ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញនឹងចាប់ផ្ដើមបើកសវនាការជំនុំជម្រះជនជាប់ចោទប្រមាណ ១៥០ នាក់ ចាប់ពីថ្ងៃទី ២៥ និង ២៦ វិច្ឆិកា ពាក់ព័ន្ធនឹងបទចោទ «ឧបឃាត» «រួមគំនិតក្បត់» និង «ញុះញង់» ដែលជនជាប់ចោទមានទាំងអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្ក្រោះជាតិ និងអ្នកគាំទ្រ ដែលប្រកាសគាំទ្រការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី នាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩។
បើតាមមេធាវីដើមបណ្ដឹងរដ្ឋប្បវេណីតំណាងរដ្ឋាភិបាលលោក សួង ចាន់ថន សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការសំណុំរឿង «ឧបឃាត» នៅថ្ងៃទី ២៥ ខែវិច្ឆិកា បន្ទាប់ពីបានលើកពេលកាលពីថ្ងៃទី ១១ ខែវិច្ឆិកា។ ក្នុងសំណុំរឿងនេះមានជនជាប់ចោទ ៩ រូបដែលជាថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងដែលរួមមានលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ ជាដើម។
ប៉ុន្តែបើតាមលោក សំ សុគង់ ដែលជាមេធាវីការពារជនជាប់ចោទឱ្យដឹងថា ដីកាដែលសមត្ថកិច្ចយកទៅបិទនៅកន្លែងអតីតស្នាក់ការគណបក្សសង្គ្រោះជាតិនៅចាក់អង្រែក្រោមក្នុងខណ្ឌមានជ័យគឺសំណុំរឿងលើអតីតមន្ត្រី និងអ្នកគាំទ្របក្សប្រឆាំងមាន ៣ ប្រភេទ ដែលរួមមានបទចោទឧបឃាត រួមគំនិតក្បត់ និងញុះញង់។ សម្រាប់ជនជាប់ចោទ ១១៤ នាក់ទៀត ដែលនឹងបើកសវនាការនៅថ្ងៃទី ២៦ ខែវិច្ឆិកា គឺពាក់ព័ន្ធនឹងបទចោទ «រួមគំនិតក្បត់» និង «ញុះញង់»។
លោក សំ សុគង់ ថ្លែងដូច្នេះថា៖ «មកទល់ពេលនេះ យើងអត់ទាន់មានចំនួនមនុស្សដែលត្រូវបានចោទប្រកាន់ពិតប្រាកដទេ ដោយសារតែកូនក្ដីគាត់បានទទួលដីកាកោះចូលសវនាការមានជាហូរហែ វាមិនទាន់បានទាំងអស់គ្នាទេ។ អ្នកដែលទទួលបានដីកាកោះហៅឱ្យចូលសវនាការមានភាគតិចទេ ភាគច្រើនមិនទាន់បានទទួលទេ។ អ៊ីចឹង ចំនួនដែលត្រូវបានកោះហៅមានជិត ១៥០ នាក់»។
លោកមេធាវីឱ្យដឹងថា កូនក្ដីលោកជាង ១០០ នាក់ ជាប់ចោទបទរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ លោកថា ចំនួនកូនក្ដីច្រើនបែបនេះ ហើយចូលសវនាការក្នុងថ្ងៃតែ ១ វាជាការលំបាកសម្រាប់លោក។ ទោះយ៉ាងណា បើតាមលោកមេធាវីកូនក្ដីលោកភាគច្រើនបានរត់ទៅក្រៅប្រទេសដើម្បីគេចពីការចាប់ខ្លួន។ សម្រាប់អ្នកនៅក្នុងប្រទេស អ្នកខ្លះមិនបានដឹងថាតុលាការបានចោទប្រកាន់នោះទេ ហើយទើបតែទទួលបានដីកា។
លោកថ្លែងថា៖ «អ៊ីចឹងមេធាវីមានការលំបាកក្នុងការត្រៀមខ្លួនការពារពួកគាត់។ មួយទៀតទាក់ទងនឹងការពិគ្រោះយោបល់ផ្លូវច្បាប់ជាមួយពួកគាត់ ដោយសារតែយើងប្រើប្រព័ន្ធអនឡាញ និងទូរស័ព្ទ។ ពួកគាត់មានចំនួនច្រើន ដែលយើងមិនអាចជួបគាត់ទាំងអស់បាន។ ការលំបាកមួយទៀតគឺយើងមិនបានសិក្សាសំណុំរឿងឱ្យបានច្បាស់ចំនួនកូនក្ដីច្រើន ហើយបទចោទសុទ្ធតែបទឧក្រិដ្ឋ»។
ប្រសិនបើសវនាការបើកនៅថ្ងៃទី ២៦ វិច្ឆិកា សម្រាប់ជនជាប់ចោទទាំងជាង ១០០ នាក់នោះ វាពិបាកក្នុងការធានានូវយុត្តិធម៌សម្រាប់ជនជាប់ចោទ ដោយសារតែសវនាការសាធារណៈត្រូវរៀបចំឱ្យមានស្តង់ដាមួយ រួមមានទាំងវត្តមានរបស់សាធារណជន។ ការសួរដេញដោលក៏នឹងជួបការលំបាក។ នេះបើតាមលោក សំ សុគង់។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថាសវនាការអាចទៅរួច ប៉ុន្តែប្រហែលជាមានការជជែកគ្នាច្រើនអំពីការរៀបចំសវនាការដែលមានស្តង់ដាទៅតាមសាលាក្ដីខ្មែរក្រហម។ យើងអាចកំណត់កាលវិភាគ និងពេលវេលាថា សវនាការសប្ដាហ៍នេះមានជនជាប់ចោទប៉ុន្មាននាក់ និងសាក្សីប៉ុន្មាននាក់ ដែលត្រូវចូលរួម ដើម្បីកុំឱ្យយកពួកគាត់មកឱ្យអង្គុយចាំ ហើយសវនាការសួរបានម្នាក់ ឬ ២ នាក់ ហើយឱ្យគាត់ត្រឡប់ទៅវិញ ដែលធ្វើឱ្យគាត់ខាតពេល»។
លោក ឌឹម សារឿន មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តបាត់ដំបង ដែលជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទ ៦៧ នាក់ បានថ្លែងពីថ្ងៃទី ២៣ វិច្ឆិកា ថា លោកនឹងចូលសវនាការតាមការកោះហៅរបស់តុលាការ។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំការបញ្ជាក់ពីចំនួនជនជាប់ចោទសរុបដែលនឹងត្រូវចូលមកសវនាការទេកាលពីថ្ងៃទី ២៣ វិច្ឆិកា។
អ្នកវិភាគនយោបាយចាស់វស្សាលោក ឡៅ ម៉ុងហៃ ថ្លែងថា ការចាប់ខ្លួនអ្នកតវ៉ាថ្មីៗនេះ និងការកោះហៅសកម្មជនអតីតបក្សប្រឆាំងឱ្យចូលសវនាការ គឺមានសភាពដូចកាលពីឆ្នាំ ២០១៤។ ពេលនោះអ្នករាយការណ៍ពិសេសអំពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា គឺលោក Surya Subedi បានបង្ហាញក្ដីទុក្ខព្រួយនៅពេលលោកឃើញតុលាការត្រូវបានប្រើប្រាស់ជាឧបករណ៍របស់អង្គនីតិប្រតិបត្តិម្ដងហើយម្ដងទៀត។
លោក ម៉ុងហៃ បានថ្លែងថា៖ «ស្ថានភាពនៃតុលាការមិនបានផ្លាស់ប្ដូរទេ តាំងពីពេលនោះមក ហើយការសង្ឃឹមថានឹងបានយុត្តិធម៌ពីតុលាការ គឺហាក់ដូចជាគិតដោយក្ដីបំណងប៉ុណ្ណោះ»។
ទោះយ៉ាងណាលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងថា វាមិនមែនជារឿងចម្លែកទេ ដែលបទចោទទាំង ៣ នេះមានជនជាប់ចោទច្រើនដូច្នេះ។ លោកពន្យល់ថា បទល្មើសខ្លះមានជនជាប់ចោទតែម្នាក់ទេ ប៉ុន្តែបទល្មើសខ្លះមានជនជាប់ចោទច្រើន ដោយសារតែការប្រព្រឹត្តធ្វើឡើងជាប្រព័ន្ធ និងមានអង្គការចាត់តាំងច្បាស់លាស់។
លោកថ្លែងដូច្នេះថា៖ «សម្រាប់នីតិវិធីតុលាការ មិនថាអ្នកជាប់ពាក់ព័ន្ធតិច ឬច្រើនទេ ឱ្យតែមានមូលដ្ឋានផ្លូវច្បាប់រឹងមាំបង្ហាញថា មានអ្នកជាប់ពាក់ព័ន្ធ អ្នកផ្ដើមគំនិត និងអ្នកសមគំនិត អ្នកទាំងអស់នោះត្រូវទទួលខុសត្រូវលើអំពើល្មើសរបស់ខ្លួនដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់»៕