ភ្នំពេញៈ ការជុំនំជម្រះ​ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​ពាក់ព័ន្ធ​រឿង «​ចារកម្ម​» បាន​បញ្ចប់​ហើយ​កាលពី​ម្សិលមិញ​ដោយ​ត្រូវ​រង់ចាំ​ការប្រកាស​សាលក្រម​នៅ​ថ្ងៃ​សុក្រ​នេះ​។

លោក James Ricketson ត្រូវ​បាន​ឃុំខ្លួន​អស់​រយៈពេល​ ៤៥៤ ​ថ្ងៃ​មក​ហើយ​បន្ទាប់ពី​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​មិថុនា ឆ្នាំ​ ២០១៨​។ គាត់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រមូល​ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការការពារ​ជាតិ​របស់​កម្ពុជា​ដោយ​យោង​តាម​មាត្រា​ ៤៤៦ ​នៃ​ក្រម​ព្រហ្មទណ្ឌ​។

លោក​ សៀង សុខ ព្រះរាជអាជ្ញា​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​កាលពី​ម្សិលមិញ​ថា លោក Ricketson បាន​ប្រមូល​ព័ត៌មាន​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការការពារ​ជាតិ​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ​ ១៩៩៥ ​មក​។

លោក​ សៀង សុខ ថ្លែង​ថា​៖ «​ចាប់​តាំងពី​ឆ្នាំ​ ១៩៩៥ ​មក​គាត់​បាន​ចូល​មក​ប្រទេស​កម្ពុជា​ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​ស្ថានភាព​សង្គម សន្តិសុខ និង​ផ្តល់​ទៅ​ឱ្យ​ជនបរទេស​ម្តង​ហើយ​ម្តង​ទៀត​»​។

លោក​ សៀង សុខ បញ្ជាក់​ថា​លោក Ricketson បាន​ប្រើប្រាស់​ទិដ្ឋាការ​ទេសចរណ៍​ និង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រួមមាន​ទាំង​លោក​ សម រង្ស៊ី លោក​ កឹម សុខា លោក​ យឹម សុវណ្ណ លោកស្រី​ ជូឡុង សូមូរ៉ា និង​ស្រី​ មូរ សុខហួ ជាដើម​។

លោក​ សៀង សុខ បន្ត​ថា​៖ «​ដើម្បី​បិទបាំង​សកម្មភាព​ចារកម្ម​របស់​គាត់ ជនជាប់ចោទ​បាន​បង្ហាញ​ខ្លួន​ថា​ជា​បុគ្គលិក​មនុស្សធម៌​ ប៉ុន្តែ​សកម្មភាព​នេះ​គឺ​ដើម្បី​ប្រមូល​ព័ត៌មាន​ដោយ​ខុសច្បាប់​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​រដ្ឋ​»​។ «​ជន​ជាប់ចោទ​បាន​ញុះញង់​ឱ្យ​ប្រទេស​ក្រៅ​ស្អប់​កម្ពុជា​ជាពិសេស​ស្អប់​សម្តេច​តេជោ​ដែល​ជា​មេដឹកនាំ​កំពូល​របស់​ប្រទេស​កម្ពុជា​»​។

លោក​ សៀង សុខ ថ្លែង​ថា​លោក Ricketson បាន​ផលិត​ខ្សែ​វីដេអូ​ចំនួន​ ៥ ​ស្តី​អំពី​ប្រទេស​កម្ពុជា​ដោយ​មាន​បំណង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ស្អប់​រដ្ឋាភិបាល​កម្ពុជា និង​ផ្លាស់ប្តូរ​អ្នកដឹកនាំ​ប្រទេស​។

ព្រះរាជអាជ្ញា​បាន​ស្នើ​ថា​៖ «​សកម្មភាព​របស់​ជន​ជាប់ចោទ​ទាំង​នោះ​គឺ​បាន​រំលោភ​លើ​មាត្រា​ ៤៣៩ និង​មាត្រា​ ៤៤៦ ​នៃ​ក្រមព្រហ្មទណ្ឌ​។ ខ្ញុំ​ចង់​ឱ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ផ្តន្ទាទោស​ជន​ជាប់ចោទ​តាម​ផ្លូវ​ច្បាប់​»​។

លោក​ គង់ សំអុន មេធាវី​ការពារ​ក្តី​របស់​លោក Ricketson បាន​និយាយ​ថា លោក Ricketson ត្រូវ​បាន​ចោទប្រកាន់​អំពី​បទល្មើស​ដែល​គាត់​មិន​ប្រព្រឹត្ត​ពីព្រោះ​ក្រម​ព្រហ្មទណ្ឌ​នេះ​ទើប​តែ​មាន​កាលពី​ឆ្នាំ​ ២០១០ ​ប៉ុណ្ណោះ​។

លោក​បាន​និយាយ​ថា​​ ច្បាប់​មិន​អាច​ធាក់​ថយ​ក្រោយ​ទេ​។

មេធាវី​រូប​នេះ​បាន​ថ្លែង​ថា ប្រសិន​បើ​លោក Ricketson នៅ​សមរភូមិ​ប្រយុទ្ធ ហើយ​គាត់​បាន​ប្រមូល​ព័ត៌មាន​ដោយ​សម្ងាត់​អំពី​កម្ពុជា នោះ​វា​ស័ក្តិសម​ឲ្យ​គាត់​ទទួល​ខុសត្រូវ​ចំពោះ​បទចោទ​ប្រកាន់​នេះ​។

លោក សំអុន បាន​សួរ​ថា​គាត់​សរសេរ​អត្ថបទ​ផលិតភាព​យន្ត ហើយ​បង្ហាញ​ទៅ​សាធារណជន តើ​អំពើ​ចារកម្ម​គឺជា​ការធ្វើ​ដូចនេះ​ឬ​?

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​ឲ្យ​ចៅក្រម​អនុញ្ញាត​ឲ្យ​កូនក្តី​របស់​ខ្ញុំ​រួច​ផុត​ពី​បទ​ចោទប្រកាន់​តាម​មាត្រា​ ៤៤៦ ហើយ​ឲ្យ​គាត់​មាន​សេរីភាព ហើយ​ប្រគល់​របស់របរ​របស់​គាត់​ទៅ​គាត់​វិញ​»​។

ជា​ពាក្យ​ចុងក្រោយ​របស់​លោក Ricketson បាន​ចំណាយ​ពេល​ប្រហែល​ ៣០ ​នាទី​ពន្យល់​អំពី​ករណី​របស់​លោក​។

លោក​បាន​សុំទោស​អំពី​ពាក្យ​សម្តី​អាក្រក់​របស់​លោក​អំពី​កម្ពុជា​នៅក្នុង​អ៊ីមែល​ដែល​លោក​បាន​សរសេរ​ទៅ​អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​។

លោក​បាន​ថ្លែង​ថា​៖ «​ជា​ការបញ្ចប់ ខ្ញុំ​មិន​គិត​ថា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​បទល្មើស​នោះ​ទេ លើកលែង​តែ​វិជ្ជាជីវៈ​អ្នកកាសែត​ជា​បទល្មើស​»​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​យុត្តិធម៌​ដោយ​ផ្អែក​​ទៅលើ​ការពិត ភ័ស្តុតាង និង​សេចក្តី​ពិត​។ សេចក្តី​ពិត​នឹង​ផ្តល់​យុត្តិធម៌​ដល់​អ្នក​» ហើយ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចៅក្រម​។ ប្រធាន​ចៅក្រម​លោក សេង លាង បាន​ថ្លែង​ថា សាលក្រម​នឹង​ចេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ (៣១ ខែសីហា វេលា​ម៉ោង​ ៨:៣០)៕ NS&PS