ភ្នំពេញៈ ​ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជ​ធានី​កាល​ពី​ថ្ងៃសុក្រ​បាន​សម្រេច​​បង្គាប់​ឲ្យ​​ឃុំ​ខ្លួន​យុវ​ជន ​សួង នាគ​ព័ន្ធ ដាក់​ពន្ធ​នាគារ​ជា​បណ្តោះ​អា​​ស​ន្ន ​ក្រោម​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​ករណី​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជាអាទិ៍ដូច​គ្នា​​​ទៅ​នឹង​យុវ​ជន គង់ រ៉ៃយ៉ា ដែល​ត្រូវ​ចោទប្រកាន់​ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

យុវ​ជនទាំង​២​រូប​ដែល​សមត្ថ​​កិច្ច​និង​ចៅក្រមរាជ​ធានី​​ចោទ​ប្រកាន់នេះ​ ក្រោ​យ​​ពេល​ពួក​គេ​បាន​​ចូល​រួម​​ប្រារព្ធ​ខួបគម្រប់ ​៣ ឆ្នាំ​ នៃ​ឃាតកម្ម​ លោក​ កែម​ ឡី កាល​ពី​ថ្ងៃ​ទី ​៩​​-១០​ ខែ​កក្កដា​​ ​ដោយ​សារ​តែ​​ពួក​គេ​បាន​បោះ​ពុម្ព​អាវ​យឺត​មាន​រូប​ថត​និង​​ចែ​ក​​​ខិត្ត​ប័ណ្ណ​ដែល​មាន​ភ្ជាប់​សារ​លោក​ កែម ឡី។ តាម​ដីកា​ដែ​ល​ចេញ​ដោយ​ចៅ​ក្រម​ស៊ើប​សួរ​​លោក​ ឯក​ ប៉ូ​លី​ហ្វីល កាល​ពី​ថ្ងៃ​ទី​ ១២ ខែ​ កក្កដា បានបង្គាប់​ឱ្យ​​ឃុំ​ខ្លួន ជន​ត្រូវ​ចោទ សួង នាគ​ព័ន្ធ ​នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី១ «ម១» (ព្រៃស)។

យុវ​ជន​ នាគ​ព័ន្ធ ត្រូវ​បាន​ឃាត់​ខ្លួន ​កាល​ពី​ព្រឹក​ថ្ងៃទី​ ១០​ ខែ កក្កដា​ នៅ​គ្រា​ដែល​យុវជន​រូប​នេះ​បាន​ចែក​ខិ​ត្ត​ប័ណ្ណ​​​​ដែល​សមត្ថ​កិច្ច​ចាត់​ទុក​ថា​ ជា​រឿង​ញុះញង់​ពាក់​ព័ន្ធ​នឹង​ឃាត​កម្ម លោក​ កែម ឡី នៅ​ចំណុច​ស្តារ​ម៉ា​ត​ក្នុង​ស្ថានីយ​ប្រេ​ង​ឥន្ធនៈ​កាល់​តិច​ស្ដុប​បូក​គោ ក្នុង​សង្កា​ត់​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការមន។

លោក​ គុជ​ គឹម​ឡុង​ អ្នក​នាំ​ពាក្យ​តំណាង​អយ្យកា​រ​អម​សា​​លា​ដំបូង​រាជ​ធានី​បាន​​ថ្លែង​កា​ល​​ពី​ម្សិល​មិញ​ថា​៖ «ចៅ​ក្រម​ស៊ើប​សួរ​​សម្រេច​ចេញ​ដីការ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ សួង​ នាគ​ព័ន្ធ​ ដាក់​ពន្ធ​នាគារ​ជា​បណ្តោះ​អា​សន្ន​នៅ​ពន្ធ​នាគារ​ព្រៃ​ស ក្រោម​ការ​ចោទ​ប្រ​កាន់​ពាក់​ព័ន្ធ​នឹង​ករណី​ញុះ​ញង់​​ឲ្យ​ប្រ​ព្រឹត្ត​បទ​ល្មើស​ជាអាទិ៍​ ដូច​នឹង​យុវជន​ គង់ រ៉ៃយ៉ា ដែរ»។

យុវជន គង់ រ៉ៃយ៉ា ​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​​បង្គាប់​ឲ្យ​ឃុំ​ខ្លួន ​ដាក់​ពន្ធ​​នាគារ​ជា​បណ្តោះ​អាសន្ន​ ​ក្រោម​​ការ​ចោទ​ប្រ​​កាន់​ពាក់​ព័ន្ធ​នឹង​ករណី​ញុះ​ញង់​ឲ្យ​ប្រ​ព្រឹត្ត​បទ​ល្មើស​ជាអាទិ៍ កាល​ពីថ្ងៃ​ទី ១១​ ខែ​ កក្កដា។

លោក មួង សូនី ប្រធាន​សមា​​គម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​កាល​ពី​ម្សិល​មិញបាន​បញ្ជា​ក់​ថា សួង នាគ​ព័ន្ធ​​ ដែល​ជា​សមា​ជិក​សមាគ​ម​​របស់​លោក​​ គ្រាន់​តែ​ជា​​អ្នក​​គាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ប៉ុ​ណ្ណោះ​ មិន​មែន​ជា​សកម្ម​​ជន​បក្ស​មាន​តួនា​ទីអ្វី​នោះ​ទេ។

លោក​បន្តថា​៖ «ដូច​នេះ​ ខ្ញុំសូ​ម​​អង្វរ​ដល់​អតីត​ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស សូម​មេត្តា​កុំ​យក​ខ្លួន​គាត់​ (នាគ​ព័ន្ធ​)​ ទៅ​ពាក់​ព័ន្ធ​នឹង​នយោ​បាយ ​ដើម្បី​កេង​ចំណេញ​។ សូម​មេត្តា​អាណិត​ដល់​រូប​គាត់​ជា​មនុស្ស​ស្លូត​ត្រង់ ​និង​ចង់​រស់​នៅ​មាន​សេរី​ភាព​»។ «វា​ជារឿង​អយុ​ត្ដិ​​​​​ធម៌ណាស់​សម្រាប់​លោកនា​គ​​ព័ន្ធ​ ដែល​ចៅក្រម​ និង​តំណាង​ក្រសួង​យុត្ដិធម៌​បាន​ដាក់​បន្ទុក​ដល់​រូប​គាត់ ដោយ​ចោទ​ថា មាន​គណ​​​បក្ស​ប្រឆាំង​ជា​អ្នក​រៀប​ចំជា​កញ្ចប់​សម្រាប់ឲ្យ​​ធ្វើ​សកម្មភាព​ផ្សេងៗ​នេះ»។

លោក ស៊ឹង សែន​ករុណា អ្នក​​នាំពា​ក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​សម្តែង​ការ​​​សោក​ស្តា​យ​ ចំពោះ​​ការ​ចោទ​ប្រកាន់​​យុវជន​ទាំង ២ រូប​ខាង​លើ ដោយ​លោក​ថ្លែង​ថា ការ​ប្រារព្ធ​ខួប​ ៣ ឆ្នាំ ​នៃ​ឃាតកម្ម​លោក កែម ឡី គឺ​ជាពិធី​មួយ​ដែល​សាធារណជន​បាន​ដឹង និ​​ង​បាន​ប្រារព្ធ​ជាទូទៅនិង​​មា​ន​ថ្ងៃ​កំណត់​ជាមុន​ច្បាស់លាស់។

លោក​​ថ្លែង​ថា​៖ «ហេតុ​ការ​ណ៍​​នេះ វា​មិន​មែន​ជារឿង​មួយនៃ​បទ​ល្មើស​ដូច​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​ចៅក្រម​នោះទេ។ បើ​យើង​មើល​លើ​មាត្រា​ច្បាប់​ទៅទៀតចំពោះ​ការញុះញង់ ឲ្យ​​​ប្រព្រឹត្ដបទ​ឧក្រិដ្ឋ​ជាអាទិ៍នេះ ទា​​​​ល់តែ​ជន​ទាំង​ ២ រូប​ ​និយា​យ​អ្វីមួយ នៅតាម​បណ្ដា​ញ​សាធា​​រណៈឲ្យ​អ្នក​ណា​ម្នាក់ទៅ​ប្រព្រឹ​​ត្ដិ​​បទ​ឧក្រិដ្ឋ​។ ប៉ុន្ដែ​យើង​ឃើញ​ថា គ្មាន​ពាក្យ​សម្ដីណាមួយ ដែល​បញ្ជាក់​ថា​ ​អ្នក​ទាំង​ ២ ​​នឹងទៅនិយាយ​ឲ្យ​អ្នក​ណា​ម្នាក់​ទៅ​ប្រព្រឹត្ដ​នូវ​បទ​ឧក្រិដ្ឋ​ទេ»។

កាល​ពី​ទី ​១២ ខែ ​កក្កដា​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ជាង ​៨០ ក្នុង​នោះ​ក៏​​មាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស អាដហុក និង​អង្គការ​លីកាដូផង​ដែរ​បាន​​ចេញ​សេ​ច​​ក្ដី​ថ្លែង​ការណ៍​រួម​​មួ​យ​ ដោយ​​សម្ដែង​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ប្រើ​ប្រាស់​កង​កម្លាំង​សន្តិ​សុខ​ ដោយ​មិន​សម​ហេតុ​ផល​ អំឡុង​ពេល​ប្រារ​ព្ធ​ពិធី​រំឭក​ខួប​ ឃាត​កម្ម​លើ​អ្នក​វិភាគ​នយោ​​បាយលោក​កែម ឡី និងបាន​ស្នើសុំ​យ៉ាង​ទទូច​​ឲ្យ​អាជ្ញាធរ​ដោះ​លែង​ លោ​​​ក គង់ រ៉ៃយ៉ា និង​លោកសួង នាគ​ព័ន្ធដោ​យ​គ្មាន​លក្ខ​ខណ្ឌ​។ «កា​​​​​រ​​​​ចោទ​ប្រកាន់​ទៅលើ​ការ​ជួប​ជុំ​គ្នា​ដោយ​សន្តិ​វិធី​ ដោយ​ការ​ដាក់​ទោស​ជាប់​ពន្ធ​នាគារ គឺ​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ និ​ង​​ជា​លក្ខណៈ​ប្រព័ន្ធ​ចំពោះ​លំហ​ដែល​នៅ​សល់​តិច​តួច​សម្រាប់​សេរីភាព​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​ កម្ពុជា»៕