The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​នឹង​ប្រកាស​សាលក្រម​ ​សំណុំ​រឿង​អតីត​បុគ្គលិក​អាស៊ីសេរី​ចុង​ខែ​សីហា

តុលាការ​នឹង​ប្រកាស​សាលក្រម​ ​សំណុំ​រឿង​អតីត​បុគ្គលិក​អាស៊ីសេរី​ចុង​ខែ​សីហា

Content image - Phnom Penh Post
លោក យាង សុជា​មេត្តា និង​លោក អ៊ួន​ ឈិន​។ ហេង ជីវ័ន

តុលាការ​នឹង​ប្រកាស​សាលក្រម​ ​សំណុំ​រឿង​អតីត​បុគ្គលិក​អាស៊ីសេរី​ចុង​ខែ​សីហា

ភ្នំពេញៈ ​បើ​ទោះបី​ជា​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​ក៏​ដោយ​ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ​២ នាក់ ​នៅ​តែ​បន្ត​ទទូច​សុំ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ ​​ពាក់ព័ន្ធ​​ករណី​ រឿង​ផ្តល់​ព័ត៌មាន​ឲ្យ​​បរទេស​ និង​ការ​ផលិត​ភាពយន្ត​អាសអាភាស ខណៈ​អង្គ​ជំនុំ​ជម្រះ​នឹង​ប្រកាស​សេចក្ដី​សម្រេច​​​នៅ​​ថ្ងៃទី ​៣០​ ខែ ​សីហា ​នេះ​​។

កាល​ពី​ថ្ងៃ ​សុក្រ ទី ​៩​ សីហា ​សប្តាហ៍​កន្លង​មក​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​​បាន​បើក​អង្គ​​ជំនុំ​ជម្រះ​រឿង​ក្តី​របស់​លោក ​​យាង ​សុជាមេត្តា​ ហៅ​ យាង​ សុធារិន្ទ​ ​និង​លោក​​ អ៊ួន​ ឈិន​ អតីត​​បុគ្គលិក​វិទ្យុ​​អាស៊ីសេរី លើ​សំណុំ​រឿង​សុំ​ទម្លាក់​បទ​ចោទ​ ប៉ុន្តែ​អង្គ​ជំនុំ​ជម្រះ​មិន​បាន​សម្រេច​សេចក្ដី​ភ្លាមៗ​នោះ​ទេ​។​

លោក​ យាង ​សុជាមេត្តា ​ថ្លែង​ថា​៖​ ​«​ពួក​ខ្ញុំ​យល់​ថា​ ប្រសិន​ជា​តុលាការ​ផ្អែក​​លើ​យុត្តិធម៌​​ត្រឹមត្រូវ​នោះ​គឺ​ពួក​ខ្ញុំ​ទាំង ​២ ​នាក់ ​សង្ឃឹម​ថា​នឹង​ទទួល​បាន​យុត្តិធម៌​។​ ដោយ​ផ្អែក​ទៅ​លើ​អង្គ​ហេតុ​អង្គ​ច្បាប់​កន្លង​ទៅ​ពួក​ខ្ញុំ​សង្ឃឹម​ថា​ចៅ​ក្រម​ជំនុំ​ជម្រះ​នឹង​ផ្អែក​​លើ​​គោលការណ៍​យុត្តិធម៌​»​។​

ការ​ជំនុំ​ជម្រះ​នេះ ​គឺ​បន្ត​ពី​ការ​ជំនុំ​ជម្រះ​កាល​ពី​ខែ​កក្កដា ​ដែល​មាន​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​​ពួក​គេ​ទាំង ​២ ​នាក់ ​គឺ​មាន​លោក​មេធាវី ​​សំ ចំរើន ​និង​លោក​មេធាវី​​ គង់​ ពិសី។​

លោក​ សុជាមេត្តា​ ថ្លែង​​ថា​៖ ​«​នៅ​​ក្នុង​អង្គ​សវនាការ​ជំនុំ​​ជម្រះ​​កាល​ពី​ថ្ងៃទី ​៩ ​សីហា ​នោះ​​ពួក​ខ្ញុំ​សុំ​ឲ្យ​តុលាការ​ ​ទម្លាក់​​បទ​ចោទ​​ប្រកាន់​មក​លើ​ពួក​ខ្ញុំ​​ ពី​ព្រោះ​ថា​ រឿង​នេះ​​ពួក​ខ្ញុំ​មិន​បាន​​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ​​»​។

លោក​បន្ត​ថា ​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​នោះ​ដែរ​មាន​លោក​ សេង ​ហៀង​ ជា​តំណាង​អយ្យការ​បាន​សន្និដ្ឋាន​​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​របស់​ពួក​លោក​គឺ​មាន ​៣ ​ករណី។ ​

ទី១ ​​ទាក់ទង​នឹង​ការ​ជួល​​ស្ទូឌីយោ​ដែល​លោក ​អ៊ួន ​​ឈិន​ ជួល​នៅ​ជាន់​ទី​៧ ​នៃ​សណ្ឋាគារ​ ម៉ារ៉ាឌី​ ​ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ ដែល​ជា​ភាព​​ងាយ​ស្រួល​សម្រាប់​ក្នុង​ការ​បញ្ជូន​ព័ត៌មាន​ទៅ​​បរទេស ​​និង​សម្រាប់​ការ​ផ្សាយ​ផ្សេងៗ​។​

ករណី​ទី​២​ តំណាង​អយ្យការ​សន្និដ្ឋាន​ថា​ លោក ​អ៊ួន ​ឈិន ​នៅ​ពេល​ដែល​បង្កើត​ស្ទូឌីយោ​ហ្នឹង​ ​គឺ​មិន​បាន​សុំ​ច្បាប់​អាជ្ញាធរ​មូលដ្ឋាន​ទេ​ ដែល​អាច​មាន​ចេតនា​ទុច្ចរិត​ហើយ​បាន​ជា​មិន​សុំ​ច្បាប់​អាជ្ញាធរ​។​ ​

ទី៣ ​​គឺ​ពួក​លោក​នៅ​តែ​ផលិត​ព័ត៌មាន​ហើយ​បញ្ជូន​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ បើ​ទោះបី​ជា​ក្រោយ​ពី​អាស៊ីសេរី​បាន​បិទ​ទ្វារ​ការិយាល័យ​​របស់​​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​បាន​មួយ​សប្តាហ៍​​ក្តី​​​ គឺ​​ពួក​លោក​នៅ​តែ​បាន​ផ្តល់​ព័ត៌មាន​​ទៅ​ឲ្យ​វិទ្យុ​អាស៊ីសេរី​ទៀត​។ នៅ​ក្នុង​អង្គ​ជំនុំ​​ជម្រះ​ តំណាង​អយ្យការ​ចោទ​សួរ​​ថា ​ហេតុ​អី​បាន​ជា​​ពួក​លោក​ នៅ​តែ​បញ្ជូន​​ព័ត៌មាន​ទៅ​ទៀត​បើ​វិទ្យុ​អាស៊ីសេរី​ត្រូវ​បាន​បិទ​ហើយ​នោះ​ ​ដោយ​ផ្អែក​លើ​ចំណុច​ទាំង​អស់​ហ្នឹង​ហើយ​ទើប​តំណាង​អយ្យការ​ស្នើសុំ​ទៅ​ចៅ​ក្រម​ប្រឹក្សា​ជំនុំ​ជម្រះ​ ឲ្យ​​រក្សា​ទុក​បទ​​ចោទ​ប្រកាន់​ដដែល​ ​ទៅ​​លើ​​ពួក​គេ​​ទាំង ​២ ​នាក់​​។

លោក​មេធាវី ​​សំ ​ចំរើន​ បាន​ថ្លែង​កាល​ពី​ថ្ងៃទី ​៩ ​សីហា​ នៅ​ក្នុង​អង្គសវនាការ ​នោះ​ លោក​បាន​សន្និដ្ឋាន​​ ថា​ តុលាការ​បាន​​ចោទ​​កូន​ក្តី​របស់​លោក​ពី​បទ​បញ្ជូន​​ព័ត៌មាន​ទៅ​រដ្ឋ​​បរទេស​​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ​ ហើយ​ខាង​តំណាង​អយ្យការ​ក៏​មិន​បាន​លើក​ពាក្យ​គន្លឹះ​នៅ​ក្នុង​​បទល្មើស​​ដែល​ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​លើ​កូន​ក្ដី​​របស់​លោក​ដែរ​។​

លោក​មេធាវី​ សំ​​ ចំរើន បាន​ថ្លែង​ថា៖ «ខាង​តំណាង​អយ្យការ ​មិន​ដែល​បាន​បង្ហាញ​ឲ្យ​បាន​ច្បាស់លាស់​ ថា​តើ​ព័ត៌មាន​ណា​ខ្លះ​ដែល​បញ្ជូន​​ទៅ​​នោះ​ហើយ​​មាន​ខ្លឹមសារ​បែប​ណា​ និង​ជា​ព័ត៌មាន​អ្វី​ដែល​នាំ​ឲ្យ​អន្តរាយ​បែប​ណា​មាន​​ការ​ខូចខាត​បែប​ណា​​គឺ​អត់​មាន​ និង​តំណាង​អយ្យការ​មិន​​ដែល​បាន​​បង្ហាញ​ដែរ»​។​

លោក​មេធាវី ​ថ្លែង​ថា​ទាក់ទង​នឹង​ រដ្ឋ​បរទេស​វិញ​​ ខាង​រដ្ឋាភិបាល​កម្ពុជា ​មិន​ដែល​ឃើញ​ធ្វើ​រឿង​ហ្នឹង​ដែរ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ទេ​។

លោក​មេធាវី ​សំ ចំរើន​ និង​លោក​ គង់​ ពិសី​ បាន​សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ដល់​​ កូន​ក្តី​របស់​លោក​ទាំង ​២ ​នាក់​។​ លោក​មេធាវី​ សំ ចំរើន ប្រាប់​ថា ចំពោះ​សំណុំ​រឿង​របស់​លោក ​អ៊ួន ​ឈិន​ និង​លោក​ យាង ​សុជាមេត្តា​ ត្រូវ​បាន​លោក​មេធាវី ​សំ​ ចំរើន​ប្រាប់​ថា​នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃទី ​៣០ ​ខែ ​សីហា ​ខាង​មុខ​៕

អត្ថបទគួរចាប់អារម្មណ៍