ព្រៃវែងៈ សាលាដំបូង​ខេត្តព្រៃវែង​នឹង​ប្រកាស​សាលក្រម​លើ​ជនជាប់ចោទ​ម្នាក់​នៅ​ចុងខែ​នេះ បន្ទាប់ពី​បាន​បើក​សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ៨ ខែកញ្ញា​ លើ​សំណុំរឿង​ចាប់​ស្ត្រី​ម្នាក់​រំលោភ​នៅក្នុង​ឃុំ​ច្រេស ស្រុក​មេសាង កាលពី​ខែមេសា​។

លោក​ ចាន់ វណ្ណៈ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តព្រៃវែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា សំណុំ​រឿងនេះ​មាន​ជន​ជាប់ចោទ​ឈ្មោះ ខុន រិត អាយុ​ ២៩ ​ឆ្នាំ ជា​អ្នកបើករថយន្ត​ឈ្នួល​ពាក់ព័ន្ធ​ចាប់រំលោភ​ស្ត្រី​ម្នាក់​ជា​អ្នកជិះរថយន្ត​ប្រព្រឹត្ត​កាលពី​កាល​ថ្ងៃទី​ ២៥ ខែ​ មេសា ឆ្នាំ​ ២០២០ ក្នុង​ឃុំ​ច្រេស ស្រុក​មេសាង ខេត្ត​ព្រៃវែង​។

លោក វណ្ណៈ បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​នៅ​ថ្ងៃទី​ ៨ ​កញ្ញា​ សំណុំ​រឿងនេះ​បាន​ជំនុំជម្រះ​មែន​ហើយ​»​។

ទោះយ៉ាងណា​បើ​តាម​លោកនាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ច្រេស រំឭក​ប្រាប់​កាលពី​ម្សិលមិញ​ថា​នៅ​យប់​ថ្ងៃទី​ ២៥ ខែ ​មេសា ឆ្នាំ​ ២០២០ ​ស្ត្រី​រងគ្រោះ​ឈ្មោះ​មាន​អាយុ​ ៣៣ ​ឆ្នាំ ​រស់នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​បាន​ជិះ​រថយន្ត​របស់​ជនជាប់ចោទ​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តព្រៃវែង​។

លុះដល់​ចំណុច​កើតហេតុ​ឃុំ​ច្រេស ស្រុក​មេសាង ខណៈ​ដាក់​ម៉ូយ​ពី​ក្នុង​រថយន្ត​អស់​ហើយ​នោះ ជនសង្ស័យ​បាន​ចាប់​ស្ត្រី​រងគ្រោះ​រំលោភ​សេពសន្ថវៈ​រហូត​បានសម្រេច​នៅលើ​រថយន្ត​របស់​ខ្លួន​។ បន្ទាប់​មក​ជនជាប់ចោទ​បាន​ដាក់​ស្ត្រី​រងគ្រោះ​ចោល រីឯ​ជនជាប់ចោទ​បាន​បើក​រថយន្ត​គេចខ្លួនបាត់​។

លោក​បន្តថា ករណី​នេះ​នគរបាល​ប៉ុស្តិ៍​បាន​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​រងគ្រោះ​។ ស្ត្រី​រងគ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​របស់​លោក​នៅ​ថ្ងៃទី​ ២៦ មេសា ឆ្នាំ​ ២០២០​។ បើតាម​បណ្តឹង​នោះបាន​រៀបរាប់​ឲ្យ​ដឹងថា គាត់​បាន​ហៅ​រថយន្ត​របស់​បុរស​ឈ្មោះ​ ខុន រិត ម៉ាក​សាំងយ៉ុង ពណ៌​សម្បក​ឪឡឹក​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AR-5640 ជិះ ប៉ុន្តែ​មិន​ទាន់​ដល់​គោលដៅ​ផង​ក៏​យប់​ងងឹត​រីឯ​អ្នកជិះ​ក្នុង​រថយន្ត​ក៏​ចុះ​អស់​ទៀត​។ ពេលនោះ​អ្នកបើក​រថយន្ត​នោះបាន​ចាប់​ស្ត្រី​រងគ្រោះ​រំលោភ​បាន​សម្រេច​តែម្តង​។ ​

ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម​សមត្ថកិច្ច​បាន​រាយការណ៍​ទៅ​លោក​អធិការនគរបាល​ស្រុក​មេសាង ហើយ​លោក​អធិការ​បាន​បញ្ជា​ឲ្យ​ប្រតិបត្តិការ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​បាន​ដែល​ជន​ម្នាក់នេះ​រស់នៅ​ភូមិ​បឹង ឃុំ​ច្រេស ស្រុក​មេសាង ខេត្ត​ព្រៃវែង​នាំយកមក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ច្រេស​។ ក្រោយ​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់​ស្ត្រី​រងគ្រោះ​រំលោភ​ពិតមែន​ហើយ​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​៕