ភ្នំពេញៈ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ចុងខែ​មុន ​បាន​បិទ​ការ​ស៊ើប​សួរ​សំណុំ​រឿង​ចំនួន ២ ករណី ​លើ​លោក​ សម រង្ស៊ី ប្រធាន​ស្តីទី​នៃអតីតគណ​បក្ស​សង្គ្រោះជាតិ ​គឺ​ករណី​ញុះ​ញង់​កុំ​ឲ្យកងទ័ព​ស្ដាប់​បង្គាប់ ​និង​​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហា​ក្សត្រ ​ខណៈ​តុលាការ​មិន​ទាន់​កំណត់​ថ្ងៃ​ជម្រះ។

តាម​លិខិត​ជូន​ព័ត៌មាន​ចុះថ្ងៃ​ទី​ ២៨-២៩​ ខែមករា ​ស្តី​ពី​ការ​បញ្ចប់​ការ​ស៊ើបសួរ​ ដែល​ត្រូវ​បាន​យក​ទៅ​បិទ​នៅ​ស្នាក់​ការ​អតីត​គណបក្ស​សង្គ្រោះ​​ជាតិ​នៅ​ចាក់អង្រែលើ​ ខណ្ឌ​មាន​ជ័យ​ ​ពី​ម្សិល​មិញ ​លោក​ ហម ម៉េងសែ ​ចៅក្រម​ស៊ើប​សួរ​បាន​បញ្ចប់​នីតិវិធី​ស៊ើប​សួរ​លើ​សំណុំ​រឿង ​២ គឺ​ញុះ​ញង់​កុំ​ឲ្យ​យោធិន​ស្ដាប់​បង្គាប់​និង​ធ្វើ​ឲ្យ​ខូច​ទឹក​ចិត្ត​កង​ទ័ព​ប្រព្រឹត្ត​​កាលពី​ថ្ងៃទី​ ៥ ខែធ្នូ ​ឆ្នាំ ២០១៧ ​និង​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ​ប្រព្រឹត្ត​​កាល​ពី​ថ្ងៃទី ​៦,៧ ​និង ​១០ ​មិថុនា ២០១៨។

ករណី​ញុះ​ញង់​កុំ​ឲ្យយោធិន​ស្ដាប់​បង្គាប់ ត្រូវ​បាន​ប្ដឹង​ដោយ​កង​យោធ​ពល​​ខេមរភូមិន្ទ​ ក្រោយ​ពេល​លោក ​សម រង្ស៊ី​ កាល​ពី​ថ្ងៃទី​ ៥ ធ្នូ ឆ្នាំ ២០១៧ បាន​អំពាវនាវ​តាម​ហ្វេសប៊ុក​របស់​លោក​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ឈប់​ស្ដាប់​បង្គាប់​មេដឹកនាំ​របស់​ពួក​គេ ដោយ​លោក​ថ្លែង​ថា៖ «​សូម​​ក​ងកម្លាំង​​ប្រដាប់​អាវុធ ​ពល​ទាហាន និង​​នគរបាល​កុំ​ធ្វើ​​តាម​បញ្ជា​ពី​មេ​ដឹកនាំ​ផ្តាច់ការ​បើ​គេ​បញ្ជា​ឲ្យ​បាញ់​ប្រហារ​និង​សម្លាប់​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់»។

បទ​ល្មើស «ញុះ​ញង់​កុំ​ឲ្យ​យោធិន​ស្ដាប់​បង្គាប់» មាន​ចែង​ក្នុង​មាត្រា ៤៧១ ដែល​កំណត់​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ២ ​ទៅ​ ៥ ​ឆ្នាំ ឯ​បទ ​«​ធ្វើ​ឲ្យ​ខូច​ទឹក​ចិត្ត​កង​ទ័ព​» ​មាន​​ចែង​ក្នុង​មាត្រា​ ៤៧២ នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​កំណត់​ដាក់ពន្ធនា​គារ​ពី​ ២​ ទៅ ៥ ​ឆ្នាំ​ដូច​គ្នា រួម​នឹង​ការ​ពិន័យ​ប្រាក់​បន្ថែម។

ចំពោះ​បទ​ប្រមាថ​អង្គ​ព្រះ​មហាក្សត្រ ​ក្រសួង​យុត្តិធម៌​បាន​ចេញ​អធិ​បញ្ជា​ឲ្យ​អយ្យការ​អម​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ ពាក់​ព័ន្ធ​នឹង​ការ​អះអាង​របស់​លោក សម ​រង្ស៊ី ដែលកំពុង​និរទេស​ខ្លួន ដែល​ថា លិខិត​ព្រះ​មហាក្សត្រ​គឺ​ជា​លិខិត​ក្លែង​ក្លាយ​ឬ​ត្រូវ​ធ្វើ​ឡើង «ក្រោម​ការ​គំរាម​កំហែង»។

លោក​ថ្លែង​ដូច្នេះ​កាល​ពី​ថ្ងៃទី​ ៦,៧​ និង ​១០ ​មិថុនា ឆ្នាំ​មុន ក្រោយ​ពេល​ព្រះមហាក្សត្រ​ បាន​ចេញ​សារ​លិខិត​ឲ្យ​ពលរដ្ឋ​ទៅ​ចូលរួម​បោះ​ឆ្នោត។ ​សារ​​លិខិត​ព្រះ​មហាក្សត្រ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅថ្ងៃទី​ ៥ ខែ​មិថុនា គឺ​ក្រោយ​ពេល​ដែល​លោក សម រង្ស៊ី បាន​សរសេរ​លិខិត​មួយ​ថ្វាយ​ព្រះ​មហាក្សត្រ​កាល​ពី​ថ្ងៃទី​ ២៣ ខែ​ឧសភា​ ដោយ​ស្នើ​ព្រះអង្គ​កុំ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត។ ប៉ុន្តែ ​សារលិខិត​របស់​ព្រះ​មហាក្សត្រ​ត្រូវ​បាន​ចុះ​កាល​បរិច្ឆេទ​ ១៨ ឧសភា ​គឺ​៥​​ថ្ងៃមុន​លិខិត​លោក​ សម រង្ស៊ី។

ដោយ​យោង​លើ​កាល​បរិច្ឆេទ​នេះ លោក សម រង្ស៊ី ថា​លិខិត​ព្រះ​មហា​ក្សត្រ​​ជា​លិខិត​ក្លែង​ក្លាយ។ បទ​ល្មើស​ប្រមាថ​​អង្គ​ព្រះ​មហាក្សត្រ​តាម​មាត្រា​ ៤៣៧​ (ស្ទួន) កំណត់​ផ្ដន្ទា​ទោស​ពី​ ១​ ទៅ​ ៥ ​ឆ្នាំ និង​​ពិន័យ​ពី ​១០ លាន​ទៅ ​៥០ លាន​រៀល។

លោក​ សំ សុគង់ ​មេធាវី​ការពារ​លោក​ សម រង្ស៊ី ​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា លោក​មិន​ទាន់​ទទួល​បាន​ឯកសារ​ស្ដី​ពី​ការ​បិទ​ការ​ស៊ើប​សួរ​ពី​តុលាការ​​ទេ។

លោក វង្ស ភក្តី ​មេធាវី​តំណាង​កងយោធពល​ខេមរភូមិន្ទ​ ក៏​បាន​ថ្លែង​ដូច​គ្នា​ថា​លោក​មិន​ទាន់​បាន​ទទួល​ឯកសារ​ទេ ប៉ុន្តែ​លោក​បាន​ពន្យល់​ពី​នីតិវិធី​​បន្ត​ថា​៖​ «គេ​នឹង​បង្វិល​ទៅ​វិញ​ ដើម្បី​ធ្វើ​ការសន្និដ្ឋាន​ស្ថាពរ​ ពី​តំណាង​​អយ្យការ ​ពេល​គេ​រក​ឃើញ​ពី​បទ​ល្មើស​ហើយ​ គេ​នឹង​បញ្ជូន​មក​វិញ​ដោយ​គេ​ដាក់​កម្មវិធី​ចាត់​តាំង​ចៅក្រម​ជំនុំ​ជម្រះ»។

លោក សម រង្ស៊ី ​កាល​ពី​ពេល​ថ្មីៗ​នេះ​ក៏​បាន​អំពាវនាវ​កុំ​ឲ្យ​យោធា​សម្លាប់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ និង​កុំ​ស្ដាប់​បង្គាប់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដោយ​លោក​អះអាង​ថា​ជា​នាយក​រដ្ឋ​មន្ត្រី​ខុសច្បាប់។ ពាក់​ព័ន្ធ​នឹងការអំពាវនាវនេះ លោក​មេធាវី​ ​ថ្លែង​ថា​ លោក​មិន​អាច​អត្ថា​ធិប្បាយ​​​បាន​ទេដោយ​សារ​សំណុំរឿង​កំពុង​ដំណើរ​ការ​នៅ​តុលាការ​ ប៉ុន្តែ​លោក​ថា​ ជា​នីតិវិធីព្រះរាជ​អាជ្ញា​អាច​បន្ថែម​ការអះអាង​ខាង​លើ​ចូល​ក្នុង​សំ​ណុំ​រឿង​ព្រោះ​គាត់​ជា​ម្ចាស់​បណ្ដឹង​អាជ្ញា។

លោក​ថ្លែង​ថា​៖ «នីតិវិធី​តុលាការ​ គាត់​នឹង​ស្វែង​រក​ឲ្យ​ឃើញ​ទៀត​ទៅ អាហ្នឹង​ខាង​តុលាការ។ គាត់​ (សម រង្ស៊ី) ថ្លែង​ជា​សាធារណៈ​ អ៊ីចឹង​តំណាង​​អយ្យការ​គាត់​អាច​មើល​ឃើញ​ហើយ។ អ៊ីចឹង​ការនៅ​ជំរុញ​នឹង​ដាក់​ទម្ងន់​លើ​ការងារ​របស់​គាត់​បន្ត​ទៀត»។

លោក​ អ៊ី រិន្ទ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ ​ថ្លែង​ថា នីតិវិធី​បន្ទាប់​គឺ​ត្រូវ​ធ្វើ​តាម​មាត្រា​ ២៤៦ ​​នៃក្រម​នីតិវិធី​ព្រហ្មទ​ណ្ឌ ​ដែល​ចែង​ពី​នីតិវិធី​បន្ទាប់​គឺបិទការ​ស៊ើប​​សួរ។ មាត្រា​នេះ​ចែង​ថា ក្នុង​​រយៈ​ពេល​ ១ ​ខែព្រះ​រាជ​អាជ្ញា​បង្វិល​សំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើប​សួរ​វិញ​ដោយ​មាន​ដីកា​សន្និដ្ឋាន​ស្ថាពរ​ភ្ជាប់​ជាមួយ។

កថាខណ្ឌ​ចុង​ក្រោយ​នៃ​មាត្រា​នេះ​ចែង​​ថា ​«ប្រសិន​បើ​ព្រះ​រាជអាជ្ញា​យល់​ឃើញ​ដូច​ចៅក្រម​ស៊ើប​សួរ​ ដែល​ថា ការស៊ើប​អង្កេត​ត្រូវ​បញ្ចប់​នោះ ​ព្រះរាជ​អាជ្ញា​ធ្វើ​ដីកា​សន្និដ្ឋាន​ស្ថាពរ​ជា​លាយ​លក្ខណ៍​អក្សរ​ និង​មាន​សំអាង​ហេតុ។ ព្រះ​រាជ​អាជ្ញា​អាច​ប្ដឹង​សុំ​ឲ្យ​ចៅ​​ក្រម​ស៊ើប​សួរ​សម្រេច​​បញ្ជូន​ខ្លួន​ជន​ត្រូវ​ចោទ​ ទៅ​កាន់​តុលាការ​ជំនុំ​ជម្រះ​ឬ​ក៏​លើក​លែង​បទ​ចោទ»៕