កោះកុងៈ ជនសង្ស័យ​ ៣ ​នាក់ ​ពាក់ព័ន្ធ​នឹង​ការលក់​ដីឡូត៍​បោកប្រាស់​យកលុយ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង ត្រូវបាន​តុលាការ​កំណត់​អត្តសញ្ញាណ និង​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន ដែល​ករណីនេះ​អាជ្ញាធរខេត្ត​បាននិង​កំពុង​ស្រាវជ្រាវ​រក​ទីតាំង​ដី និង ស្វែងរក​ជន​ប្រព្រឹត្ត​ទាំងនោះ​។

លោក​ សុខ សុទ្ធី អភិបាលរង​ និង​ជា​អ្នកនាំពាក្យ រដ្ឋបាល​ខេត្ត​កោះកុង​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៧ ធ្នូ ថា រដ្ឋបាល​ខេត្តកោះកុង​បាន​ទទួល​ពាក្យ​ដែល​ពលរដ្ឋ​ដាក់​ស្នើសុំ​ឱ្យជួយ​អន្តរាគមន៍ រឿង​ឆបោក​ដីឡូត៍​។ ប៉ុន្តែ​តាម​ការពិនិត្យ​មើល​លើ​អង្គហេតុ​នេះ គឺជា​ទំនាស់​កិច្ចសន្យា ហេតុនេះ​រដ្ឋបាលខេត្ត​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ប្តឹងទៅ​តុលាការ​។

បើ​តាម​លោក​ សុទ្ធី ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​គឺ​សុទ្ធតែ​មាន​ការលាក់លៀម​ដូចគ្នា​។ ក្រុមហ៊ុន​បាន​មក​ធ្វើការ​លើក​ស្លាក​ដើម្បី​លក់​ដីឡូត៍​។ ប៉ុន្តែ​ក្រោយពេល​អាជ្ញាធរ​មូលដ្ឋាន​ចុះទៅ​ត្រួតពិនិត្យ​ឃើញ​ថា មិនបាន​សុំច្បាប់​ត្រឹមត្រូវ​អ្វី​ទាំងអស់ អាជ្ញាធរខេត្ត​ក៏​បញ្ជា​ឱ្យ​បញ្ឈប់​វិញ​។ ការដែល​ពលរដ្ឋ​មក​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​តាមរយៈ​ការផ្សាយ​ពាណិជ្ជកម្ម​របស់​ជន​ឆបោក​យ៉ាងណា​នោះ អាជ្ញាធរខេត្ត​មិនបាន​ដឹង​ទេ ព្រោះ​ពួកគេ​បាន​ចុះកិច្ចសន្យា​ស្ងាត់ៗ​គ្មាន​ឯកសារ​គ្មានអ្វី​ទាំងអស់​។

មកដល់​រសៀល​ថ្ងៃទី​ ៧ ខែធ្នូ អាជ្ញាធរ​ខេត្តកោះកុង​មិនបាន​ដឹងថា ក្រុមហ៊ុន​ដែល​ឆបោក​ពលរដ្ឋ​នោះ​ឈ្មោះ​អ្វី ហើយ​ថៅកែ​ជា​នរណា​នោះទេ សូម្បី​អាសយដ្ឋាន​ក៏​គ្មាន​ដែរ​។ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន បាននិង​កំពុង​ស្រាវជ្រាវ​បន្ត​ដើម្បី​ស្វែងរក​ម្ចាស់​ដី​ពិតប្រាកដ​។

លោក​ សុទ្ធី ​ថ្លែងថា​៖ «​យើង​បាន​ឱ្យ​អាជ្ញាធរ​សង្កាត់ និង​ក្រុង​កំពុង​ស្រាវជ្រាវ​បន្តថា​តើ​ដី​ដែល​កន្លងមក គាត់​បាន​បោះ​ទង់​របស់​គាត់​ធ្វើការ​លក់​ហ្នឹង​ជា​ដី​របស់​ពី​ណា​»​។

លោក​បន្ថែមថា​៖ «​ហើយ​ដើម្បី​ស្រាវជ្រាវ​បន្តថា តើ​គាត់​មាន​ទំនាក់ទំនង​របៀប​ម៉េច​ជាមួយ​ម្ចាស់​ដី ហើយ​និង​ក្រុមហ៊ុន​ហ្នឹង ដើម្បី​ជា​ពន្លឺ​មួយ ជួយ​ខាង​ប្រជាពលរដ្ឋ​សម្រាប់​ធ្វើជា​សក្ខីកម្ម​បញ្ជូន​ទៅ​តុលាការ​ផង​»​។

ពលរដ្ឋ​រងគ្រោះ លោក​ ពិច បាក់ បាន​ប្រាប់ថា ពលរដ្ឋ​ប្រមាណ​ជា​ ៣០ ​គ្រួសារ​ បាន​នាំគ្នា​ផ្តិតមេដៃ​ស្នើ​សុំឱ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​បញ្ហា ព្រមទាំង​បាន​ដាក់​ពាក្យបណ្តឹង​ទៅកាន់​សាលាដំបូង​ខេត្ត​កោះកុង​ផងដែរ​។

ប៉ុន្តែ​មកដល់​ថ្ងៃទី​ ៧ ខែធ្នូ​នេះ នៅ​មិនទាន់​បាន​ទទួល​លទ្ធផល​យ៉ាងណា​នោះទេ​ក្នុង​រឿងនេះ​។ ពលរដ្ឋ​រូបនេះ​មាន​ចំណាប់​អារម្មណ៍​ចង់​ទិញ​ដី ដើម្បី​ធ្វើ​ផ្ទះ​ដោយ​ក្នុង​នោះ​មាន​ប្រូម៉ូសិន​ទិញ​ ២ ​ឡូត៍ បង់​មុន​តែ​ជាង​ ៦ ​ពាន់​ដុល្លារ និង​អាច​បង់​រំលស់​តែ​ ៣០០ ​ដុល្លារ ​ក្នុង​ ១ ​ខែ ​ក្នុង​រយៈពេល​ ២០ ​ខែ បាន​ដី​មាន​ប្លង់​ចេញពី​ក្រសួង​ដែនដី​។

លោក​ ពិច បាក់ និយាយ​ថា​៖ «​ខ្ញុំ​បង់​ ១ ​ខែ​ ៣០០ ​ជាង ខ្ញុំ​បង់​បាន​ ៨ ​ខែ​។ បើ​គិត​ទៅ​អស់​ជាង​ ៨ ​ពាន់​ដុល្លារ គិត​ទាំង​ប្រាក់​បង់​មុន​ចំនួន​ ៦ ​ពាន់​ជាង​»​។

បើតាម​បុរស​រូបនេះ​មាន​ពលរដ្ឋ ទិញ​ដី​ទាំងអស់​ប្រមាណ​ជា​ ២០០ ​ឡូតិ៍ បើ​គិត​ជា​គ្រួសារ​ប្រហែល​ជា​ ៧០ ​គ្រួសារ​។ ព្រោះ​ក្នុង​ ១ ​គ្រួសារ ខ្លះ​ទិញ​យក​ ២ ​ឡូត៍ ខ្លះ​យក​ ៤ ​ឡូត៍ និង​ ៦ ​ឡូត៍​ខ្លះ​។ លោក​បាក់​ថ្លែងថា​៖ «​ចំនួន​ ៧០ ​គ្រួសារ​ហ្នឹង ប្រហែល​ភាគច្រើន​មិនទាន់​បានដឹង​ពី​រឿង​ក្រុមហ៊ុន​ឆបោក​រត់​បាត់​នោះទេ​។ ព្រោះ​អ្នកខ្លះ​នៅ​ប៉ោយប៉ែត ខ្លះ​កំពង់សោម ខ្លះ​ទៅ​ធ្វើការ​នៅ​ថៃ ខ្លះ​នៅ​តាកែវ​ក៏មាន​ដែរ​។ ពួកគាត់​ចង់​មាន​ដី​រស់នៅ​រកស៊ី​នៅ​កោះកុង ចេះ​តែ​បង់​រំលស់ៗ​ឱ្យគេ​អ៊ីចឹង​ទៅ​»​។

លោក​ ហេង ភារក្ស ជនរងគ្រោះ​ ១ ​រូប​ទៀត​ដែល​ត្រូវបាន​គេ​បោក​ឱ្យ​ទិញ​ដីឡូត៍ បាន​ឱ្យ​ដឹងថា ក្រុមហ៊ុន Business Independent Distributor Co,Ltd ហៅ​កាត់​ថា B.I.D. ជា​ក្រុមហ៊ុន​បោកប្រាស់​។ ព្រោះ​ក្រុមហ៊ុន​នេះ​អះអាង​ថា បាន​ពុះ​ដីឡូត៍​លក់​នៅ​ចំណុច​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង លើ​ទំហំ​ដី​ជិត​ ៥ ​ម៉ឺន​ម៉ែត្រការ៉េ​។ ប៉ុន្តែ​ក្រោយ​ដំណើរការ​លក់​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ពោល​គឺ ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ប្រមូល​លុយ​បាន​ច្រើន​ទើប​ពលរដ្ឋ​ដឹងថា ក្រុមហ៊ុន B.I.D. គ្មាន​ដីឡូត៍​ពិតប្រាកដ ប្រគល់​ជូន​អតិថិជន ហើយ​អគ្គនាយក​ក្រុមហ៊ុន​ក៏​បាន​រត់​គេច​ខ្លួនបាត់​។

លោក​ ភារក្ស ​និយាយ​ថា​៖ «​ខ្ញុំ​បាន​នាំ​បងប្អូន​ទិញ​ដីឡូត៍​ចំនួន​ ៤ ​ប្លង់​ឱ្យ​លុយ​ដាច់​ចំនួន​ ២ ​ប្លង់ ហើយ​ ២ ​ប្លង់​ទៀត​បង់​ប្រចាំខែ​ក្នុង​ ១ ​ខែ​ ៥០០ ​ដុល្លារ ខ្ញុំ​បង់​បាន​ ៣ ​ខែ ក្រុមហ៊ុន​ដាក់​មេប្រូច​បាត់​»​។

បើតាម​លោក​ ភារក្ស បុគ្គលិក​ ២ ​នាក់ ​នៃ​ក្រុមហ៊ុន​នោះ​ត្រូវ​បាន​ចាប់ខ្លួន និង​បាន​បញ្ជូន​ពួកគេ​ទៅ​តុលាការ​ខេត្ត​កោះកុង​។ ប៉ុន្តែ​ពួកគេ​ត្រូវបាន​តុលាការ​ដោះលែង​វិញ​ដោយ​សម្អាងថា គ្រាន់តែ​ជា​បុគ្គលិក​មិនមាន​ការពាក់ព័ន្ធ​។

លោក ​អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​កោះកុង​ឱ្យ​ដឹងថា ក្រោយពី​បាន​ទទួល និង​ពិនិត្យ​សំណុំរឿង ក៏ដូចជា​ការសាកសួរ​ជន​ពាក់ព័ន្ធ​ទាំង​បុគ្គលិក ក្រុមហ៊ុន និង​ដើមបណ្តឹង តុលាការ ឃើញថា ពុំមាន​ភ័ស្តុតាង​ដាក់បន្ទុក​ថា បុគ្គលិក​ក្រុមហ៊ុន​មាន​ចេតនា និង​បាន​ចូលរួម​ក្នុង​ការប្រព្រឹត្ត​បទល្មើស​នោះ​ឡើយ​។

លោក​ថ្លែងថា​៖ «​រាល់​ឯកសារ​ទិញ​លក់ និង​លិខិតស្នាម​ផ្សេងៗ​ធ្វើឡើង​រវាង​អតិថិជន និង​ម្ចាស់​ក្រុមហ៊ុន​។ ចំពោះ​បុគ្គលិក​ក្រុមហ៊ុន​ដែល​បាន​បញ្ជូន​មក​នោះ គឺ​គាត់​ធ្វើ​ការងារ​ទៅ​តាម​តួនាទី និង​ភារកិច្ច​របស់គាត់ ដោយ​ទទួល​បាន​ត្រឹមតែ​ប្រាក់ខែ​តែប៉ុណ្ណោះ ហើយ​ក៏​មិនមាន​ភ័ស្តុតាង​ណាមួយ​បញ្ជាក់ថា គាត់​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ទេ​»​។

ផ្អែក​តាម​គោលការណ៍​នៃ​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ បុគ្គល​ម្នាក់ៗ ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​តែ​ចំពោះ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​ប៉ុណ្ណោះ​។ ហេតុនេះ​មិនមែន​មានន័យ​ថា ម្ចាស់​ក្រុមហ៊ុន​ប្រព្រឹត្ត​បទល្មើស​ហើយ​រត់គេចខ្លួន បែរ​ជា​ត្រូវ​ចាប់ និង​ឃុំខ្លួន​បុគ្គលិក​ជំនួស​វិញ​ទេ បើទោះបី​បុគ្គលិក​នោះ​ជា​ញាតិ​ ឬ​មិនមែន​ជា​ញាតិ​ក្តី​។ អ្វីដែល​សំខាន់​គឺ​ត្រូវ​ពិនិត្យថា​គាត់​មាន​ចេតនា​ទុច្ចរិត និង​បាន​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ដែរ​ឬ​អត់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ សុវណ្ណធានី​។

លោក​បន្តថា​៖ «​ចំណុច​សំខាន់​ថា ក្នុង​សំណុំ​រឿងនេះ​តុលាការ​បាន​កំណត់​អត្តសញ្ញាណ​ជនល្មើស និង​ចេញ​ដីកា​បញ្ជា​ឱ្យ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​ ៣ ​នាក់​ ដែលជា​អ្នកទទួល​ខុសត្រូវ​ក្នុងករណីនេះ​រួចរាល់​ហើយ ដែល​ជន​ទាំងនោះ​មាន​ឈ្មោះ​បាន បញ្ញា ឈ្មោះ​ ភន ទីគា និង​ឈ្មោះ​ លី ប៊ុនរដ្ឋថី​។ បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​តែ​ធ្វើការ​យ៉ាងសកម្ម ដើម្បី​ស្វែងរក និង​ចាប់ខ្លួន​បញ្ជូន​ជន​ទាំង​នោះ​មក​ផ្តន្ទាទោស​តាម​ច្បាប់​»៕