ភ្នំពេញៈ អយ្យ​ការ​អម​​សាលា​ដំបូ​ង​រាជ​ធា​នី​ភ្នំពេញ​​កំពុង​បន្ត​សាក​សួរ​ស្រ្តី​​សង្ស័យជា​ត​វៀតណា​ម​ម្នាក់​ និង​បុរសខ្មែរម្នាក់​​ ពាក់ព័ន្ធ​ករណី​ជួញ​ដូរគ្រឿង​ញៀន​ជាង ​២០០ កញ្ច​ប់​​តូច​ ហើយ​ត្រូវ​បា​នស​ម​ត្ថ​កិច្ច​ក​ង​រា​ជ​អាវុ​ធ​ហត្ថខ​ណ្ឌ​ឫស្សីកែវ​ ឃាត់ខ្លួន​កាល​ពីថ្ងៃ​ទី​​ ១២ ​កក្កដា​​ នៅ​ភូមិ​​ផ្សារ​តូច​ សង្កាត់​ទួល​សង្កែ ១​ ខណ្ឌ​ឬស្សី​កែវ​ រាជ​ធានី​ភ្នំពេញ​។

លោក​ គុជ​ គឹម​ឡុង​ អ្នកនាំពាក្យ​ផ្នែក​អយ្យ​ការអ​មសាលា​ដំបូងរាជ​ធានី​ភ្នំពេញ​ឲ្យ​ដឹង​នៅថ្ងៃ ១៤​ កក្កដា​ នេះ​ថា ​ករណី​ស្រ្តី​សង្ស័យ​ជាតិ​វៀត​ណាម​​ឈ្មោះ​ ទន់​ ចេង​ និង​បុរស​ខ្មែរឈ្មោះ​ ស្រី ​វិចិត្រ​ គឺ​អយ្យ​ការ​កំពុ​ង​បន្ត​សា​កសួ​រ​ពួកគេ​មិន​ទាន់​ចប់​ទេ​។

លោក​ថ្លែង​ថា៖​ «ករណីនេះ​ខាងអ​យ្យការ​កំ​ពុង​បន្ត​នីតិ​វិធី​សា​កសួរ​ពួក​គេនៅ​ឡើយ​ ហើយ​ប្រសិន​បើ​​មាន​ព័ត៌មា​ន​អ្វីថ្មី​​ខ្ញុំ​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ​»​។​

ពាក់​ព័ន្ធ​ការ​ចាប់​ជ​ន​សង្ស័យ​ខាង​លើ​ ភ្នំពេ​ញប៉ុ​ស្តិ៍​មិនអា​ច​សុំ​ការប​ញ្ជា​ក់ពី ​​លោក ​អេង ​ហ៊ី​ អ្នកនាំ​ពាក្យ​កងរា​ជអា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ទេ​​ដោយ​សារ​ទូ​រស័​ព្ទ​លោ​ក​មិន​មាន​អ្នក​ទទួល​នៅ​ថ្ងៃទី​ ១​៤ កក្ក​ដា នេះ​។

ទោះ​យ៉ាង​ណា​​ មន្រ្តី​អា​វុធហ​ត្ថ​​ផ្នែក​​សេនាធិកា​រ​នៃ​​បញ្ជាការដ្ឋាន​កង​រាជ​អាវុ​ធ​ហត្ថ​រាជ​ធានី​ភ្នំពេ​ញ​​ម្នាក់សុំ​​មិនប​ញ្ចេញ​​ឈ្មោះ​ឲ្យដឹ​ងនៅ​ថ្ងៃ​ទី ១៤ កក្កដា ​នេះ​ថា​ ករណីនេះ​ដំបូ​ងស​មត្ថកិ​ច្ចរបស់​លោ​ក​បានឃា​ត់​ខ្លួន​​មនុស្ស​ ៣ នាក់​​ ក្នុង​នោះ​មាន​ក្មេង​ប្រុសម្នា​ក់​ផង​​។ ប៉ុន្តែ​សម​ត្ថកិ​ច្ច​ប​ញ្ជូន​តែ​ស្រ្តីឈ្មោះ ​ទន់ ​ចេង​ អាយុ​ ២៤ ឆ្នាំ​​ និង​បុរស​ឈ្មោះ ​ស្រី​ វិចិត្រ​ អាយុ ​២៨​ ឆ្នាំ​ ទៅសា​លា​ដំបូង​រាជ​ធានី​​ភ្នំពេ​ញ​ តាំង​ពី​ថ្ងៃទី​ ១៣​ កក្កដា ​មក​ម៉្លេះ​។​​

លោក​ថា មុន​ពេល​បង្ក្រាប​​ករណី​នេះ ​គឺក​ម្លាំ​ង​កង​រាជ​អាវុធហត្ថ​ខណ្ឌឫ​ស្សីកែវ​បាន​ស្រាវជ្រាវ​ដឹងថា​ ពួកគេ​លួច​ធ្វើ​ច​រាច​រណ៍លក់​​គ្រឿង​ញៀន។​​ លុះដ​ល់​ម៉ោង​ជា​ង​៧ព្រឹក​នៅ​ថ្ងៃ​ទី​ ១២​ កក្កដា ស​មត្ថ​កិច្ច​ជំនាញ​បានប្រើ​វិធាន​ញុះ​ញង់​ដោយ​បញ្ជា​ទិញថ្នាំញៀន​ពី​បក្ខ​ពួក​ជន​សង្ស័យ។​ បន្ទាប់ពី​​ចរចា​​ត្រូវ​គ្នា​​សមត្ថ​កិច្ច​​បាន​ណាត់​ដោះដូ​រ​ទំនិញ​ក៏ឃើ​ញបុ​រ​សម្នា​ក់​ ឈ្មោះ​ ស្រី​ វិចិត្រ​ យក​ថ្នាំ​ញៀន​មក​លក់​តាម​ការ​ណាត់​ ក៏​ចាប់ខ្លួន​​ជ​ននោះតែ​ម្ដ​ង។​​​

មន្រ្តី​បន្តថា​ ជន​សង្ស័យ​ឈ្មោះ​ ស្រី​ វិចិត្រ​ បាន​សារភាព​ថា ​​រូបគេ​បាន​ទិញ​ថ្នាំ​ញៀន​​​ពី​​ស្រ្តីវៀ​ត​ណាម​ម្នា​ក់​នៅ​​ម្តុំផ្សារ​​តូច។ ក្រោយ​ពី​សាក​សួ​រ​រួចស​ម​ត្ថកិច្ច​បាន​ឲ្យ​ជននោះ​​ទៅ​​បង្ហាញ​ទីតាំង​ចាយ​​គ្រឿង​ញៀន​​ទើប​ឈាន​ដល់​ចាប់​ស្រ្តី​វៀតណាម​ជាក់​ស្តែង​ជា​មួយ​គ្រឿង​ញៀ​ន​​ម្សៅក្រា​ម​ពណ៌​ស​​ថ្លា​ប្រភេទ​មេតំហ្វេតា​មីន​​ចំនួន​ ២០២​ កញ្ចប់​តូច​ ​រួមទាំង​ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន​​ ១ ផង​។

​ដោយ​ឡែ​ក​​ក្មេង​ប្រុ​ស​ម្នាក់​ដែលស​ម​ត្ថកិ​ច្ច​ឃើញក្នុ​ង​ផ្ទះ​កើត​ហេតុ​​ពេល​​ប​ង្ក្រាប​នោះ ​បានដោះ​លែ​ង​វិ​ញ​ហើ​យ ព្រោះ​ជា​អនីតិ​ជន​។

​ក្នុង​រយៈ​ពេ​ល​ ៦​ ខែដើ​ម​ឆ្នាំនេះ​ ស​ម​ត្ថ​កិ​ច្ច​បា​នប​ង្ក្រាប​បទ​ល្មើ​សគ្រឿង​ញៀ​ន​​ជាង ៤​ ពា​ន់​​ករណី​​ កើនឡើ​ង​​ ២៧ ​ភាគរ​យ​ បើធៀប​​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ ២​០១៩​។ ក្នុងនោះឃា​ត់ខ្លួ​ន​ជ​នល្មើ​ស​បាន​​ជាង​ ៨​ ពាន់​នា​ក់ ​​កើនឡើ​ង​ជាង​​​ ២៦​​ ភាគរ​យ​ ធៀប​នឹង​រយៈ​ពេ​លដូ​ច​គ្នា​​កាល​ពី​ឆ្នាំមុន​។ នេះបើ​​តាមរ​បាយ​កា​រណ៍​ក្រ​សួ​ង​មហា​ផ្ទៃ។

​របាយ​ការ​ណ៍​ដ​ដែល​បង្ហាញ​ថា​ ចំពោះ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​គ្រឿង​ញៀ​ន​​មាន​ជន​ជា​តិ​ផ្សេងៗ​គ្នា​រួម​មាន​​ខ្មែរ​មាន​ចំនួន ​៨ ៣៦៩​ នាក់​, ជន​ជាតិ​វៀតណាម​ ៩៦​ នាក់​, ឡាវ​ ២ នាក់​, ថៃ ​៣​ នាក់​, ចិន ​១៣​ នាក់​​, មីយ៉ាន់​ម៉ា ម្នា​ក់​, ឥណ្ឌូនេស៊ី​ម្នាក់​, សិង្ហ​បុរី​ម្នាក់​,ជប៉ុន​ម្នាក់ ​​និង​ជន​ជា​តិ​នី​ហ្សេរី​យ៉ាម្នា​ក់​​៕​