ភ្នំពេញៈ ក្រុម​ជនជាប់ចោទ​ ១២ ​នាក់ ​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ផង​ត្រូវ​បាន​នាំមក​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៣ មីនា ដើម្បី​បន្ត​ការជំនុំជម្រះ​លើ​សំណុំរឿង​ប៉ុនប៉ង​លួច​ប្រមូល​កម្លាំង​ប្រដាប់អាវុធ និង​ទិញ​កាំភ្លើង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ ខេត្ត​កំពត និង ខេត្ត​ពោធិ៍សាត់​កាលពី​ឆ្នាំ​ ២០១៨​។

ក្នុង​បន្ទប់​សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ៣ ខែ​មីនា​គេ​ឃើញ​មាន​វត្តមាន​សមាសភាព​ចៅក្រម ៣ ​រូប​ដែល​មាន​លោកស្រី​ចៅក្រម ស៊ លីនណា ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​មាន​តំណាង​អយ្យការ​ម្នាក់​។ រីឯ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​គេ​ឃើញ​មាន​វត្តមាន​ចំនួន​ ១០ ​រូប​ចូលខ្លួន​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ទាំង​ ១២ ​នាក់​។ សវនាការ​ថ្ងៃទី ​៣ មីនា ដែល​បាន​បន្ត​កាលពី​ខែ​មុន​នោះ​លោក​ ប៉េង រ៉ា ជនជាប់ចោទ​ម្នាក់​ក្នុង​ចំណោម​ ១២ ​នាក់ ​ប្រាប់​ចៅក្រម​ថា គាត់​មាន​គ្រឿងចក្រ​ភ្ជួរ​ដី​ ១ ​គ្រឿង​ សម្រាប់​ជួល​ ឬ​ក៏​ស៊ីឈ្នួល​ភ្ជួរ​ដី​ឲ្យ​គេ​។ លោក​រស់នៅ​ក្នុងភូមិ​តេជោដំរី ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត​។

លោក​ប្រាប់ទៀត​ថា ប៉េង សុខា [​ជនជាប់ចោទ​ម្នាក់ទៀត​] ​មាន​ដីចម្ការ​ដាំ​ដើម​ស្វាយ​ចំនួន​ ២ ​ហិកតា​នៅក្នុង​ស្រុក​ឈូក ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ដី​របស់គាត់ ហើយ​គាត់​តែង​យក​ទូរស័ព្ទ​ទៅ​សាក​ថ្ម​នៅក្នុង​ចម្ការ​របស់​ឈ្មោះ​ ប៉េង សុខា​។ មុន​សមត្ថកិច្ច​ចាប់ខ្លួន​គឺ​គាត់​បានដឹងថា សមត្ថកិច្ច​បាន​រកឃើញ​កាំភ្លើង​វែង​ ១ ​ដើម​នៅ​ដីចម្ការ​របស់​ឈ្មោះ​ ប៉េង សុខា ដែល​លាក់ទុក​ក្នុង​ដីចម្ការ​នោះ​។

លោកស្រី​ចៅក្រម​ ស៊ លីនណា ​បាន​សួរ​ទៅ​លោក ប៉េង រ៉ា អាយុ ៤៥ ​ឆ្នាំ​ថា ក្នុង​ចំណោម​ជនជាប់ចោទ​ទាំង​ ១២ ​នាក់ តើ​លោក​ស្គាល់​ឈ្មោះ​ ប៉េង សុខា ​ដែរ​ទេ​?

លោក​ ប៉េង រ៉ា បាន​ប្រាប់​ចៅក្រម​ថា​ក្រោយពី​សមត្ថកិច្ច​រកឃើញ​កាំភ្លើង​ហើយ ក៏​ចាប់​កម្មករ​របស់​ឈ្មោះ​ ប៉េង សុខា ​ម្នាក់​។ ដោយសារ​ភ័យខ្លាច​សមត្ថកិច្ច​ចាប់គាត់​ទៀត គាត់​ក៏​រត់​ទៅ​ខេត្តកំពង់ចាម​ហើយ​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ​ស្នាក់​នៅផ្ទះ​ ប៉េង សុខា បាន​ ២ ​ថ្ងៃ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី​ ១៩ ​ខែ​តុលា ឆ្នាំ​ ២០១៨​។ លោក​ប្រាប់​ថា​ស្គាល់​ឈ្មោះ​ ប៉េង សុខា ព្រោះ​ឈ្មោះ​នេះ​ត្រូវ​ជា​បងថ្លៃ​របស់​ខ្លួន​ក្រៅពី​នោះ​លោក​មិនបាន​ស្គាល់​ជនជាប់ចោទ​ផ្សេងទៀត​ទេ​។

លោក​ ប៉េង រ៉ា បន្តថា​៖ «​តែ​ខ្ញុំ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ទេ ហើយ​ខ្ញុំ​ទៅ​ខេត្ត​កំពង់ចាម​ព្រោះ​ខ្ញុំ​ទៅ​មើល​ម្តាយ​ឈឺ និង​យក​កូន​មក​ព្យាបាល​នៅ​ភ្នំពេញ​ផង ហើយ​ខ្ញុំ​ក៏​មិនដែល​ទៅ​ប្រទេស​ថៃ​ដែរ​»​។

ទោះយ៉ាងណា​លោក​ចៅក្រម​ ១ ​រូប​បាន​ប្រាប់​លោក​ ប៉េង រ៉ា វិញ​ក្នុង​ពេល​សវនាការ​ថា តុលាការ​សួរ​លោក​បែប​នេះ​ដើម្បី​ចង់​ផ្ទៀងផ្ទាត់​បញ្ជាក់​ពី​ចម្លើយ​របស់លោក​ដែល​បាន​ឆ្លើយ​ប្រាប់​នគរបាល​យុត្តិធម៌​ និង​នៅ​ដំណាក់កាល​តុលាការ​ដែល​លោក​ត្រូវ​បាន​ចាប់ខ្លួន​ដំបូង​។ ព្រោះ​ចម្លើយ​របស់លោក​កាលពី​នៅ​ដំណាក់កាល​នគរបាល​ និង​នៅ​តុលាការ​លោក​ឆ្លើយថា​ការដែល​លោក​ទៅ​ខេត្ត​កំពង់ចាម ដោយសារ​តែ​លោក​មានការ​ភ័យព្រួយ បន្ទាប់ពី​ដឹងថា សមត្ថកិច្ច​ចាប់​កម្មករ​របស់​ឈ្មោះ​ ប៉េង សុខា​។

លោក​ចៅក្រម​ថ្លែងថា​៖ «​លោក​ឆ្លើយ​យ៉ាងម៉េច​ក៏​បានដែរ​ ប៉ុន្តែ​តុលាការ​ក៏មាន​សិទ្ធិ​ជឿ​ ឬ​មិន​ជឿ​លើ​ចម្លើយ​របស់លោក​ដែរ​»​។

ដោយឡែក​ឈ្មោះ​ សៀង វ៉ាន់ឌឿន ជា​ជនជាប់ចោទ​ម្នាក់ទៀត​ត្រូវបាន​ចៅក្រម​ហៅ​ឡើង​ឆ្លើយ​បន្ត​ពី​ឈ្មោះ​ ប៉េង រ៉ា ដែលថា​ពាក់ព័ន្ធ​នឹង​ក្រុម​ជន​ប្រដាប់​អាវុធ​នេះ​គឺ​លោក​ឆ្លើយថា មិនបាន​ចូលរួម​ជាមួយ​ទេ​។

ដោយសារ​តែ​ជនជាប់ចោទ​មាន​ចំនួន​ច្រើន​ដែល​តុលាការ​មិនអាច​សួរដេញដោល​គ្រប់​គ្នា​នោះ​ត្រូវ​បាន​លោកស្រី​ចៅក្រម​ប្រកាស​ថា តុលាការ​នឹង​លើកពេល​ទៅ​ជំនុំជម្រះ​សំណុំ​រឿងនេះ​នៅពេល​ក្រោយ​ទៀត​។

ជនជាប់ចោទ​ ១២ ​នាក់​នេះ ​ត្រូវបាន​នគរបាល​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ស្រាវជ្រាវ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​ក្នុង​អំឡុង​ខែកញ្ញា ឆ្នាំ​ ២០១៨ នៅ​រាជធានី​ភ្នំពេញ ខេត្តកំពត ពោធិ៍សាត់ និង​ខេត្តកំពង់ចាម និង​ឆែកឆេរ​ឃើញ​កាំភ្លើង​អាកា​ចំនួន​ ២៥ ​ដើម​រួមទាំង​សម្ភារ​មួយ​ចំនួន​ទៀត​។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​ជន​ទាំង​ ១២ ​នាក់​ ពី​បទរៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ និង​បទ​ធ្វើ​សន្និធិ​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​តាម​មាត្រា ៤៨៥ មាត្រា ៤៨៦ និង​មាត្រា ៤៨៨ នៃ​ក្រមព្រហ្មទណ្ឌ​៕