ភ្នំពេញៈ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​នៅក្នុង​សវនាការ​ពីថ្ងៃ​ម្សិលមិញ​ថា សកម្មភាព និង​ចេតនា​របស់​លោក​គឺ​ធ្វើ​នយោបាយ ដោយ​អហិង្សា និង​មិន​មាន​បំណង​ធ្វើ​បដិវត្តន៍​ពណ៌​បង្ហូរឈាម​ខ្មែរ​ឡើយ ហើយ​អ្នកណា​ដែល​ដើរ​ផ្ទុយ​ពីនេះ​គឺ​លោក​មិន​សហការ​ជាមួយ​នោះទេ​។

ការបញ្ជាក់​នេះ​ធ្វើ​ឡើង បន្ទាប់ពី​មេធាវី​រដ្ឋាភិបាល​បង្ហាញ​ភ័ស្ដុតាង​ជា​វីដេអូ​ដែល​អះអាង​ថា លោក​ សម រង្ស៊ី ​មាន​បំណង​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​សព្វថ្ងៃ​។

នៅក្នុង​សវនាការ​ឈានចូល​ថ្ងៃទី​ ១១ សប្ដាហ៍​ទី​ ៦ លើ​សំណុំរឿង​សន្ទិដ្ឋភាព ជាមួយ​បរទេស​របស់​លោក កឹម សុខា គឺ​បាន​ពិភាក្សា​ដេញដោល​លើ​អង្គហេតុ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្រុម​មេធាវី​របស់​រដ្ឋាភិបាល​បាន​ចោទសួរ​លោក សុខា អំពី​មូលហេតុ​ដែល​លោក​ទៅ​ចូលរួម​សហការ​ជា​លោក សម រង្ស៊ី ដើម្បី​បង្កើត​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ក្រុម​មេធាវី​ទាំងនេះ អះអាង​ថា​លោក សម រង្ស៊ី ​ជា​អ្នកមាន​គំនិត​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​។

លោក សុខា បាន​ឆ្លើយ​ថា ការបង្កើត CNRP គឺ​ភាគី​ទាំង​ ២ បាន​ព្រមព្រៀង​គ្នា ដើម្បី​អនុវត្តតាម​លក្ខន្តិកៈ​គណបក្ស​នេះ​ដែល​មាន​គោលដៅ​ពិតប្រាកដ និង​មាន​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម គឺ​ការធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​មិន​ធ្វើ​សង្គ្រាម​បង្ហូរឈាម​ខ្មែរ​ជាដាច់ខាត​។

លោក​ថា​៖ «​ខ្ញុំ​ធ្វើ​នយោបាយ​ដោយ​អហិង្សា អត់​យក​ខ្មែរ​ណា​ជាស​ត្រូវ អត់​ធ្វើ​បដិវត្តន៍​ពណ៌ អត់​បង្ហូរឈាម​ខ្មែរ ហើយ​បើ​អ្នកណា​ដែល​ដើរ​ផ្ទុយ​ពីនេះ ខ្ញុំ​អត់​ធ្វើ​ជា​មួយ​ទេ ហើយ​អ្នកណា​ប្រើ​ហិង្សា គឺ​សុំ​ចៀស​ឱ្យ​ឆ្ងាយ​ពី​ខ្ញុំ​»​។

ការអះអាង​របស់​លោក​ សុខា គឺ​បន្ទាប់ពី​មេធាវី​រដ្ឋាភិបាល​បានស្នើ​សុំ​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​មួយ​ម្ដងទៀត ដែល​បង្ហាញ​អំពី​ការថ្លែង​របស់​លោក សម រង្ស៊ី ទៅកាន់​អ្នកគាំទ្រ​ដែល​កាលនោះ​លោក​នៅ​ធ្វើជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្នុង​វីដេអូ​នោះ​លោក សម រង្ស៊ី បាន​ប្រើពាក្យ​មួយចំនួន​ដូចជា កងកម្លាំង​ប្រដាប់អាវុធ​ដែល​ភាគច្រើន​កើតចេញ​ពី​គ្រួសារ​ខ្មែរ​ក្រីក្រ​នឹង​ងើប​ផ្ដួលរំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន​។ ពាក្យសម្ដី​ខ្លះទៀត​បញ្ជាក់​ថា លោក​មិន​ចរចា​ជាមួយ​លោក ហ៊ុន សែន ឡើយ ហើយ​ចង់​ឱ្យ​លោក ហ៊ុន សែន ​ចុះ​ចេញពី​តំណែង​កាន់តែ​ឆាប់​គឺ​កាន់តែ​ល្អជា​ដើម​។

ប៉ុន្តែ​លោក កឹម សុខា បាន​បញ្ជាក់​ថា​ការព្រមព្រៀង​គ្នា​បង្កើត​អតីត​គណបក្ស​សង្គ្រោះជាតិ​គឺ​ដោយសារ​មាន​ការព្រមព្រៀង​គ្នា​រវាង​លោក និង​លោក សម រង្ស៊ី ដើម្បី​ដើរ​តាម​រដ្ឋធម្មនុញ្ញ និង​អនុវត្ត​អ្វី​ដែល​ជា​លក្ខន្ដិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​។

លោក​បន្តថា កន្លង​មក​ក្រុម​ ប៉ុល ពត និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ធ្លាប់ប្រើ​ប្រាស់​អាវុធ​ប្រឆាំង​គ្នា​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប៉ុន្តែ​ចុងក្រោយ​ក៏​ត្រូវបាន​រដ្ឋាភិបាល​អាច​ធ្វើ​សមាហរណកម្ម​ជាមួយ​ក្រុមមន្ត្រី​ ប៉ុល ពត និង​ចងសម្ព័ន្ធភាព​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែរ​។ នៅក្នុង​សវនាការ​ដដែល​តំណាង​អយ្យការ និង​ក្រុម​មេធាវី​របស់​រដ្ឋាភិបាល​ក៏​បាន​សួរដេញដោល​លោក សុខា អំពី​ដំណើរការ​ជួបចរចា​ជាមួយ​លោក សម រង្ស៊ី នៅក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​កាលពី​ខែ​កក្កដា​ឆ្នាំ​ ២០១២ ដើម្បី​ឈាន​ទៅ​ព្រមព្រៀង​គ្នា​បង្កើត​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

ពួកគេ​បាន​សួរថា តើ​អ្នកណា​ជា​អ្នក​ឧបត្ថម្ភ​ថវិកា​ឱ្យ​មាន​ការជួបចរចា​នេះ​រួមទាំង​អ្នក​ដែល​បាន​សម្រេច​ឱ្យ​បង្កើត​គណបក្ស​ដាក់ឈ្មោះ​ «​គណបក្ស​សង្គ្រោះជាតិ​» និង​ការប្រើប្រាស់​រូប​ព្រះអាទិត្យ រួមទាំង​អ្នក​ជួយ​បង្កើត​គោលនយោបាយ និង​យុទ្ធសាស្ដ្រ​របស់​គណបក្ស​នេះ​ជាដើម​។

លោក​ សុខា បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឆន្ទៈ​ពលរដ្ឋ និង​ឆន្ទៈ​របស់​លោក​ជាមួយ​លោក សម រង្ស៊ី និង​មិនមែន​បង្កើតឡើង​ដោយសារ​មាន​សម្ពាធ​ពី​បរទេស​ណាមួយ​ឡើយ​៕