កំពតៈ តុលាការ​ខេត្តកំពត​គ្រោង​នឹង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​បាក់​អគារ​កម្ពស់​ ៧ ​ជាន់​ កាលពី​ដើមឆ្នាំ​ ២០២០ នៅក្នុង​ខេត្ត​កែប​ នៅ​ថ្ងៃទី​ ១៣ ខែ មករា ឆ្នាំ ២០២១ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ ៣៦ ​នាក់​ស្លាប់​នៅក្រោម​គំនរ​បាក់បែក​។

លោក គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ទី​ ១០ ខែមករា​ថា ចំណាត់ការ​របស់​តុលាការ​លើ​ករណី​សំណុំរឿង​បាក់អគារនៅក្នុងខេត្តកែប​មួយ​នេះ​បានអូសបន្លាយ​យូរ ដោយសារ​ភាពស្មុគស្មាញ​នៃ​សំណុំរឿង និង​មាន​ជនរងគ្រោះ​ច្រើន​គ្នា​។

លោក​ គី តិច ថ្លែងថា​៖ «​ករណីនេះ​ត្រូវ​បាន​តុលាការ​បាន​ធ្វើ​សវនាការ​រួចហើយ និង​គ្រោង​ប្រកាស​នៅ​ថ្ងៃទី​ ១៣-១-២១​។ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេចតេជោ បាន​បំពេញ​ភារកិច្ច​ការពារ​ជូន​ជនរងគ្រោះ​តាមផ្លូវ​ច្បាប់ ឯ​លទ្ធផល​យ៉ាងណា វា​អាស្រ័យ​លើ​ការវិនិច្ឆ័យ​ដោយ​ចៅក្រម​»​។

លោក គី តិច បានឱ្យ​ដឹងថា ក្រោយ​ការសម្រេច​របស់​សាលាដំបូង​ខេត្ត បើ​ភាគី​ណាមួយ​គិតថា​មិន​ទទួលបាន​យុត្តិធម៌​អាច​ប្តឹងតវ៉ា​ទៅ​សាលាឧទ្ធរណ៍​។ ចំពោះ​កិច្ចការ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការជួយសង្គ្រោះ​ជួយ​ជា​ថវិកា​ឧបត្ថម្ភ និង​ជួយ​ទាំង​មេធាវី ដើម្បី​ជួយ​ការពារ និង​ជួយ​ទាមទារ​សំណង​ផ្នែក​រដ្ឋប្បវេណី​ជូន​ជនរងគ្រោះ​។

លោក យ៉ាន់ ទី អគ្គលេខាធិការ​នៃ​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ​ (BWTUC) បានឱ្យដឹងថា សមាជិក​របស់​សហព័ន្ធ​បាន​បើក​យុទ្ធនាការ​ទាមទារ​យុត្តិធម៌​ជូន​ដល់​គ្រួសារ​ជនរងគ្រោះ​ក្រោយ​ឧប្បត្តិ​ហេតុនេះ​។

លោក​ថ្លែងថា​៖ «​យើង​ទាមទារ​រក​យុត្តិធម៌ ដល់​ជនរងគ្រោះ​កុំឱ្យ​មានការ​ភាន់ច្រឡំ​ថា សំណង​ដែល​សាច់ញាតិ​ទទួលបាន​កន្លងមកនេះ វា​យុត្តិធម៌​នោះ គឺ​មិនមែន​នោះ​​ទេ ព្រោះ​វា​ជា​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ប៉ុណ្ណោះ​»​។

លោក យ៉ាន់ ទី អះអាង​ថា សម្រាប់​សំណង​រដ្ឋប្បវេណី​ពី​ភាគី​ខាង​ក្រុមហ៊ុន គឺ​មិនទាន់បាន​ចម្លើយ​នោះទេ ហើយ​ដំណើរ​នៅ​ប្រព័ន្ធតុលាការ​មិនទាន់​បើក​សវនាការ​ឱ្យ​ច្បាស់​ថា អ្នកណា​ទទួលខុសត្រូវ​កម្រិតណា ចំពោះ​កម្មករ​ដែល​បាន​បាត់បង់​ជីវិត​។

កម្មករ​សំណង់​ចំនួន ៣៦ ​នាក់​បាន​ស្លាប់​ក្រោម​គំនរ​បាក់បែក​នៃ​អគារ​ក្នុង​ក្រុងកែប ខេត្ត​កែប​កាលពី​ថ្ងៃទី​ ៣ ខែ មករា ឆ្នាំ ២០២០ មូលហេតុ​នៃ​ការបាក់​អគារ​នេះ​បង្ក​ឡើង​ដោយ​កំហុស​បច្ចេកទេស​រួមមាន​ការប្រើប្រាស់​ដែក​សាង​សង់​មិន​ត្រឹមត្រូវ និង​ការដក​ពុម្ព​ប្លង់សេ​មុន​កាលកំណត់​។ ម្ចាស់​សំណង់​ដែលមាន​ឈ្មោះ ឯក សារុន និង​ភរិយា​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ ប៉ុន្តែ​ត្រូវបាន​ដោះលែង​វិញ បន្ទាប់ពី​តម្កល់​ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​៕