ភ្នំពេញៈ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​ម្សិលមិញ​ថា សវនាការ​ក្នុង​សប្ដាហ៍​ទី​ ៥ គឺ​នៅ​ថ្ងៃ​ពុធ​ និង​ព្រហស្បតិ៍​នា​សប្ដាហ៍​ក្រោយ តុលាការ​នឹង​បន្ត​សួរ​ដេញដោល​លោក​ កឹម សុខា អតីត​ប្រធាន​បក្សប្រឆាំង​អំពី​អង្គហេតុ​ត្រូវ​វ៉ូវ​គ្នា​សម្ងាត់​ជាមួយ​បរទេស​ចាប់​តាំងពី​ពេល​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​មុន​ពេល​បោះឆ្នោត​ និង​ក្រោយ​ការបោះឆ្នោត​ ២០១៣ រហូត​ដល់ពេល​ចាប់ខ្លួន​។

លោក​ កុយ សៅ ដែលជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែង​បែបនេះ មុនពេល​លោក​ប្រកាស​បិទ​សវនាការ​ដែល​បាន​ធ្វើ​ឡើង​រយៈពេល​តែ​ ១ ​ព្រឹក​នៅ​ថ្ងៃ​ម្សិលមិញ និង​ជា​សវនាការ​ថ្ងៃទី​ ៨ ​សប្ដាហ៍​ទី​ ៤ ពាក់ព័ន្ធ​នឹង​រឿង​សន្ទិដ្ឋភាព​ជាមួយ​បរទេស​របស់​លោក​ កឹម សុខា​។

លោក​បន្តថា សវនាការ​នៅ​សប្ដាហ៍​ក្រោយ នឹង​ពិភាក្សា​ដេញដោល​លើ​អង្គហេតុ​ត្រូវរ៉ូវ​គ្នា​សម្ងាត់​ជាមួយ​បរទេស ហើយ​អង្គហេតុ​ប្រទូស្ដរ៉ាយ​ក្នុង​សំណុំ​សន្ទិដ្ឋភាព​នេះ​នឹង​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​ដេញដោល​នាពេល​ក្រោយៗ​ទៀត​។ លោក​ថ្លែងថា​៖ «​នៅ​សប្ដាហ៍​ក្រោយ​យើង​នឹង​បើក​សវនាការ​ពិភាក្សា ថា​តើ​មាន​ភ័ស្ដុតាង​អ្វីខ្លះ​ដែល​បង្ហាញ ពី​ការឃុបឃិត​គ្នា​សម្ងាត់​ជាមួយ​បរទេស​របស់​លោក កឹម សុខា ហើយ​នៅ​កន្លែង​ណា​?»​។

សវនាការ​ចាប់ផ្ដើម​ដំបូង​លោក​ កុយ សៅ ប្រាប់​ឱ្យ​ចាក់ខ្សែ​វីដេអូ​ខ្លីៗ​ជិត​ ២០ ​ដែល​ជា​វីដេអូ​បង្ហាញ​ពី​សកម្មភាព និង​ការថ្លែង​របស់​លោក​ កឹម សុខា​។ ក្នុងចំណោម​វីដេអូ​ទាំងនោះ​មាន​ខ្លះ​បង្ហាញ​ពី​ការថ្លែង​សារ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​កាលពី​លោក​ កឹម សុខា ធ្វើជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​។ វីដេអូ​ខ្លះទៀត​បង្ហាញ​ពី​លោក​ កឹម សុខា ថ្លែង​សារ​នយោបាយ​ក្នុង​ពេលធ្វើ​សមាជ​បក្ស និង​ការ​ថ្លែង​តាម​វេទិកា​ជួប​ជាមួយ​អ្នកគាំទ្រ​កាល​លោក​ធ្វើជា​ប្រធាន គណបក្ស​សិទ្ធិមនុស្ស​។

វីដេអូ​មួយចំនួន​ទៀត​គឺ​នៅពេល​លោក​ កឹម សុខា ធ្វើជា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដូចជា​ការចុះ​ថ្លែង​សារ​នយោបាយ​ទៅកាន់​អ្នកគាំទ្រ និង​ការ​អមដំណើរ​ជាមួយ​លោក សម រង្ស៊ី ចូលរួម​ការចរចា​មួយ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង និង​លោក​ សាយ ឈុំ ជាដើម​។

មាន​វីដេអូ​មួយ​បង្ហាញ​ពី​សកម្មភាព​លោក​ កឹម សុខា ដឹកនាំ​ការដើរ​យាត្រា​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​ការចេះ​ប្រើប្រាស់​សិទ្ធិ​ផ្សេងៗ​នៅពេល​លោក​ធ្វើ​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស ហើយ​សារ​នយោបាយ​គឺ​ពាក់ព័ន្ធ​នឹង​គោលជំហរ​របស់​លោក​គណបក្ស​សិទ្ធិមនុស្ស​ និង​គោលជំហរ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​មូលហេតុ​បង្កើត​គណបក្ស​ទាំង​ ២ ​នេះ​។

ក្នុង​ចំណោម​សារ​នយោបាយ​ទាំងនោះ​មាន​ដូចជា គូប្រកួត​មិនមែន​ជា​សត្រូវ​នោះទេ ឈ្នះ​ដោយ​មិន​កម្ទេច​អ្នកចាញ់ ឈ្នះ​មិន​ធ្វើបាប​អ្នកចាញ់​គឺ​ឈ្នះ​ធ្វើឱ្យ​ខ្មែរ​រុងរឿង​ និង​បាន​សេចក្ដីសុខ​ទាំងអស់​គ្នា​។ គណបក្ស​សង្គ្រោះជាតិ​មិនមែន​ជា​គណបក្ស​ប្រដាប់អាវុធ​មិន​ធ្វើ​បដិវត្តន៍​ពណ៌ និង​មិន​ធ្វើ​រដ្ឋប្រហារ​ជាដើម​។

លោក​ កុយ សៅ បញ្ជាក់​ថា​ការចាក់​វីដេអូ​នោះ​គឺ​ដើម្បី​ឱ្យ​ភាគី​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា និង​មេធាវី​ការពារ​ក្ដី​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​ផ្ទៀងផ្ទាត់​អត្ថន័យ​ក្នុង​ខ្សែ​វីដេអូ​ទាំងនោះ​ទៅ​នឹង​ប្រតិចារឹក​។ វីដេអូ​ និង​ប្រតិចារឹក​ទាំងនេះ​គឺជា​ភ័ស្ដុតាង​ដោះ​បន្ទុក​ដែល​ក្រុម​មេធាវី​លោក​ កឹម សុខា ធ្លាប់​បាន​ដាក់​មក​តុលាការ​កន្លងមក​។

ក្រុម​ការពារ​ក្ដី​ឱ្យ​លោក​ កឹម សុខា ក៏បាន​បញ្ជាក់ថា មាន​មួយ​ចំនួន​ក្នុង​វីដេអូ​ទាំងនេះ​គឺជា​ឃ្លីប​ដែល​ត្រូវ​គេ​កាត់​យកចេញ​ពី​វីដេអូ​ដែល​តុលាការ​យក​មក​ប្រើប្រាស់​ជា​ភ័ស្ដុតាង​ដើម្បី​ចោទប្រកាន់​លោក​ កឹម សុខា ពីបទ​ក្បត់ជាតិ​។

ក្រោយ​សម្រាក​រយៈពេល​ ១០ ​នាទី​បន្ទាប់ពី​មាន​ការចាក់ខ្សែ​វីដេអូ​ទាំងនោះ លោក​ កុយ សៅ បានប្រកាស​ឱ្យ​តំណាង​អយ្យការ​ និង​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​កត់សម្គាល់​បន្ត​លើ​ភ័ស្ដុតាង​ជា​រូបភាព​ចំនួន​ ១៦ ​ភ័ស្ដុតាង ដែល​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​ កឹម សុខា ទើប​ដាក់​ចូលធ្វើ​ភ័ស្ដុតាង​បន្ថែម​ទៅ​តុលាការ​កាលពី​ថ្ងៃ​អង្គារ​។

រូបថត​ទាំង​ ១៦ ​នោះ​មាន​រូប​ខ្លះ​គឺ​លោក​ កឹម សុខា បាន​ជួបពិភាក្សា​ជាមួយ​ប្រធាន​ NDI ​ប្រចាំ​កម្ពុជា ហើយ​ខ្លះទៀត​គឺ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ក៏បាន​ជួប​ជាមួយ​ប្រធាន​ NDI ​ប្រចាំ​កម្ពុជា​ដែរ​។ ប៉ុន្តែ​នៅក្នុង​ពេលធ្វើការ​កត់សម្គាល់ គឺ​ខាង​អយ្យការ​ និង​ក្រុម​មេធាវី​ការពារ​ក្ដី​របស់​រដ្ឋាភិបាល​បាន​ស្នើសុំ​ទៅ​លោក​ កុយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ពិចារណា​ក្នុងការ​បដិសេធ​មិន​ទទួល​យក​ភ័ស្ដុតាង​ទាំងនោះ​។ ព្រោះ​ពួកគេ​ថា​ជា​ការដាក់​ភ័ស្ដុតាង​មិន​ត្រឹមត្រូវ ដោយសារ​មិន​មាន​កាលបរិច្ឆេទ គ្មាន​ខ្លឹមសារ និង​មិន​បញ្ជាក់​អំពី​ទីកន្លែង​ជាដើម​។

ប៉ុន្តែ​មេធាវី​លោក​ កឹម សុខា ម្នាក់​គឺ​អ្នកស្រី​ ម៉េង សុធារី បញ្ជាក់ថា ភ័ស្ដុតាង​ទាំងនោះ​ដាក់​គ្រាន់តែ​បញ្ជាក់​ពី​ខ្លឹមសារ មិនមែន​ដាក់​ដើម្បី​ចោទប្រកាន់​ពីបទ​ប្រទូស្ដរ៉ាយ​ឡើយ​។

ប៉ុន្តែ​លោក​ កុយ សៅ សម្រេច​ទទួល​យក​ភ័ស្ដុតាង​ទាំងនោះ ប៉ុន្តែ​ប្រាប់​ឱ្យ​មេធាវី​លោក​ សុខា ដាក់​បន្ថែម​ខ្លឹមសារ​ កាលបរិច្ឆេទ​ និង​ទីកន្លែង​នៅពេល​ក្រោយ​៕

ក្នុង​សវនាការ​នោះ​ក៏​មាន​ការលើកឡើង​យ៉ាង​តានតឹង​រវាង​ក្រុម​មេធាវី​លោក កឹម សុខា ជាមួយ​តំណាង​អយ្យការ​ និង​មេធាវី​របស់​រដ្ឋាភិបាល​ដែល​បាន​អះអាង​រៀងៗ​ខ្លួន​ថា ពួកគេ​មិន​ទទួលបាន​ការប្រើប្រាស់​សិទ្ធិ​ក្នុងពេល​សវនាការ​ដោយ​ស្មើភាព​គ្នា​ឡើយ​។ ខណៈនោះ​លោក​ គី តិច មេធាវី​ការពារ​ក្ដី​ឱ្យ​រដ្ឋាភិបាល​ក៏​បាន​ស្នើសុំ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឱ្យ​ពិនិត្យ​លើ​ការប្រើប្រាស់​សិទ្ធិ​របស់​លោក កឹម សុខា ដែល​លោក​អះអាង​ថា​ទទួល​បាន​សិទ្ធិ​ពិសេស​ជាង​ជនជាប់ចោទ​ផ្សេងទៀត​។

ការស្នើសុំ​របស់​លោក​ គី តិច នេះ​បន្ទាប់ពី​លោក កឹម សុខា ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​អនុញ្ញាត​ឱ្យ​ឈរ​ ឬ​អង្គុយ​នៅពេល​ស្ថិត​ក្នុង​រង្វង់​ក្រចកសេះ ដោយសារ​លោក​ កឹម សុខា មិន​អាច​ឈរ​យូរ​បាន​។

ក្នុង​រយៈពេល​សវនាការ​ប៉ុន្មាន​សប្ដាហ៍​មកនេះ​តុលាការ​បាន​បើក​ការសួរដេញដោល​លោក កឹម សុខា អំពី​សកម្មភាព​របស់​លោក​ចាប់​តាំងពី​ក្លាយ​ជា​តំណាងរាស្ដ្រ​ដំបូង​ក្នុង​ឆ្នាំ​ ១៩៩៣​។ ការឈប់​ធ្វើ​នយោបាយ​មក​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស និង​ការបង្កើត​គណបក្ស​សិទ្ធិមនុស្ស​រហូត​ដល់​ឆ្នាំ​ ២០១២​។

ក្រោយ​ចប់​សវនាការ​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​បទសម្ភាស​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​នោះទេ​។ ប៉ុន្តែ​លោក​ ចាន់ ចេង មេធាវី​ម្នាក់​ក្នុងចំណោម​ទាំង​ ៥ ​នាក់​របស់​លោក កឹម សុខា បាន​ផ្ដល់​បទសម្ភាស​ដល់​សារព័ត៌មាន​នៅ​ខាង​មុខ​តុលាការ​នូវ​អ្វី​ជា​ខ្លឹម​សារសំខាន់ៗ​ដែល​លោក​ កឹម សុខា បាន​ថ្លែង​នៅក្នុង​វីដេអូ​ខ្លី​ជិត​ ២០ ​នោះ​៕