ភ្នំពេញៈ ​​សំណុំ​រឿង​លោក​ ​រ៉ាត់​ រ័ត្ន​មុ​នី​ ដែល​ពាក់​ព័ន្ធនឹង​ផលិត​ខ្សែ​វី​ដេ​អូ​រឿង ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» ហើយ​ដែល​ត្រូវ​សា​លាដំ​បូង​រាជ​ធានី​ភ្នំពេញ​ជំ​នុំ​ជម្រះ​ពី​ម្សិល​មិញ​ដែល​បន្តពី​ស​វ​នាកា​រ​លើក​ទី​១ នោះ​នឹង​ត្រូវ​លើក​ប្រ​កាស​សាល​ក្រម​នៅ​ថ្ងៃ​ទី ​២៦ ​ខែ ​មិថុនា​ ខាងមុខ។

អង្គ​ស​វ​នា​ការ​ដែល​មាន​ស​មាសភាព​​លោក​​ចៅ​ក្រម ​កូយ ​សៅ​ និង​មាន​តំ​ណាង​អយ្យការ​លោក ​​វង្ស ​ប៊ុន​វិសុទ្ធ ​នោះ ​អ្នក​ស្រី​ ទេព​​ សាលីន​ និង​កូន​ស្រី​ឈ្មោះ​​ លឹម ​​ស្រី​ទី​ បាន​ឆ្លើយ​ប្រាប់​ចៅ​ក្រម​ថា ​​មុន​នឹង​ពួក​គេ​ស្ម័គ្រ​ចិត្ត​ថត​វី​ដេ​អូ​​នេះ​​គឺ​​ឈ្មោះ ​​រ៉ាត់​​ រ័ត្ន​មុ​នី ​​បាន​ទៅ​ប្រាប់​ពួក​គាត់ ​(ម្តាយ​កូន​)​ ថា​ នឹង​ជួយ​ផ្ចុង​ផ្តើម​ជា​ទុន​ក្នុង​ការ​បើក​ហាង​អ៊ុត​សក់​​ និង​​បើក​កន្លែង​បោក​អ៊ុត​ដើម្បី​រក​ស៊ី​ចិញ្ចឹម​ជី​វិត​ហើយ​ការ​ថត​នេះ​គេ​មិន​ចាក់ផ្សាយ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ទេ​។​ រឿង​នេះ​គេ​យក​ទៅ​ចាក់​ផ្សាយ​នៅ​ក្រៅ​ប្រទេស​ ហើយ​បើ​បាន​ល្បី​គេ​នឹង​ជួយ​ផ្ដល់​ជា​លុយ​កាក់​ឲ្យ។​

អ្នក​ស្រី​ ទេព ​​សា​លីន ថ្លែង​​ថា​​៖​ «​គ្រួ​សារ​ខ្ញុំ​ក្រី​ក្រ​ផង​ ហើយ​ពេល​លោក​ មុ​នី​​ មក​ប្រាប់​ខ្ញុំ​ គាត់​ថា​ ចាំ​ជួយ​រក​ជំនួយ​ តែ​ពេល​ចេញ​ចំ​ណង​ជើង​ស្រាប់​តែ​ចេញ​​ជា​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​វិញ​។ ​បើ​ខ្ញុំ​ដឹង​អ៊ីចឹង​ខ្ញុំ​ និង​កូន​ស្រី​មិន​ធ្វើ​បែប​នេះ​ទេ​​។​ ទោះ​ជា​ខ្ញុំ​ក្រ​ក្តី​ក៏​ខ្ញុំ​មិន​លក់​កូន​ដែរ​ ហើយ​ខ្ញុំ​ទារ​សំណង​ ១ ​ម៉ឺន​ដុល្លារ​»។​​​

​ចំពោះ​​​ លឹម​​ ស្រី​ទី​ ដែល​ជា​កូន​វិញ​ បាន​ប្រាប់​ចៅ​ក្រម​ដែរ​ថា​ មូល​ហេតុ​ដែល​នាង​ស្ម័គ្រចិត្ត​ថត​វី​ដេ​អូ​នោះ​ ក៏​ព្រោះ​តែ​យល់​ថា​​ លោក ​​រ៉ាត់ ​​រ័ត្ន​​មុ​នី​​ ប្រាប់​នាង​ថា​ ការ​ផលិត​ខ្សែ​វី​ដេអូ​​នេះ​ គ្រាន់​តែ​និ​យាយ​ពី​ជីវ​ភាព​គ្រួ​សារ​ក្រីក្រ​នៅ​កម្ពជា​ប៉ុណ្ណោះ​​ ហើយ​នៅ​ក្នុង​ខ្សែ​វី​ដេ​អូ​ដែល​នាង​និ​យាយ​ថា​ ធ្លាប់​លក់​ខ្លួន​អី​នោះ​​ គឺ​​គ្រាន់​តែ​ជា​ការ​សម្តែង​​ មិន​មែន​ជា​ការ​ពិត​នោះ​ទេ​។​ ចំពោះ​ដែល​នាង​និ​យាយ​បាន​រលូន​ក្នុង​វី​ដេ​អូ​នោះ​ទៀត​សោត​គឺ​ លោក​​ មុនី ​​មិន​បាន​បង្គាប់​ឲ្យ​នាង​និ​យាយ​ទេ​ តែ​គាត់​គ្រាន់​តែ​ប្រាប់​ឲ្យ​នាង​និយាយ​យ៉ាងណា​ឲ្យ​ចំ​សាច់​រឿង។​

​ស្រី​ទី ​បានថ្លែង​​​ថា​៖​ «​គាត់​មិន​បាន​ប្រាប់​ខ្ញុំ​មុន​ទេ​​តែ​ខ្ញុំ​និ​យាយ​តាម​សំ​ណួរ​ដែល​គាត់​សួរ​ខ្ញុំ​។ ​​តាម​ពិត​ខ្ញុំ​មិន​ដែល​លក់​ខ្លួន​ទេ​ទោះ​ជា​ខ្ញុំ​ក្រ​ក៏​ដោយ​ ហើយ​ពេល​បែក​ធ្លាយ​រឿង​នេះ​ប៉ូ​លិស​រក​ចាប់​ម្តាយ​ខ្ញុំ​ផង ​ព្រោះ​គេ​ថា​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​​ ហើយ​ខ្ញុំ​ទារ​សំណង ​១​ ម៉ឺន​ដុល្លារ​​ និង​សុំ​ឲ្យ​តុលាការ​សម្រេច​តាម​ច្បាប់»។​

​​ដោយ​ឡែក​ លោក ​នាក់​ សុទ្ធា ​ជា​នាយក​សា​លា​ឥន្ទ្រទេ​វី​ដែល​ជា​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេ​ណី​ដែរ​នោះ​ បាន​ឆ្លើយ​ក្នុង​ស​វ​នា​ការ​ពី​ម្សិល​មិញ​ដែរ​ថា​​ លោក ​​រ៉ាត់​​ រ័ត្ន​មុ​នី​ បាន​យក​លិ​ខិត​ក្រសួង​ព័ត៌មាន​ទៅ​បង្ហាញ​គាត់​សុំ​ថត​វី​ដេអូ​ ក្នុង​សា​លា​ហើយ​យក​កូន​សិស្ស​របស់​លោក​ម្នាក់​ឈ្មោះ អៀង​​ ស្រី​ម៉ុ​ច ​​ឲ្យ​ថត​វី​ដេ​អូ​​នោះ​ផង​ ហើយ​ប្រាប់​លោក​ថា ​វី​ដេ​អូ​នោះ​មាន​ចំ​ណង​ជើង​ថា​ ការ​អភិ​វឌ្ឍ​របស់​ប្រ​ទេស​ កម្ពុជា​ ក្រោយ​របប​ខ្មែរ​ក្រ​ហម​។​ ក្នុង​ន័យ​នេះ​ហើយ​ទើប​លោក​អនុញ្ញាត​ឲ្យ​ថត។​

លោកស្រី ឡុង គីមហ៊ាង (អាវក្រហម) ភរិយាលោក រ័ត្នមុនី​ តវ៉ា​មុខ​ស្ថាន​ទូត​រុស្ស៊ីកន្លង​មក។ ហុង មិនា

លោក​ សុទ្ធា ​ថ្លែង​ថា​៖​ «​ពេល​មាន​ការ​ផ្សព្វ​ផ្សាយ​ជា​រឿង​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​នោះ ​ខ្ញុំ​សោក​ស្តាយ​និង​ធ្វើ​ឲ្យ​សា​លា​ខ្ញុំ​អាប់​កិត្តិ​យស​។​ ប៉ុន្តែ​ខ្ញុំ​មិន​ទារ​សំ​ណង​ពី​គាត់​ទេ​ ខ្ញុំ​សុំ​ឲ្យ​គាត់​ឈប់​ប្រព្រឹត្ត​បែប​នេះ​ទៀត»។​

លោក ​​ឡោ ជុន​​ធី ​និង​លោក ​សំ​ ទិត​សី​ហា​ ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក​ រ៉ាត់ ​រ័ត្នមុនី​ បាន​សន្និ​ដ្ឋាន​ថា ​​កូន​ក្តី​របស់​លោក​កាល​ពី​ថត​វីដេអូ​នោះ​​មិន​បាន​បង្គាប់​ឲ្យ​​ជន​រង​គ្រោះ​និ​យាយ​ពី​ការ​លក់​ខ្លួន​ទេ​​ហើយ​ដំ​ណើ​ររឿង​សុទ្ធ​តែ​ជនរង​គ្រោះ​ឆ្លើយ​ដោយ​ស្ម័គ្រ​ចិត្ត​។ ​ម៉្យាង​ក្រុម​ការ​ងា​រ​ថត​វី​ដេ​អូ​របស់​រុស្ស៊ី​នោះ​ក៏បាន​ស​រ​សេ​រ​លិ​ខិត​ទៅ​ស្ថាន​ទូត​កម្ពុជា​ប្រ​ចាំ​ប្រ​ទេស​រុស្ស៊ី​ដែរ​ថា​ លោក​រ៉ាត់​រ័ត្ន​មុ​នី​ គ្រាន់​តែ​ជា​អ្នក​បកប្រែ​ប៉ុណ្ណោះ។​​

លោក​មេធា​វី​ ឡោ ជុន​ធី​ ថ្លែង​ថា​៖ «​ដូច្នេះ​ខ្ញុំ​សូម​ឲ្យ​តុ​លា​ការ​លុប​ចោល​បទ​ចោទ​មាត្រា​ ៤​៩​៦ ​នៃ​ក្រម​ព្រ​ហ្មទ​ណ្ឌ​ និ​ង​សុំ​ឲ្យ​កូន​ក្តី​ខ្ញុំ​រួច​ពី​បទ​ចោទ»។

​លោក ​​​វង្ស​​ ប៊ុន​វិ​សុទ្ធ​ តំណាង​អយ្យការ​បាន​សន្និ​ដ្ឋា​ន​ថា ​យោងតាម​​ការ​ឆ្លើយ​បំ​ភ្លឺ​របស់​ជន​រង​គ្រោះ​ទាំង​ ៥ ​នាក់​​និង​​យោង​តាម​ភ័ស្តុតាង​ និងកំ​ណត់​ហេតុ​របស់​សមត្ថ​កិច្ច​បង្ហាញ​ថា​ លោក ​រ៉ាត់​ រ័ត្ន​មុ​នី​ ពិត​ជា​បាន​ចូល​រួម​ក្នុង​សកម្ម​ភាព​ផលិត​ខ្សែ​វី​ដេ​អូ​នោះ​មែន​ដោយ​គាត់​មិន​ត្រឹម​ជា​អ្នក​បក​ប្រែ​ទេ​តែ​ថែម​ទាំង​ជា​ផលិតករ​ផង។​

លោក ​ប៊ុន​វិសុទ្ធ​ ថ្លែង​ថា​៖​ «​ខ្សែវី​ដេ​អូ​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិ​យស​ប្រ​ទេស​ក​ម្ពុជា​ដូច្នេះ​ខ្ញុំ​សុំ​តម្កល់​បទ​ចោទ​របស់​លោក​ចៅ​ក្រម​ស៊ើបសួរ»។

ទាក់​ទង​នឹង​ករណី​នេះ​ដែរ​ កាល​ពី​ដើម​សប្តាហ៍​នេះ​ ស្ថាប័ន​សារ​ព័ត៌​មាន​របស់​រដ្ឋាភិ​បាល​រុស្ស៊ី ​R​ussia Today (RT) ​ដែល​ជា​ម្ចាស់​ផលិត​កម្ម​ខ្សែ​ភាព​យន្ត ​«ម្តាយ​ខ្ញុំ​ លក់​ខ្ញុំ ​(My Mother Sold Me) »​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ស្ថាន​ទូត​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ ប្រចាំ​​នៅ​ទីក្រុង​ម៉ូស្គូ ​ដោយ​បង្ហាញ​ក្តី​បារម្ភ​ និង​អះអាង​ថា​ ខ្សែ​ភាព​យន្ត​នេះ​ គ្មាន​ជាប់​ពាក់​ព័ន្ធ​នឹង​លោក​ ​រ៉ាត់​ ​រ័ត្នមុនី​ ​នោះ​ទេ។​

​ប្រធាន​នាយក​ដ្ឋាន​ឯក​សារ​ភាព​យន្ត ​RT ឈ្មោះ ​Ekaterina Yakovleva​ បាន​លើក​ឡើង​ក្នុង​លិខិត​នោះ​ថា​ ​លោក​ មុនី​ គ្រាន់​តែ​ជា​អ្នក​បក​ប្រែ និ​ង​ជា​អ្នក​សម្រប​សម្រួល​ក្នុង​ខ្សែ​ភាព​យន្ត​នេះ ក្នុង​អំឡុង​ពេល​ ពី​ថ្ងៃទី ២២​ ខែ​ មករា ​រហូត​ទៅ​ដល់​ថ្ងៃ​ទី ៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៨ តែ​ប៉ុណ្ណោះ។ ​ក្រុម​ការ​ងារ​របស់ ​RT បាន​ចាប់​ផ្តើម​ដំណើរការ​ផលិត​រឿង​នេះ តាំ​ង​ពី​ឆ្នាំ ២០១៧​ តាម​រយៈ​ការ​ដាក់​សំណើ​សុំថត​ទៅក្រ​សួ​ងព័​ត៌​​មាន​ ហើយ​ក្រសួង​ក៏​បាន​អនុញ្ញ​ត​ផង​ដែរ​។​​ Yakovleva​ ​បន្ត​ថា ​ជា​មួយ​គ្នា​នេះ ​ក្រុម​ការងារ​ទូរទស្សន៍ ​RT ​ក៏​បាន​ទទួល​ការ អនុ​ញ្ញាត​តាម​រយៈ​កា​រ​ចុះ​កិច្ច​ព្រម​ព្រៀង​របស់​ក្រុមតួ​ឯក​ស្រ្តី​ម្នាក់​ ក្នុង​ចំណោម​តួនី​មួយ​ៗ ដើម្បី​បង្ហាញ​ខ្លួន​របស់​ពួក​គេ​ក្នុង​ភាពយន្ត​នេះ​ផងដែរ។​

លិខិត​នេះ​បញ្ជាក់​ថា៖​ ​«យើង​ខ្ញុំ​ពិត​ជា​មាន​កង្វល់​យ៉ាង​ខ្លាំង​ ចំពោះ​ការឃុំ​ខ្លួន​លោក រ៉ាត់​ រ័ត្ន​មុនី​ ហើយ​​យើង​ខ្ញុំ​ក៏​សង្ឃឹម​ថា បញ្ហា​នេះ​នឹង​ត្រូវ​បាន​ដោះស្រាយ​នា​ពេល​ឆាប់ៗ​ដ៏ខ្លី​ខាង​មុខនេះ»៕​