មណ្ឌលគិរី: ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរីលោក ញាណ សុវណ្ណ បានសម្រេចឃុំខ្លួនឧត្ដមសេនីយ៍ទោម្នាក់ដោយចោទពីបទកាប់គាស់រុករានដីព្រៃ ប្រព្រឹត្តនៅក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីខែកញ្ញា ឆ្នាំ ២០២០។
តាមដីកាចេញដោយលោក ញាណ សុវណ្ណ ចុះថ្ងៃទី ២ ខែតុលាដែល ភ្នំពេញ ប៉ុស្ដិ៍ ទទួលពីម្សិលមិញបានបង្គាប់ឱ្យឃុំខ្លួនជាបណ្ដោះអាសន្នឈ្មោះ ពៅ សុធារ៉ាន់ ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិពពេល ឃុំពពេល ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម និងមានលំនៅបច្ចុប្បន្ននៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរជា អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ដីកាបន្តថា ជននេះត្រូវចោទប្រកាន់ពីបទ «កាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ» ប្រព្រឹត្តនៅចំណុចភ្នំរហាំង ស្ថិតនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២០ បទល្មើសព្រហ្មទណ្ឌមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦២ ចំណុច ១ និងមាត្រា ៥៦ ចំណុច ៤ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
ដីកានេះបានបង្គាប់ឱ្យប្រធានពន្ធនាគារខេត្តមណ្ឌលគិរីឃុំខ្លួនជនត្រូវចោទរូបនេះជាបណ្ដោះអាសន្ន។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឱ្យដឹងពីម្សិលមិញថា លោកបានទទួលព័ត៌មានពីការឃុំជនសង្ស័យនេះ និងថាគាត់ជាប់ពាក់ព័ន្ធបទល្មើសលួចឈូសឆាយដីព្រៃទំហំ ៤០ ហិកតា។
លោកថា៖ «ករណីឈូសឆាយដីព្រៃនេះគឺយើងនៅបន្តស្រាវជ្រាវរកជនល្មើសដែលពាក់ព័ន្ធបន្ថែមទៀត បើទោះបីជាយើងចាប់បានមេខ្យល់ក៏ដោយ។ យើងមិនអាចបណ្ដោយឱ្យជនអនាធិបតេយ្យដើរចាប់ដីរដ្ឋលក់តាមតែចិត្តនោះទេ។ ឥឡូវនេះ យើងកំពុងធ្វើការងារហ្នឹង គឺចាត់វិធានការតាមច្បាប់តែម្ដង»។
លោក សៀក មុន្នី អភិបាលស្រុកអូររាំងមិនអាចសុំការបញ្ជាក់បន្ថែមពីករណីនេះបានទេ ដោយទូរស័ព្ទលោកមិនអាចទាក់ទងបាន។
លោក អ៊ាង ម៉េងលី មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរី បានថ្លែងពីម្សិលមិញថា លោកសាទរចំពោះចំណាត់ការរបស់តុលាការខេត្តដែលបានឃុំខ្លួនមន្ត្រីមានអំណាចនេះ និងបានជំរុញឱ្យមានវិធានការបន្ថែមលើជនល្មើសផ្សេងៗទៀត។
លោកបន្តថា បទល្មើសបែបនេះបានកើតមានជាហូរហែនៅខេត្តមណ្ឌលគិរី ហើយអាជ្ញាធរក៏បានបង្ក្រាបញឹកញាប់ដែរ ប៉ុន្ដែនៅមិនទាន់ថយចុះទេ ដែលទាមទារមានវិធានការតឹងរ៉ឹងថែមទៀត ។
លោកបញ្ជាក់ថា៖ «យើងមានច្បាប់ មានព្រះរាជក្រឹត្យ និងអនុក្រឹត្យស្ដីពីការពារតំបន់អភិរក្សជាច្រើនមកហើយ។ អ៊ីចឹងយើងគួរតែអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ បើមិនអ៊ីចឹងទេគឺបញ្ហាកើតមាននៅតែបន្តរ៉ាំរ៉ៃពី ១ ថ្ងៃ ទៅ ១ ថ្ងៃ ហើយបញ្ហាកើតឡើងច្រើនដដែលៗថែមទៀត»។
គួររំឭកថាលោក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងលោក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសរួមទាំងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីកាលពីថ្ងៃ ៣០ កញ្ញា បានដឹកនាំកងកម្លាំងចម្រុះ និងមន្ទីរជំនាញខេត្តចុះពិនិត្យទីតាំងដែលមានការឈូសឆាយដីព្រៃនេះ ប៉ុន្ដែមន្ត្រីមិនទាន់បានបញ្ជាក់ពីលទ្ធផលទេ៕