បន្ទាយ​មាន​ជ័យៈ សា​លា​ដំ​បូ​ង​ខេត្ត​បន្ទាយ​​មាន​ជ័យ កាល​ពី​ម្សិល​មិញ​ នៅ​តែ​​បន្តសាក​សួរលើ​បុរស​ជន​ជាតិ​ថៃ​ម្នាក់ ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន ខណៈ​​ស្រ្តី​ជន​ជាតិ​ថៃ​ ៥ នាក់​ និង​បុរស​ខ្មែរ​ម្នាក់​ទៀត ​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ជា​មួយ​គ្នា ត្រូវ​បញ្ជូន​ទៅ​កាន់មណ្ឌល​​បន្សា​ប​គ្រឿង​ញៀន​ខេត្ត​ កា​ល​ពី​ថ្ងៃ​ទី​ ១​៧​​ មិ​ថុ​នា ​​ឆ្នាំ ​២០១៩។

ជន​ជាតិ​ថៃ​ទាំង​ ៦ នាក់ និង​បុរស​ខ្មែរ​ម្នាក់ត្រូវ​បាន​សមត្ថ​​កិច្ច​ចាប់​ឃាត់​ខ្លួន ​កាល​ពី​ថ្ងៃ​ទី ១៦ ខែ​ មិថុនា​ នៅ​​ក្នុង​បន្ទប់​មួយ​នៃ​កា​ស៊ី​ណូ​យី​​ហោ​រី​សត​​ក្នុងភូ​មិ​-​សង្កាត់​-​ក្រុង​ប៉ោយប៉ែ​ត ​​ខេត្ត​​​បន្ទាយ​មាន​ជ័យ​​។​​​​

​​លោក​​ រឿន ​​លី​ណា ​​អ្នក​នាំ​ពាក្យ​សា​លា​ដំ​បូង​​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ថ្លែង​​ថា​​ ក​រ​ណី​មនុស្ស​ប្រុស​ស្រី ​ជា​ជន​ជា​​តិ​ថៃ​​ ដែល​ពា​ក់ព័ន្ធ​គ្រឿង​ញៀន​នោះ​​ លោក​មិន​ទាន់​​បាន​ទ​ទួល​របា​យ​​ការណ៍​ពី​ចៅ​ក្រម​ស៊ើប​សួរ​នៅ​ឡើយ​ទេ​ ព្រោះលោ​ក​មិន​បាន​នៅ​ការិយាល័យ។ ​

ប៉ុន្តែ​​បើ​តាម​ លោក​ ង៉ែ​ង ​សុ​ជា ​នាយ​កា​រិ​យា​ល័យ​ស្តី​ទី​ ប្រ​ឆាំង​បទ​ល្មើស​គ្រឿង​ញៀន​នៃ​ស្នង​​​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​បន្ទាយ​មា​នជ័យ​បាន​ឲ្យ​ដឹង​ថា​ ជន​ជា​តិ​ថៃ​ទាំង​អស់​មាន​ ៦​ នាក់​​ និង​បុរស​ខ្មែរ​ម្នាក់​លោក​​បា​ន​​បញ្ជូន​ពួក​គេ​ទៅ​សា​លា​ដំ​បូង​​ខេត្ត​​បន្ទា​​យ​មាន​ជ័យ ​កាល​ពី​ថ្ងៃ​ទី​ ១៧​ ខែ​ មិថុនា​ ​​​​​​ដែល​ក្នុង​នោះ​ មាន​ស្រ្តី​ជន​ជាតិ​ថៃ​ ៥​ នាក់ ​និង​បុរស​ខ្មែរ​ម្នាក់ ​ត្រូវ​បាន​តុលាការ​បញ្ជូន​​ទៅ​មណ្ឌល​បន្សាប​គ្រឿ​ង​​​​ញៀន​ខេត្ត​ហើយ។​

លោក​ថា​​៖ ​​«​​ចំ​ណែក​បុរស​ជន​​​ជាតិ​ថៃ​ម្នាក់​ត្រូវ​បាន​​​​ព្រះ​រាជ​អា​ជ្ញា​​ចោទ​ប្រ​កាន់​ហើយ​ ក្នុ​ង​បទ​រក្សា​ទុក​ និង​​ជួញ​ដូរ​គ្រឿង​ញៀន​ ហើយ​បញ្ជូន​បន្ត​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​។​ ​ប៉ុន្តែ​ ខាង​ចៅ​ក្រម កំ​ពុង​បន្ត​នី​តិ​វិ​ធី​ស៊ើប​សួរ​ជន​ម្នាក់​នោះ​ មិន​ទាន់​ចប់​នៅ​ឡើយ​ទេ»។

លោក​បាន​ថ្លែង​ទៀត​​ថា​​ បុ​រ​ស​​ជន​ជាតិ​ថៃ​ម្នាក់​នោះ​ ឈ្មោះ ថៈ​ណា​ណាត់​ ​​កឺ​ត​ណយ ​អា​យុ​​ ៣​៨ ​​ឆ្នាំ​។ ​រី​ឯ​បុរស​ជន​ជាតិ​ខ្មែរ​ ដែ​ល​ត្រូវ​បញ្ជូ​ន​ទៅ​មណ្ឌល​​បន្សាប​​គ្រឿង​ញៀន​ ឈ្មោះ ​ខៀវ​ តាំង​ ហៅ​ ទី​ អា​យុ​ ៣​៤ ​ឆ្នាំ​។ ​ចំណែក​​ស្រ្តីជា​ជ​ន​ជាតិ​ថៃ​ ៥ ​នាក់​នោះ ​មាន​អា​យុ​ចន្លោះ​ពី​ ៣​២ ​ឆ្នាំ​ ដ​ល់​ ៥៨ ឆ្នាំ។

ជុំ​វិញ​ប្រ​តិ​បត្តិការ​​បង្ក្រាប​​ជនជាតិ​ថៃ​នេះ​ លោក​​ ធិន​​ ស៊ិន​ដេត អធិការក្រុង​ប៉ោយ​ប៉ែត ​បាន​​ឲ្យ​ដឹង​​​កាល​ពីម្សិល​មិញ​ថា ​ក្រៅពី​ចាប់​ខ្លួន​ សមត្ថកិច្ច​រឹប​អូស​បាន​វត្ថុ​តា​ង​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំ​​នួន​ ៦ ​​ថង់​តូច ម្សៅ​ម៉ដ្ឋ​ពណ៌​ស ចំនួន ៣ កូន​ថង់តូច​ ថ្នាំ​គ្រាប់​ចំនួន​ ៥​ សង្ស័យ​ថ្នាំ​គ្រវី បំពង់​ចូក​ថ្នាំញៀន​ចំនួន​ ២​ និង​សម្ភារ​ប្រើ​ប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ទៀត៕