រតន​គីរីៈ ​លោក​ ខាំ​ នីន​ អាយុ​ ៣៩​ ឆ្នាំ​ ជា​ជន​ជាតិ​ដើម​ទំ​ពួន​ត្រូវ​បាន​បង្គាប់​ឲ្យ​ចូល​បំ​ភ្លឺ​ក្នុង​សាលា​ដំបូង​​ខេត្ត​រតន​គិរី​ នៅ​ខែ​កុម្ភៈ ​ដោយ​ត្រូ​វ​ចោទ​ពី​បទ​ កាប់​គាស់​ រុក​រាន​ដី​ព្រៃ​ ឆ្ការ​ ដុត​និង​ឈូស​ឆាយ​ព្រៃ​ដើម្បី​យក​មក​ធ្វើ​ជា​កម្ម​សិទ្ធិ។ ​យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​របស់​ចៅក្រម​ស៊ើប​សួរ​ចេញ​កាល​ពី​ខែ​មករា​ ហើយ​ភ្នំ​ពេញ​ប៉ុស្តិ៍​ទើប​ទទួល​បានកាល​ពី​ម្សិល​មិញ។​

​ដី​កា​បង្គាប់​នេះ​បាន​ឲ្យ​ដឹង​ថា​លោក​ នីន​ កំ​ពុង​កាន់​កាប់​ផ្ទៃ​ដី​សរុប​ជាង ​៣៩ ​ហិកតា​ ស្ថិត​ក្នុង​ភូមិ​កែង​សាន់ ​ឃុំ​សេដា ​ស្រុក​លំ​ផាត់​ ខេត្ត​រតន​គិរី​ កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​ ២០១៨​ ត្រូវ​ចោទ​ពី​បទ​ល្មើស​មាន​ចែង​នៅ​ក្នុង​បញ្ញត្តិ​នៃ​ច្បាប់​ស្ដី​ពី​តំ​បន់​ការពា​រ​ធម្ម​ជាតិ​ ដែល​ត្រូវ​បង្គាប់​ឲ្យ​ចូល​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​រតន​គិរី​នៅ​ថ្ងៃ​ទី​ ១២​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​ ២០១៩​។​

​​លោក ​ខាំ នី​ន​ ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​​ម្សិល​មិញ​ ដោយ​បាន​​បដិ​សេធ​ និង​អះ​អាង​ថា​​សំណុំ​រឿង​ចោទ​ប្រកាន់​នេះ​គឺ​កើត​ឡើងពី​​ការ​សង​សឹក​របស់​មេភូមិ​កែង​សាន់​ឈ្មោះ ​ញ ​អ​ង្គួ​ត​ ដោយ​សារ​តែ​គាត់​ត្រូវ​ទទួល​រង​បណ្ដឹង​​បរិហារ​ផ្លូវ​ការ​ កាល​ពី​ឆ្នាំ​ ២០១៧​ ជុំវិញ​ការ​ឃុ​ប​ឃិត​គ្នា​លក់​ដី​រដ្ឋ​និង​បើក​ដៃ​ឱ្យ​ជន​ជាតិ​វៀតណាម​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​អភិរក្ស។

​លោក ​ខាំ​ នី​ន​ បាន​អះ​អាង​ថា​កាល​ពី​ឆ្នាំ​ ២០១៤ ​បាន​ឲ្យ​លោក​មេភូ​មិ ​ញ​ អង្គួត​ខ្ចី​លុយ​ចំនួន​ ២០ ​លាន​រៀល​ជា​បណ្ដោះ​អាសន្ន​ដើម្បី​សាង​សង់​សាលា​ភូមិ​ហើយ​បាន​សន្យា​សង​វិញ​នៅ​ពេល​ថ្នាក់​លើ​ទម្លាក់​ថវិកា​ឲ្យ​ភូមិ។​ ប៉ុន្តែ​នៅ​ពេល​ដែល​គ្មាន​លុយ​សង​លោក​មេ​ភូមិ​បា​ន​ធ្វើ​លិខិត​កាន់​កាប់​ដី​មួយ​កន្លែង​ជា​ថ្នូរ​ក្នុង​ការ​សង​លុយ។​

​លោក​ ​នី​ន​ ថ្លែង​​ថា​៖ «​ចុង​ក្រោយ​គាត់ ​(​មេភូមិ)​ ​ធ្វើ​លិ​ខិត​ឱ្យ​ខ្ញុំ​កាន់​កាប់​ដី​នេះ​ ដល់​ពេល​ឥឡូវ​ គាត់​ប្ដឹង​ថា​ខ្ញុំ​កាប់​រាន​ដី​នេះ​ទៅ​ទៀត​»​។​

​ទោះ​ជា​យ៉ាង​ណា​លោក ​នី​ន ​អះអាង​ថា​ នឹង​បង្ហាញ​ខ្លួន​តាម​កាល​កំណត់​របស់​ដីកា​តុលា​ការ។ លោក​ញ ​អ​ង្គួ​ត ​កាល​ពី​ម្សិល​មិញ​បាន​បដិ​សេធ​មិន​ឆ្លើយ​តប​ក្នុង​ការ​សុំ​អត្ថា​ធិ​ប្បាយ។​ លោក​អង់​ ​ប៊ុន​ធៀង​ ​មេឃុំសេដា​ក៍​បាន​ឆ្លើយ​ប្រ​ហា​ក់​ប្រ​ហែល​នឹង​លោក​ ​អង្គួត​ដែរ​។​

កាល​ពី​ខែ​តុលា​ ឆ្នាំ​ ២០១៧​ កន្លង​ទៅ​នេះ ​ទាំង​លោក ​ញ ​អ​ង្គួ​ត​ និង​លោក​ អង់​ ប៊ុន​ធៀង​ គឺ​សុទ្ធ​តែ​មាន​ឈ្មោះ​រួម​ជា​មួយ​មន្ត្រី​ពាក់​ព័ន្ធ​ខេត្ត​រតន​គីរី​ចំនួន​ ៨ ​នាក់​ទៀត ​ក្នុង​ពាក្យ​បណ្ដឹង​បរិ​ហារ​​ផ្លូវ​ការ​មួយ​ ពី​ក្រុម​លោក ​ខាំ​ នី​ន​ និង​មន្ត្រី​សមា​គម​អាដ​ហុក ដែល​បាន​ប្ដឹង​ទៅ​តុលា​ការ​ថា​ មន្ត្រី​ទាំ​ង​នេះ​បាន​ឃុ​ម​ឃិត​គ្នាយ​កដី​រដ្ឋ​និង​ដីព្រៃ​លក់​ឱ្យ​ឈ្មួញ​ឈូស​ឆាយ​កម្ទេច​ជា​បន្ត​បន្ទាប់​ តាំង​ពី​ឆ្នាំ​ ២០១៤​ រហូត​ដល់​ឆ្នាំ​ ២០១៧ ​ហើយ​នឹង​មិន​អើ​ពើ​ករ​ណី​បទ​ល្មើស​មួយ​ទៀត​ដែល​ជន​ជាតិ​វៀត​ណាម​ នាំ​គ្នា​ចូល​មក​កាប់​បំផ្លាញ​ឈើ​ប្រណីត​ដូច​ជា ​គគី ​កកោះ​ សុ​គ្រម ​ពពាល​ ត្បែង​ជា​ដើម​ស្ថិត​ក្នុង​ភូមិ​កែង​សាន់​ ហើយ​បាន​ដឹក​តាម​រថ​យន្ត​ធំ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀត​ណាម​ក្នុង​មួយ​ថ្ងៃៗ​ប្រហែល ២០ រថ​យន្ត​ កាល​ពី​អំឡុង​ខែ​មីនា​ដល់​ខែ​មេសា​ឆ្នាំ ២០១៧​។​

​លោក​ ប៉ែន​ ប៊ុណ្ណា​រ៌ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហ​គម​មូ​ល​ដ្ឋាន​នៃ​អង្គ​ការ​អាដ​ហុក​ (Adhoc)​ ថ្លែង​ថា​តុលា​ការ​គួរតែ​ពិនិត្យ​លើ​បណ្ដឹង​បរិ​ហារ​ផ្លូវ​ការ​​ច្រើន​របស់​ពលរដ្ឋ​ ដែល​បាន​ប្ដឹង​អាជ្ញា​ធរ​ខេត្ត​នេះ ​ជុំវិញ​ការ​បណ្ដែត​បណ្ដោយ​ឱ្យ​បាត់បង់​ព្រៃ​ឈើ​អស់​រាប់​ម៉ឺន​ហិក​តា។​

លោក​ ​ថ្លែង​ថា៖ ​«វា​អយុ​ត្តិ​ធម៌​ណាស់ ​ឥឡូវ​បើ​យើង​និយាយ​ថា​បើសិន​ជា​គាត់ ​(នី​ន)​ ជា​អ្នក​កាប់​រាន​ឆ្ការ​ដៃ​ព្រៃ​មែន​ មិន​មែន​តែ​គាត់​ទេ ​ហើយ​អ្វីដែ​ល​យើង​ទាម​ទារ​សុំ​ឱ្យ​មា​ន​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​រាន​ដីព្រៃ​ដោយ​ខុស​ច្បាប់​មិន​តិច​ជាង​សែន​ហិក​តា​ទេ​ ដែល​កាប់​រាន​ដោយ​មិន​មាន​ការ​អនុ​ញ្ញាត​ពី​ច្បាប់​ មាន​ន័យ​ថា​អត់​មាន​អនុ​ប្រយោគ​ទេប​ម្លែ​ង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ទៅ​ឯក​ជន​ទេ ​ហើយ​បើ​និយាយ​ទៅ​គឺ​ជា​បទ​ល្មើស​ឧក្រិដ្ឋ​ហើយ។ ​អ៊ី​ចឹង​បើ​សិន​គេ​ដាក់​ទណ្ឌ​កម្ម​លើ​គាត់ ​(នី​ន) ​តុលា​ការ​ក៏​ត្រូវ​ដាក់​ទោស​អ្នក​កាប់​រាន​ព្រៃ​រា​ប់​ម៉ឺន​ហិក​តា​នោះ​ដែរ​»។​

​លោក ​កែវ​ ពិសុទ្ធ​ ​មន្រ្តី​នាំ​ពាក្យ​សាលាដំបូង​​ខេត្ត​រតន​គិរី​ ប្រាប់​នៅ​ថ្ងៃ​ម្សិល​មិញ​ដែរ​ថា​ លោក​មិន​ទាន់​ដឹង​ច្បាស់​អំពី​ករណី​នេះ​ទេ​ ហើយ​ក៏មិន​អាច​បក​ស្រាយ​បាន​ដែរ​៕