពាក្យ​ប្តឹង​សុំ​នៅក្រៅ​ឃុំ​ជា​លើក​ទី​ ២ ​ម្តង​ទៀត​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​តុលាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ១៤ វិច្ឆិកា និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២៩ វិច្ឆិកា ដោយ​សម្រេច​ដោះលែង​កូនក្តី​របស់​លោក​ឲ្យ​នៅក្រៅ​ឃុំ​។

លោក​ សុគង់ បញ្ជាក់ថា ប៉ុន្តែ​ដោយសារ​សំណុំ​រឿងក្តី​នេះ​បាន​បញ្ជូន​ដល់ដៃ​ចៅក្រម​ជំនុំជម្រះ​ហើយ​នោះ ដូច្នេះ​តុលាការ​នឹង​ធ្វើការ​ជំនុំជម្រះ​រឿងក្តី​នេះ​នៅក្នុង​អង្គសេចក្តី​ដែល​មានន័យថា តើ​ត្រូវ​ផ្តន្ទាទោស ឬ​ក៏​ត្រូវ​ទម្លាក់ចោល​បទ​ចោទប្រកាន់​នេះ​។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ អ៊ី រិន្ទ មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បានទេ​ពី​ម្សិលមិញ​។

អ្នកស្រី​ សុខ ស្រីនិច ជា​ភរិយា​របស់​លោក​ គង់ រ៉ៃយ៉ា ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា​អ្នកស្រី​ត្រេកអរ​ណាស់​នៅពេល​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ដោះលែង​ប្តី​របស់​អ្នកស្រី​បាន​នៅ​ក្រៅ​ឃុំ​បែបនេះ​។ ព្រោះ​ចាប់​តាំងពី​ប្តី​របស់​អ្នកស្រី​ជាប់ឃុំ​រយៈពេល​ជាង​ ៧ ​ខែ​មកនេះ​ធ្វើឲ្យ​ជីវភាព​គ្រួសារ​អ្នកស្រី​ជួប​ការលំបាក​ដោយសារ​ត្រូវ​រកលុយ​ចិញ្ចឹម​កូនស្រី​តូច​អាយុ​ ១ ​ឆ្នាំ​។

អ្នកស្រី​និយាយថា​៖ «​ទោះយ៉ាងណា ខ្ញុំ​សង្ឃឹម​ថា​តុលាការ​នឹង​ទម្លាក់​បទចោទប្រកាន់​លើ​ប្តី​ខ្ញុំ​នៅ​ថ្ងៃទី​ ២០ ធ្នូ ខាងមុខ ព្រោះ​ថា​គាត់​គ្មាន​កំហុស​ដែល​ត្រូវ​ចោទប្រកាន់​ទេ​»​។

លោក​ គង់ រ៉ៃយ៉ា ត្រូវបាន​សមត្ថកិច្ច​ចាប់ឃុំខ្លួន​នៅ​ថ្ងៃទី​ ១១ ខែ កក្កដា ឆ្នាំ​ ២០១៩ ដោយ​រង​ការចោទប្រកាន់​ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ពាក់ព័ន្ធ​នឹង​ការ​អំពាវនាវ​លក់​អាវយឺត​មាន​រូប និង​ទ្រឹស្តី​របស់​លោក​ កែម ឡី មុន​ថ្ងៃ​គម្រប់​ខួប​ ៣ ​ឆ្នាំ ​នៃ​ឃាតកម្ម​លើ​លោក​ កែម ឡី ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​ ១០ ខែ កក្កដា ឆ្នាំ ២០១៦៕