ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញបានបើកសវនាការសំណុំរឿង «សូកប៉ាន់សាក្សី» របស់មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក ៥ រូបពាក់ព័ន្ធនឹងករណីផ្តល់សេវាគាំទ្ររបស់អង្គការដែលល្បីឈ្មោះមួយនេះទៅកញ្ញា ខុម ចាន់ដារ៉ាទី ហៅ ស្រី មុំ ដែលត្រូវបានគេចោទប្រកាន់ថា ជាស្រីកំណាន់របស់លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ចុងចោទទាំង ៥ រូបត្រូវបានចោទប្រកាន់ថា បានណែនាំកញ្ញា ស្រីមុំ ឲ្យកុហកអំពីទំនាក់ទំនងស្នេហារបស់នាងជាមួយលោក កឹម សុខា។
មន្ត្រីអង្គការអាដហុកទាំង ៥ រូបរួមមានលោក ណៃ វង់ដា លោក នី សុខា លោក យី សុខសាន លោកស្រី លឹម មុនី និងអតីតបុគ្គលិកអង្គការអាដហុក លោក នី ចរិយា ដែលបច្ចុប្បន្នជាមន្ត្រីនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
អ្នកទាំង ៥ បានចូលរួមសវនាការនេះ។ សវនាការពេញ ១ ថ្ងៃនេះបានប្រព្រឹត្តទៅដោយមិនមានសាក្សីគឺ កញ្ញា ស្រីមុំ និងមេធាវីរបស់នាង ទ្រី ឈួន នោះទេដែលចុងចោទទាំង ៥ រូប និង មេធាវីទាមទារឲ្យមានវត្តមានរបស់ពួកគេនៅក្នុងសវនាការ។
លោកស្រី ទ្រី ឈួន ធ្លាប់ជាមេធាវីរបស់អង្គការសិទ្ធិមនុស្សអាដហុក ប៉ុន្តែក្រោយមកបានប្រឆាំងនឹងអង្គការដែលតែងតែជួយគាំពារដល់ប្រជាពលរដ្ឋក្រីក្រនេះវិញ។
ប្រធានចៅក្រមជំនុំជម្រះ ឌុច សុខ សារីន បានថ្លែងថាតុលាការបានកោះហៅសាក្សីទាំង ២ ទៅតាមនីតិវិធី ប៉ុន្តែកញ្ញា ស្រីមុំ បានផ្លាស់ប្តូរអាសយដ្ឋាន ខណៈលោកស្រី ទ្រី ឈួន បានស្នើសុំអវត្តមានដោយសារបញ្ហាសុខភាព។ ចុងចោទបានថ្លែងថាសាក្សីទាំង ២ មានចេតនាអាក្រក់គេចពីសវនាការរបស់តុលាការ។
មន្ត្រីអាដហុកទាំង ៥ រូបត្រូវបានឃុំខ្លួនមុនការជំនុំជម្រះអស់រយៈពេលជាង ១៤ ខែបន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំ ២០១៦ ដោយអង្គភាពប្រឆាំងអំពើពុករលួយហើយបន្ទាប់មកតុលាការបានចោទប្រកាន់ពួកគេពីបទសូកប៉ាន់សាក្សី កញ្ញា ស្រីមុំ ទៅតាមមាត្រា ៥៤៨ ដែលពួកគេប្រឈមមុខនឹងការជាប់ពន្ធនាគារ ១០ ឆ្នាំ។ ពួកគេត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីខែមិថុនា ឆ្នាំ ២០១៧។
ទឡ្ហីករណ៍កាលពីម្សិលមិញដំបូងផ្តោតទៅលើហេតុផលថា មូលហេតុអ្វីអង្គការអាដហុកសម្រេចចិត្តជួយកញ្ញា ស្រីមុំ និងហេតុអ្វីអង្គការអាដហុកផ្តល់ប្រាក់ចំនួន ២០៤ ដុល្លារដល់កញ្ញា ស្រីមុំ។
លោក ណៃ វង់ដា ដែលជាអ្នកទីមួយដែលត្រូវឆ្លើយបានស្នើសុំនៅស្ងៀម ដោយសារបញ្ហាសុខភាពខ្សោយ និងបានប្រាប់តុលាការឲ្យផ្អែកទៅលើចម្លើយរបស់លោកក្នុងអំឡុងការស៊ើបអង្កេត។
លោក វង់ដា បានថ្លែងថា ការចោទប្រកាន់លើរូបលោកគឺអយុត្តិធម៌ដោយសារ ស្រីមុំ បានមកសុំការជួយពីអង្គការអាដហុក។
លោក យី សុខសាន បានផ្តល់សក្ខីកម្មថាលោក និងលោក ណៃ វង់ដា បានទៅយក ស្រីមុំ ពីរោងចក្រនៅផ្លូវវ៉េងស្រេង បន្ទាប់ពី ស្រីមុំ បានមកសុំការជួយពីអង្គការអាដហុក។
លោកបានថ្លែងថា លោកបានជួបជាមួយស្រីមុំ ៣ ដង ប៉ុន្តែលោកមិនបានដឹងច្បាស់អំពីប្រាក់ ២០៤ ដុល្លារទេ។ លោកគ្រាន់តែដឹងថា អង្គការអាដហុកមានគោលនយោបាយ ឧបត្ថម្ភដល់ជនក្រីក្រដែលសុំជំនួយដោយផ្តល់ប្រាក់ក្នុងមួយថ្ងៃ ៧ ដុល្លារសម្រាប់អាហារ និង ៧ ដុល្លារទៀត សម្រាប់កន្លែងស្នាក់នៅបូកនឹងការចំណាយធ្វើដំណើរដោយមិនបានបញ្ជាក់។
ចុងចោទទាំង ៥ រូបរបស់អង្គការអាដហុកថ្លែងថា ស្រី មុំ បានមកការិយាល័យអង្គការអាដហុក និងថ្លែងថានាងមានការ-«ភ័យខ្លាច» ដោយសារនាងត្រូវបានហៅដោយនាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃជាលើកទី ២ បន្ទាប់ពីមានបណ្តឹងពីបទបរិហារកេរ្តិ៍ដែលដាក់ដោយកញ្ញា ធី សុវណ្ណថា។
លោក នី សុខា បានបង្ហាញការសង្ស័យរបស់លោកអំពីទំនាក់ទំនងជិតស្និទ្ធរវាង ស្រីមុំ និងមេធាវី ទ្រី ឈួន។ «វាចម្លែកចំពោះខ្ញុំដែលឃើញមេធាវី និងកូនក្តីរបស់នាងមានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយគ្នាដែលពួកគេទៅខេត្តជាមួយគ្នា។ លោកស្រី ទ្រី ឈួន មានបេសកកម្មទៅខេត្តព្រៃវែងហើយលោកស្រីបាននាំយកកញ្ញា ស្រីមុំ ទៅជាមួយ»។
លោក នី ចរិយា ដែលជាមន្ត្រី គ.ជ.ប ថ្លែងថាលោកមិនមានទំនាក់ទំនងអ្វីជាមួយអង្គការអាដហុកទៀតទេ បន្ទាប់ពីលោកបានបញ្ចប់ការងារពីទីនោះកាលពីខែកុម្ភៈឆ្នាំ ២០១៦។
ប៉ុន្តែលោកធ្លាប់ជួបលោក កឹម សុខា ម្តងដែលបានប្រាប់លោកឲ្យនាំពាក្យសម្តីរបស់លោកទៅមេធាវី ទ្រី ឈួន។ លោកបានសួរថា៖ «លោក [កឹម សុខា] បានប្រាប់ខ្ញុំឲ្យប្រាប់ ទ្រី ឈួន ថាមិនគួរមានសន្និសីទកាសែតច្រើនពេក»។ «ខ្ញុំត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការសូកប៉ាន់សាក្សី តើនរណាជាសាក្សី និងក្នុងសំណុំរឿងអ្វី»។
លោក ធាង សេង មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយក៏បានផ្តល់សក្តីកម្មនៅក្នុងសវនាការកាលពីម្សិលមិញដែរថា សំណុំរឿងនេះពាក់ព័ន្ធនឹងក្រុម ២ គឺក្រុមអតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ និងក្រុមបុគ្គលិកអង្គការអាដហុក។ លោកថ្លែងថា៖ «ក្រុមតំណាងរាស្ត្របានសូកប៉ាន់ ស្រីមុំ មិនឲ្យប្រាប់ការពិត»។
ទោះបីយ៉ាងណាក្តីចម្លើយទាំងអស់របស់ចុងចោទមានលក្ខណៈផ្ទុយនឹងចម្លើយរបស់កញ្ញា ស្រីមុំ និងមេធាវី ទ្រី ឈួន ដែលអះអាងថាបុគ្គលិកអាដហុកបានប្រាប់ ស្រីមុំ ឲ្យកុហកអំពីករណីនេះ។ យោងតាមចម្លើយរបស់នាងក្នុងអំឡុងការស៊ើបអង្កេត ស្រីមុំ ថ្លែងថានាងពិតជាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា មែន ប៉ុន្តែនាងបានអះអាងថា បុគ្គលិកអង្គការអាដហុកបានប្រាប់នាងឲ្យនិយាយផ្ទុយ។
នាងថ្លែងក្នុងរបាយការណ៍របស់តុលាការថា៖ «ខ្ញុំបានប្រាប់អង្គការអាដហុកថាសំឡេងដែលលេចធ្លាយនោះគឺជាការពិត។ ប៉ុន្តែអង្គការអាដហុកបានប្រាប់ខ្ញុំឲ្យប្រកាន់ជំហររឹងមាំ ហើយការពារកេរ្តិ៍ឈ្មោះរបស់ខ្ញុំ»។
ដូចគ្នាដែរមេធាវី ទ្រី ឈួន អះអាងថាបុគ្គលិកអង្គការអាដហុកតែងតែពិគ្រោះយោបល់ជាមួយកញ្ញា ស្រីមុំ ពីមុនពេលនាងនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ឬតុលាការ។
ចុងចោទទាំង ៥ រូបបានបដិសេធចំពោះការចោទប្រកាន់នេះដោយថ្លែងថា អវត្តមានរបស់សាក្សីទាំង ២ នាក់គឺបង្ហាញអំពីចេតនាអាក្រក់។ លោក សុខសាន ថ្លែងថា៖ «ចម្លើយរបស់ ស្រីមុំ ដែលនិយាយថា ខ្ញុំបានណែនាំនាងអំពីអ្វីដែលត្រូវនិយាយគឺមិនពិតនោះហើយជាមូលហេតុដែលនាងមិនអាចចូលរួមសវនាការនៅថ្ងៃនេះ»។
នៅចុងបញ្ចប់មេធាវី ៥ រូបរបស់ចុងចោទទាំង ៥ រូបបានថ្លែងថា ការចោទប្រកាន់នេះគឺមិនច្បាស់លាស់។ មេធាវីបានសួរថា៖ «តើកញ្ញា ស្រីមុំ ជាសាក្សីសម្រាប់ករណីអ្វី?»។
មន្ត្រីអង្គការអាដហុកទាំង ៥ រូប និងមេធាវីបានស្នើសុំតុលាការទម្លាក់បទចោទប្រកាន់។ ប៉ុន្តែព្រះរាជអាជ្ញា សេង ហៀង បានស្នើសុំក្រុមប្រឹក្សាចៅក្រមឲ្យតម្កល់បទចោទប្រកាន់ និងកាត់ទោសពួកគេទៅតាមច្បាប់។
ចៅក្រម ឌុច សុខសារិន បានបញ្ចប់សវនាការបន្ទាប់ពីម៉ោង ៦ ល្ងាច និងកំណត់យករសៀលថ្ងៃទី ២៦ ខែកញ្ញា សម្រាប់ការចេញសាលក្រម៕ PS