
ទិដ្ឋភាពមុខរោងចក្រថ្ងៃទី ១៥ ធ្នូដែលត្រូវបានតុលាការរឹបអូសចលនទ្រព្យលក់ឡាយឡុងនៅខេត្តកណ្តាល។ ហ៊ាន រង្សី
កណ្តាលៈ សាលាដំបូងខេត្តកណ្តាលប្រកាសដាក់លក់ឡាយឡុងជាសាធារណៈនូវចលនទ្រព្យរបស់រោងចក្រចំនួន ២ គឺរោងចក្រ ឌឹកនីធើរ លីមីធីត និងរោងចក្រ អ៊ីខូ បេស ហ្វេកធើរី ដែលមានទីតាំងនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាលក្នុងតម្លៃ ១ ៧៧៧ ០០០ ដុល្លារអាមេរិក។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងខេត្តកណ្តាលពីថ្ងៃទី ១៤ ធ្នូ។
សេចក្តីជូនដំណឹងដែលចុះហត្ថលេខា ដោយលោក យឹម កេតធី អាជ្ញាសាលានៃសាលាដំបូងខេត្តកណ្តាលកាលពីថ្ងៃទី ១៤ ធ្នូ ឆ្នាំ ២០២០ ហើយដែល ភ្នំពេញ ប៉ុសិ៍ ទទួលបានពីម្សិលមិញ ឱ្យដឹងថាវិធីនៃការលក់ឡាយឡុងធ្វើឡើងដោយផ្ទាល់មាត់ ឬដោយដាក់ស្រោមសំបុត្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែធ្នូ នៅវេលាម៉ោង ៩ ព្រឹក នៅបន្ទប់សវនាការបឋមនៃសាលាដំបូងខេត្តកណ្តាល។
សេចក្តីជូនដំណឹងបន្តថា៖ «អំឡុងពេលសម្រាប់ឱ្យសាធារណជនមើលអំពី “ឯកសារលម្អិតនៃចលនវត្ថុ និងរបាយកាណ៍ស្តីពីការវាយតម្លៃ និងការចុះពិនិត្យមើលចលនវត្ថុជាក់ស្តែងនៅក្នុងរោងចក្រ” គឺចាប់ពីថ្ងៃប្រកាសផ្សាយសាធារណៈនេះរហូតដល់មុនរយៈពេល ៣ ថ្ងៃនៃកាលបរិច្ឆេទនៃការលក់»។
លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាលបញ្ជាក់ថា មូលហេតុដែលមានការប្រកាសដាក់លក់ឡាយឡុងនូវចលនវត្ថុក្នុងរោងចក្រទាំង ២ នេះ បន្ទាប់ពីមានសេចក្តីសម្រេចរឹបអូសពីសាលាដំបូងខេត្ត ដើម្បីសងដល់ម្ចាស់បំណុលដែលជាកម្មករ និងកម្មការិនីដែលបានប្តឹង។ ប៉ុន្តែអ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ពីចំនួនកម្មករ និងកម្មការិនីដែលបានដាក់ពាក្យប្តឹងនោះទេ ដោយសារមិនមានឯកសារ និងសំណុំរឿងនៅក្នុងដៃ។
លោកថ្លែងថា៖ «បន្ទាប់ពីទទួលបានថវិកាពីការលក់ឡាយឡុងនេះនឹងយកទៅសងម្ចាស់បំណុល»។
បើតាមលោក សូ សារិន សំណុំរឿងនេះ លោកមិនបានដឹងពីពេលវេលាជាក់លាក់នៃការប្តឹងពីម្ចាស់បំណុលនោះទេ ព្រោះមានសំណុំរឿងច្រើនចូលមកសាលាដំបូងខេត្ត។ ប៉ុន្តែលោកថា បញ្ហានេះអាចថៅកែនៃរោងចក្រទាំង ២ មិនបានបើកប្រាក់ឈ្នួលជូនដល់កម្មករ-កម្មការិនី។
លោកបន្ថែមថា៖ «បើគ្មានមូលហេតុ កម្មករ និងកម្មការិនី លោកមិនអាចប្តឹងឱ្យមានការរឹបអូសទ្រព្យសម្បត្តិបានទេ។ ចំពោះករណីនេះគឺលក់ទៅតាមនីតិវិធីច្បាប់ដែលមានគណៈកម្មការដែលមានសាលាដំបូងខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធចូលរួមក្នុងការដោះស្រាយជូនដល់ម្ចាស់បំណុលដែលជាកម្មករ និងកម្មការិនី»។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ និយាយថាតាមអ្វីដែលលោកដឹងកន្លងមក ថៅកែរោងចក្រទាំង ២ បានរត់ចោលដោយមិនបានបើកប្រាក់ឈ្នួល និងផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករ-ការិនីដែលធ្វើឱ្យមានការទាមទារអស់ជាច្រើនខែ។
លោកថា អ្វីដែលសាលាដំបូងខេត្តកណ្តាលសម្រេចដាក់លក់ឡាយឡុងចលនវត្ថុរបស់រោងចក្រទាំង ២ នេះ ដោយសារម្ចាស់រោងចក្រមិនចេញមុខមកទទួលខុសត្រូវក្នុងការដោះស្រាយដើម្បីបានលុយខ្លះសងសំណង ជូនដល់កម្មករ-ការិនី។ ប៉ុន្តែលោកមិនមានតួលេខកម្មករប៉ុន្មាននាក់នោះទេដែលមិនបានទទួលសំណង និងតវ៉ាកន្លងមកនេះ។
ទោះជាយ៉ាងណាបើតាមលោក ស៊ីណា ការដោះស្រាយតាមរយៈការលក់ឡាយឡុងនេះ វាគ្រាន់តែជាការជួយសម្រាលទុក្ខជូនដល់កម្មករ-ការិនីមួយកម្រិតតូចប៉ុណ្ណោះ។ វាមិនអាចធានាបាននូវការទូទាត់គ្រប់គ្រាន់ស្របតាមផ្លូវច្បាប់ដែលបានចែងពីការផ្តល់សំណង និងអត្ថប្រយោជន៍ផ្សេងៗ ជូនដល់កម្មករ-ការិនីបានច្រើននោះទេ។
លោកថ្លែងថា៖ «ការសម្រេចលក់ឡាយឡុងនេះនឹងធ្វើឱ្យរោងចក្រមួយចំនួនទៀតអាចនឹងយកគំរូតាមដោយគេចវេះពីការទទួលខុសត្រូវរបស់ខ្លួន ហើយមិនខ្វល់ខ្វាយពីការដោះស្រាយ បែរជារត់ចោល ហើយទុកលទ្ធភាពឱ្យតុលាការជាអ្នកសម្រេច។ នេះវាមិនល្អនោះទេនាពេលខាងមុខ ហើយបើករណីនេះបន្តកើតឡើងវានឹងធ្វើឱ្យបាត់បង់អត្ថប្រយោជន៍ជាច្រើនរបស់កម្មករ»៕