ភ្នំពេញៈ តុលាការបានបដិសេធសំណើសុំលើកលែងបទចោទ លើលោក កឹម សុខា ជាលើកទី៤ ក្រោយពេលក្រុមមេធាវីការពារក្តី បានដាក់ពាក្យស្នើសុំកាលពី ២ សប្ដាហ៍មុន ខណៈដែលអ្នកជំនាញច្បាប់យល់ថា ប្រសិនបើតុលាការមានភ័ស្តុតាង គួរតែប្រញាប់កាត់ក្តី ដោយមិនត្រូវទុកសំណុំរឿងរបស់អតីតមេបក្សប្រឆាំងបែបនេះទេ។
លោកស្រី ម៉េង សុភារី មេធាវីការពារក្តី១រូបក្នុងចំណោម ៤ រូបរបស់លោក កឹម សុខា បានឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា ក្រុមមេធាវីទើបតែទទួលបានដីកាសម្រេចរបស់ចៅក្រមស៊ើបសួរកាលពីថ្ងៃចន្ទ ដោយចៅក្រមបានសម្រេចបដិសេធ ការស្នើសុំលើកលែងបទចោទ លើលោក កឹម សុខា។
លោកស្រីបញ្ជាក់ថា ក្រុមមេធាវី បានដាក់ពាក្យស្នើសុំ លើកលែងបទចោទ កាលពីថ្ងៃទី ១៤ ខែ មីនា ប៉ុន្តែចៅក្រមបានសម្រេចបដិសេធតាមដីកាចុះថ្ងៃទី ១៩ មីនា។ លោកស្រីថ្លែងថា តាមនីតិវិធី ការបដិសេធរបស់ចៅក្រមស៊ើប នៃសាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងដោយមិនចាំបាច់មាននីតិវិធីទេ។ តែប្រសិនបើសហមេធាវីប្តឹងទៅឧទ្ធរណ៍ ឬប្ដឹងសារទុក្ខ នោះទើបមានការបើកសវនាការ នៅសាលាឧទ្ធរណ៍ឬតុលាការកំពូល។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣ ខែ កញ្ញា ២០១៧ ដោយត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិឬសន្ទិដ្ឋភាពជាមួយបរទេស។ ការចាប់ខ្លួននេះធ្វើឡើងក្រោយពេលមានការបង្ហោះវីដេអូឃ្លីបនៅលើបណ្ដាញសង្គមដែលក្នុងនោះ លោក សុខា បានថ្លែងនៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ ២០១៣ ថា លោកបានទទួលដំបូន្មានពីសហរដ្ឋអាមេរិក ក្នុងការធ្វើនយោបាយរបស់លោក។
លោក ចាន់ ចេន មេធាវីការពារក្តីម្នាក់ទៀត បានថ្លែងថា នេះជាលើកទី៤ ហើយ ដែលក្រុមមេធាវីការពារក្តីបានដាក់ពាក្យស្នើសុំលើកលែងបទចោទ។ លោកពន្យល់ថា ការស្នើសុំលើកលែងបទចោទនេះ ដោយសារតែរឿងក្តីនេះ ត្រូវបានតុលាការ ស៊ើបអង្កេតគ្រប់ជ្រុងជ្រោយរួចហើយ ហើយមានរយៈពេលជាង ១ ឆ្នាំហើយ។
លោកថា តុលាការមិនមានអ្វីសម្រាប់ដាក់បន្ទុកទៅលើកូនក្តីរបស់លោកទេ ក្រៅពីអំណះអំណាងជាវីដេអូឃ្លីបដែលមានរយៈពេលខ្លី។ ចំណុចទី៣ គឺមានការអះអាងថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ មានមុខរបរត្រឹមត្រូវ មានអាសយដ្ឋានច្បាស់លាស់។
លោកថ្លែងថា៖ «មូលហេតុសំខាន់ ដែលសហមេធាវីស្នើឲ្យលើកលែងបទចោទប្រកាន់គឺ ដោយពិនិត្យទៅលើអង្គហេតុអង្គច្បាប់ វាអត់មានធាតុផ្សំគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកទៅលើកូនក្តីក្នុងការចោទប្រកាន់ ពីបទសន្ទិដ្ឋភាពជាមួយបរទេស»។
យោងតាមលោក ចាន់ ចេន លោកចៅក្រមស៊ើបសួរ គី ឫទ្ធី បានសម្រេចបដិសេធលើកលែងបទចោទដោយបញ្ជាក់ពីហេតុផលថា វាជាបទល្មើសសន្ទិដ្ឋភាពជាមួយបរទេស តុលាការមិនទាន់បញ្ចប់ការស៊ើបអង្កេតគ្រប់ជ្រុងជ្រោយ ហើយតុលាការ ត្រូវការសាកសួរសាក្សីបន្តទៀត។
លោកស្រី ម៉េង សុភារី បញ្ជាក់ថា សហមេធាវីអាចនឹងដាក់ពាក្យស្នើសុំលើកលែងបទចោទនេះទៅសាលាឧទ្ធរណ៍តាមកំណត់ច្បាប់។ លោកចៅក្រមស៊ើបសួរ គី ឫទ្ធី មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។
លោក កឹម សុខា ត្រូវបានតុលាការដោះលែងពីពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំកាលពីខែ កញ្ញា ឆ្នាំ ២០១៨ ដោយដាក់ឲ្យ ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ ក្នុងដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ «ក្រៅពីលំនៅឋាន ដែលមានទីតាំងនៅលើផ្លូវលេខ ៣១៣ លោក សុខា មិនត្រូវចេញពីព្រំប្រទល់នៃដែនដីដែលខណ្ឌដោយផ្លូវលេខ ៣១៣ ផ្លូវ ៣១១ និងផ្លូវលេខ ៦០៨»។
អ្នកជំនាញផ្នែកច្បាប់ លោកមេធាវី សុក សំអឿន យល់ថា ក្នុងច្បាប់កម្ពុជា លោក កឹម សុខា ពិតជាត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្តែជាក់ស្ដែង និងក្នុងក្រសែភ្នែករបស់អន្តរជាតិ លោកនៅតែមិនមានសេរីភាពដដែល។
លោកពន្យល់ថា៖ «បើយើងនិយាយពីសិទ្ធិសេរីភាព អ្វីដែលហៅថា ការឃុំខ្លួន។ ឧទាហរណ៍គេមិនឲ្យយើងអាចទៅណាបាន ឲ្យនៅតែក្នុងរង្វង់ប៉ុន្មានម៉ែត្រអ៊ីចឹង។ តើនេះ ជាការឃុំខ្លួនឬអត់? ព្រោះយើងអត់អាចដើរហើរក្រៅពីនោះបាន។ ដូច្នេះយើងបាត់បង់សិទ្ធិដើរហើរមួយហើយ។ ដូច្នេះការធ្វើបែបនេះចំពោះខ្ញុំ ខ្ញុំថា ជាការឃុំខ្លួនបណ្ដោះអាសន្ន»។
លោកបន្តថា ការឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន គួរតែហាមឃាត់តែការចាកចេញទៅក្រៅប្រទេសប៉ុណ្ណោះ «បើមិនឲ្យចេញពីបរិវេណ ១០ ឬ ២០ ម៉ែត្របួនជ្រុង នៃបរិវេណផ្ទះអ៊ីចឹង ហើយចុះបើគ្រួសារអត់រកស៊ីអី មិនងាប់ហើយអ៊ីចឹង»។
លោកថ្លែងបន្តថា៖ «តុលាការចាត់ទុកថា អាហ្នឹងជាការដោះលែងឲ្យនៅក្រៅឃុំ តុលាការនិងរដ្ឋអំណាច អាជ្ញាធរ គេឲ្យតម្លៃអ៊ីចឹង! ប៉ុន្តែខ្ញុំថា ថ្វីដ្បិតតែយើងក្នុងស្រុក ឲ្យនិយមន័យអ៊ីចឹងមែន ប៉ុន្តែភ្នែកខាងក្រៅប្រទេសដែលជាបទដ្ឋានអន្តរជាតិនោះគេអត់យល់ថា យើងធ្វើត្រូវទេ។ គេថា យើងឃុំខ្លួនក្នុងផ្ទះ។ ជាអនុសាសន៍របស់ខ្ញុំ ខ្ញុំថា គួរតែតុលាការបើមានភ័ស្តុតាងចោទ ប្រកាន់គេ ក៏ប្រញាប់កាត់ក្តីទៅកុំទុកចោលអ៊ីចឹង។ ចៅក្រមស៊ើបសួរបើអត់មានភ័ស្តុតាងទេ លើកលែងការចោទប្រកាន់ទៅ បើមានភ័ស្តុតាងមែនកាត់ក្ដីឲ្យគេ (កឹម សុខា) មានទោសទៅ ជាប់គុកប៉ុន្មានឆ្នាំៗឲ្យដឹងច្បាស់»។
លោក សុក សំអឿន បន្តថា លោកយល់ឃើញថា មានបញ្ហាផ្លូវច្បាប់មួយ នៅកម្ពុជា គឺការមិនកំណត់ថិរវេលានៃការនៅក្រៅឃុំបណ្ដោះអាសន្ន។ លោកថា ទោះបីនៅក្នុងឃុំ ឬក្រៅឃុំក៏ដោយ ក៏គួរមានការកំណត់ពេលវេលា ដោយមិនត្រូវទុកជនត្រូវចោទចោលទេ ព្រោះវាធ្វើឲ្យជននោះមានការភ័យខ្លាច អត់ស្រឡះចិត្ត មានសម្ពាធផ្លូវចិត្ត ព្រោះខ្លាចតុលាការចាប់ដាក់គុកនៅថ្ងៃណមួយ។
អ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ ថ្លែងថា ការចាប់ខ្លួនលោក សុខា ធ្វើឡើងទាំងមានចម្ងល់ហើយនៅពេលដែលការចោទប្រកាន់គាត់ដោយថា មានជាប់ទាក់ទិននឹងអាមេរិកនោះ វាមិនងាយស្រួលសម្រាប់តុលាការខ្មែរក្នុងការកាត់ទោសគាត់ ដោយមិនបានចោទប្រកាន់ កោះហៅ និងយកភ័ស្តុតាងពីអ្នកសមគំនិតបរទេសទាំងនេះទេ។
លោកថា បើមានការហៅបរទេសមកជាប់ពាក់ព័ន្ធនោះ វានឹងធ្វើឲ្យមានការបង្ហាញដល់អន្តរជាតិថា តុលាការទាំងនេះ មិនមានសមត្ថភាព ខ្វះឯករាជ្យ នៅពេលប្រឈមមុខជាមួយមេធាវីបរទេសដែលមានវិជ្ជាជីវៈ ដែលការពារអ្នកដែលចូលដៃចូលជើង។
លោកថា៖ «ដូច្នេះ (រដ្ឋាភិបាលគិតថា) វាជារឿងប្រសើរ សម្រាប់រដ្ឋាភិបាល ក្នុងការបន្តឃុំខ្លួន លោក កឹម សុខា នៅផ្ទះ ហើយលាក់មុខ ក្រោមការលើកឡើងពីភាពស្របច្បាប់ នៃការឃុំខ្លួន ដែលជាការអះអាងផ្លូវច្បាប់អំពីឯករាជភាពដើម្បីការពារខ្លួន (រដ្ឋាភិបាល) ពីការរិះគន់ និងសម្ពាធ»៕