រតនគិរីៈ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តរតនគិរី​លោក​ សេង ស៊ីមសុរិយា សម្រេច​បញ្ចប់​សំណុំរឿង​លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​ (ADHOC) និង​ប្រជាសហគមន៍ ឃុំ​សេដា ចំនួន​ ៩ ​នាក់​ផ្សេងទៀត​ក្នុង​សំណុំរឿង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដោយ​មិន​តម្រូវ​ឲ្យ​ជនជាប់ចោទ​មក​បង្ហាញខ្លួន​នៅ​តុលាការ​ទៀត​ទេ​។

តាម​លិខិត​ជូនដំណឹង​របស់​លោក​ចៅ​ក្រម សេង ស៊ីមសុរិយា ចុះ​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ​ ២០២០ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ថ្ងៃ​ទី​ ១០ កុម្ភៈ គឺ​លោក​ជូនដំណឹង​ទៅ​ឈ្មោះ​ ស៊ីថាន់ ញ៉ាន់ ភេទ​ប្រុស អាយុ​ ៦៣ ​ឆ្នាំ ជនជាតិ​ទំពួន ឈ្មោះ​ ប៉ែន ប៊ុណ្ណារ៍ ភេទ​ប្រុស អាយុ​ ៥៦ ​ឆ្នាំ ​រស់នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ឈ្មោះ​ ឆន ផល្លា ភេទ​ប្រុស អាយុ​ ៤១ ​ឆ្នាំ ជនជាតិខ្មែរ ឈ្មោះ មុន ឌៀ ភេទ​ប្រុស អាយុ​ ៤៣ ​ឆ្នាំ ជនជាតិ​ទំពួន ឈ្មោះ​ កូន តាម៉ូ ភេទ​ប្រុស អាយុ​ ៣២ ​ឆ្នាំ ឈ្មោះ ឡាត ប្រាញ់ ភេទ​ប្រុស​ ៣៩ ​ឆ្នាំ ឈ្មោះ តឺវ ពុំ អាយុ ៣៦ ​ឆ្នាំ ជនជាតិ​ទំពួន ឈ្មោះ​ នួន ណែន ភេទ​ប្រុស អាយុ​ ៥៥ ​ឆ្នាំ ឈ្មោះ​ ស្មាន ថងពី ភេទ​ប្រុស អាយុ​ ២៨ ​ឆ្នាំ និង​ឈ្មោះ ប៉ាង ញ៉យ ភេទ​ប្រុស​។ ពួកគេ​ទាំង​ ៩ ​នាក់​រស់នៅ​ឃុំ​សេដា ស្រុក​លំផាត់ ខេត្តរតនគិរី​។

លិខិត​លោក សេង ស៊ីមសុរិយា បានបញ្ជាក់​ប្រាប់​ទៅ​ឈ្មោះ​ ប៉ែន ប៊ុណ្ណារ៍ ភេទ​ប្រុស អាយុ ៥៦ ​ឆ្នាំ​រស់នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ដែល​ជា​ជន​ត្រូវ​ចោទ​ឲ្យ​ជ្រាប​ថា​ចៅក្រម​ស៊ើបសួរ យល់​ឃើញ​ថា ការ​ស៊ើបសួរ​សំណុំរឿង​ខាងលើ​បាន​បញ្ចប់​ហើយ​។ អាស្រ័យ​ហេតុ​នេះ​សូម​ឈ្មោះ​ ប៉ែន ប៊ុណ្ណារ៍ ជ្រាប​ជា​ព័ត៌មាន​តាម​បញ្ញត្តិ​មាត្រា ២៤៦ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។

លោក ប៉ែន ប៊ុណ្ណារ៍ និង​ប្រជាសហគមន៍​ឃុំ​សេដា​ចំនួន​ ៩ ​នាក់​ទៀត​ត្រូវ​បាន ចៅក្រម សេង ស៊ឹមសូរិយា ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ពីបទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» កាលពី​ខែ​តុលា ឆ្នាំ​ ២០១៩ កន្លងទៅ​។ ម្ចាស់​បណ្ដឹង​ក្នុង​រឿងក្តី​នេះ​គឺ​ក្រុម​អាជ្ញាធរ​ចាប់ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​មន្ត្រី​ជំនាញ​ថ្នាក់​ខេត្ត​ដែល​បាន​ប្តឹង​លោក ប៉ែន ប៊ុណ្ណារ៍ និង​ប្រជាពលរដ្ឋ ក្រោយពី​លោក​ ប៊ុណ្ណារ៍ និង ពលរដ្ឋ​ប្ដឹង​បរិហារ​ក្រុម​អាជ្ញាធរ ករណី​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បទល្មើស​កាប់​រាន​ដីព្រៃ​ជាង​ ៨០០ ​ហិកតា​ក្នុង​ដែនជម្រក​សត្វព្រៃ​លំផាត់ ខេត្ត​រតនគិរី​។

លោក​ កែវ ពិសុទ្ធ អ្នកនាំពាក្យ​តុលាការខេត្ត​រតនគិរី​បាន​ថ្លែង​នា​ថ្ងៃទី​ ១០ កុម្ភៈ​ថា ករណី​នេះ​លោក សេង ស៊ីមសុរិយា ចៅក្រម​ស៊ើបសួរ​បាន​ប្រកាស​បិទ​បញ្ចប់​ការសាកសួរ​ដេញដោល​ទាំងស្រុង​ហើយ​ចំពោះ​សំណុំរឿង​លោក​ ប៉ែន ប៊ុណ្ណារ៍ និង​ពលរដ្ឋ​ ៩ ​នាក់​នេះ​។ ជនជាប់ចោទ​ទាំង​ ១០ ​នាក់​នេះ​មិន​ចាំបាច់​មក​បង្ហាញ​ខ្លួន​តុលាការ​ក្នុង​រយៈពេល​ ២ ​ខែ​ម្ដង​ទៀត​ទេ​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​គាត់​ក៏​លែង​សួរដេញដោល ឬ​តម្រូវ​ឲ្យ​មក​បង្ហាញខ្លួន​នៅ​តុលាការ​ទៀត​ដែរ ព្រោះ​ចៅក្រម​គាត់​បញ្ជាក់​ប្រាប់​ទៅ​ជនជាប់ចោទ​រួចហើយ ហើយ​យើង​មិន​អាច​សាកសួរ​ទៅ​ពលរដ្ឋ​ណា ឬ​សាក្សី​ណា​បន្ថែមទៀត​ទេ​ពោល​គឺ​យើង​បិទ​បញ្ចប់​ទាំងអស់​តែម្ដង​»​។

លោក​ ប៉ែន ប៊ុណ្ណារ៍ ឲ្យ​ដឹងថា លោក​ទើបតែ​ទទួល​បាន​លិខិត​ជូនដំណឹង​ស្ដីពី​ការបិទ​ការស៊ើបសួរ​សំណុំ​រឿងនេះ​កាលពី​សប្ដាហ៍​មុន​ប៉ុណ្ណោះ​ពោល​គឺ​នៅពេល​លោក​ទៅ​បង្ហាញខ្លួន​តាម​ការបង្គាប់​របស់​ចៅក្រម​ស៊ើបសួរ​។

លោក​បន្តថា លោក និង​ប្រជាសហគមន៍​ ៩ ​នាក់​ផ្សេង​ទៀត​មាន​ការរីករាយ ដោយសារ​តុលា​ការឈប់​កោះហៅ​ពួកលោក​ឲ្យ​ទៅ​បំភ្លឺ​រយៈពេល​ ២ ​ខែ​ម្ដង​។ ការបិទ​បញ្ចប់​នេះ​ដោយសារ​ក្រុម​លោក​មិនមាន​កំហុសឆ្គង​អ្វីដែល​ធ្វើឲ្យ​ដើមបណ្ដឹង​ចាប់​កំហុស​បាន​។ ម្យ៉ាងទៀត​តុលាការ​ក៏​មិនមាន​ភ័ស្តុតាង​ដាក់បន្ទុក​មកលើ​ពួកលោក​ដែរ​។

មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​បញ្ជាក់ថា​៖ «​ការបង្ហាញ​ខ្លួន​កន្លង​មក មន្ត្រី​តុលាការ​គ្រាន់តែ​ឲ្យ​ពួក​ខ្ញុំ​បំពេញ​លិខិតស្នាម និង​ចុះ​វត្តមាន​មិនមាន​ការសួរនាំ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿងនេះ​ទេ​។ បើទោះ​ជា​រងបណ្ដឹង ឬ​ត្រូវ​តុលាការ​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​បែបណា​ក្តី ក៏​ខ្ញុំ​មិន​រាថយ​ក្នុង​ការចុះ​បង្រៀន​សហគមន៍​មូលដ្ឋាន និង​ដាក់​បណ្ដឹង​បរិហារ​ប្រឆាំង​នឹង​បទល្មើស​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​នោះ​ដែរ​»៕