ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចបញ្ជូនលោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុទៅឃុំខ្លួននៅពន្ធនាគារកាលពីថ្ងៃម្សិលមិញពីបទចោទប្រកាន់ចំនួន ៣ ករណី។ អតីតប្រធានមន្ទីរដែនដីនេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនកាលពីថ្ងៃអាទិត្យ។
លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់កាលពីថ្ងៃម្សិលមិញថា បន្ទាប់ពីការសាកសួរអស់រយៈពេលជាច្រើនម៉ោងអយ្យការបានសម្រេចបញ្ជូនលោក នួន ប៉ុក ទៅឃុំខ្លួននៅពន្ធនាគារពីបទចោទប្រកាន់រំលោភអំណាច បទបំពានធនធានធម្មជាតិ និងបទផ្ដល់ឯកសារក្លែងដល់អាជ្ញាធរ។
លោកថ្លែងថា៖ «ក្រោយពីតំណាងអយ្យការចោទប្រកាន់ហើយចៅក្រមស៊ើបសួរបានស៊ើបសួរហើយបានសម្រេចឃុំខ្លួន ដើម្បីចាត់ការតាមនីតិវិធីហើយ»។
កាលពីថ្ងៃអាទិត្យទី ១ ខែមីនាលោកស្រី កែម សុភាព ប្រធាននាយកដ្ឋានស៊ើបអង្កេតអង្គភាពប្រឆាំងអំពើពុករលួយបានដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនលោក នួន ប៉ុក នៅឯគេហដ្ឋានស្ថិតក្នុងខេត្តព្រះសីហនុ រួចហើយបានបញ្ជូនមកសាកសួរនៅអង្គភាពប្រឆាំងអំពើពុករលួយនៅរាជធានីភ្នំពេញ។
លោក នួន ប៉ុក បានកាន់តំណែងជាប្រធានមន្ទីរដែនដីខេត្តព្រះសីហនុចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨។
លោក គុជ គឹមឡុង បានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ចប់ការសាកសួរ និងបញ្ជូនលោក នួន ប៉ុក មកតុលាការកាលពីល្ងាចថ្ងៃទី ៤ ខែមីនា។ កាលពីថ្ងៃទី ២៧ ខែកុម្ភៈសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសលោក លឿម ប៊ុនរឿន អតីតប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តពោធិ៍សាត់រួមទាំងអនុប្រធានមន្ទីរ និងមន្ត្រីមន្ទីរម្នាក់ទៀតពីបទសម្អាតប្រាក់ រំលោភអំណាច និងវីតិក្រមដោយដាក់ពន្ធនាគារចំនួន ៨ ឆ្នាំ។ អតីតមន្ត្រីមន្ទីរដែនដីទាំង ៣ នាក់ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយនៅខេត្តពោធិ៍សាត់កាលពីខែកក្កដា ឆ្នាំ ២០១៩៕