ភ្នំពេញៈ តុលាការក្រុងភ្នំពេញ កោះហៅអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ៦ រូប ឲ្យចូលបំភ្លឺជាបន្តបន្ទាប់នៅចុងខែ ឧសភា ឆ្នាំ ២០១៨ ពាក់ព័ន្ធនឹងការបង្កើតចលនាសង្គ្រោះជាតិ ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាចលនាឧទ្ទាមខុសច្បាប់។
លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ មីនា បានចេញដីកាយ៉ាងហោចណាស់ចំនួន ៦ កោះ «អញ្ជើញ» អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានបង្កើតចលនាសង្គ្រោះជាតិ ឲ្យចូលបំភ្លឺក្នុងនាមជនសង្ស័យ។
អ្នកដែលត្រូវបានកោះហៅរួមមាន លោក សម រង្ស៊ី និងភរិយារបស់លោកគឺលោកស្រី ជូឡុង សូមួរ៉ា លោក តុ វ៉ាន់ចាន់ លោក អេង ឆៃអ៊ាង លោក នុត រំដួល និងលោក ហូរ វ៉ាន់។
ដីកាទាំង ៦ បានសរសេរដូចៗគ្នាថា៖«ការកោះហៅនេះ គឺដើម្បីសាកសួរពីដំណើររឿងការបង្កើតចលនាសង្គ្រោះជាតិ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម ប៉ះពាល់ដល់សន្តិសុខជាតិ ក្នុងគោលបំណងផ្តួលរំលំអាជ្ញាធរស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។
ចលនាសង្គ្រោះជាតិត្រូវបានប្រកាសបង្កើតឡើងជាផ្លូវការកាលពីចុងខែមករា នៅសហរដ្ឋអាមេរិក។
លោក អេង ឆៃអ៊ាង ដែលជាសមាជិកហើយត្រូវបានកោះហៅដែរនោះ បានថ្លែងថា លោកមិនមានការភ្ញាក់ផ្អើលទេចំពោះការហោះហៅរបស់តុលាការនោះទេ។ លោក ឆៃអ៊ាងថ្លែងថា៖«ខ្ញុំនឹងមិនចូលមកលែងជាមួយតុលាការដែលជាឧបករណ៍នេះទេ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងថា ចលនាសង្គ្រោះបានបង្កើតសកម្មភាពដែលប៉ះពាល់ដល់ប្រយោជន៍របស់កម្ពុជា។ លោក ឥសាន ថ្លែងថា៖«ខ្ញុំមិនជឿថាពួកគាត់ក្លាហានចូលមកបំភ្លឺឡើយ»៕