ភ្នំពេញៈ សាលាដំបូង​រាជធានី-ភ្នំពេញ​ពី​ម្សិលមិញ​បាន​ប្រកាស​សាលក្រម​ចាត់​របៀប​ (​ស៊ើបអង្កេត​បន្ត​) ​លើ​សំណុំរឿង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ ២ ​រូប​ក្រោយ​តុលាការ​បាន​ពន្យារពេល​ប្រកាស​សាលក្រម​ម្តង​រួច​មក​ហើយ ក្រោយពី​ជំនុំជម្រះ​កាលពី​ខែ​សីហា​ដែល​នីតិវិធី​នេះ​ជន​ត្រូវ​ចោទ​ថា​ធ្វើឱ្យ​ពួកគេ​សោកស្តាយ​ខ្លាំង ដោយសារ​សំណុំ​រឿងនេះ​ត្រូវ​តុលាការ​បិទ​ការស៊ើបអង្កេត​ម្តង​រួច​ទៅ​ហើយ​។

ក្នុង​បន្ទប់​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ ខណៈ​មាន​វត្តមាន​ពី​អ្នក​សង្កេតការណ៍​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ពី​អ្នកសង្កេតការណ៍​អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ​ក៏​មាន​ភ្នាក់ងារ​រាយការណ៍​ឲ្យ​អង្គភាព​ព័ត៌មាន​ក្នុង​ និង​ក្រៅប្រទេស​មួយ​ចំនួន​ផងដែរ​។

លោក​ចៅក្រម អ៊ឹម វណ្ណៈ បាន​អាន​សេចក្តី​សម្រេច​នៅ​ចំពោះមុខ​លោក អ៊ួន ឈិន និង លោក​ យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ថា​ក្រោយពី​បាន​ស្តាប់​ចម្លើយ​របស់​ជន​ត្រូវ​ចោទ​ទាំង​ ២ ​រូប​ និង​បន្ទាប់ពី​បាន​ស្តាប់​សេចក្តី​សន្និដ្ឋាន​របស់​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវ​ចោទ និង​ក្រោយពី​ស្តាប់​សេចក្តី​សន្និដ្ឋាន​របស់​តំណាង​អយ្យការ​កាលពី​ថ្ងៃ​ជំនុំជម្រះ​មក ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់ឃើញ​ថា សំណុំ​រឿងនេះ​នៅ​មិនទាន់​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​អាច​ឲ្យ​តុលាការ​ធ្វើការ​សម្រេច​សេចក្តី​ក្នុង​ការផ្តន្ទាទោស​ទៅលើ​ជន​ត្រូវ​ចោទ​ទាំង​ ២ ​រូប​បាន​នៅ​ឡើយ​ទេ​។

ដូច្នេះ​តុលាការ​នឹង​ត្រូវ​ធ្វើការ​ចាត់​របៀប ដើម្បី​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​ទៅលើ​វត្ថុតាង​ដែល​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​បទល្មើស​បន្ថែមទៀត​។

លោក​ចៅក្រម អ៊ឹម វណ្ណៈ ថ្លែង​ថា​៖ «​ភ័ស្តុតាង​ដែល​សង្ស័យថា​ពាក់ព័ន្ធ​បទល្មើស​ដែល​មាន​កន្លងមក​នៅ​មិនទាន់​មាន​ភាពច្បាស់លាស់​។ ដើម្បី​រក​ភ័ស្តុតាង​ថ្មី​បន្ថែម​ទៀត​ក្នុង​ការបំពេញ​កិច្ចការ​នោះ​តុលាការ​នឹង​ធ្វើការ​ចាត់​របៀប​ក្នុង​សំណុំ​រឿងនេះ​បន្តទៀត​»​។

ជន​ត្រូវ​ចោទ​លោក​ យាង សុធារិន្ទ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ទាប់ពី​ចូល​ស្តាប់​ក្នុង​សវនាការ​ថា ប្រការ​ដែល​តុលាការ​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​ចាត់​របៀប​លើ​សំណុំរឿង​របស់​លោក និង លោក អ៊ួន ឈិន គឺជា​ការធ្វើឲ្យ​ពួកលោក​មាន​ការខកចិត្ត និង​មាន​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​សេចក្តី​សម្រេច​នេះ​។

លោក​ប្រាប់ថា​៖ «​ពួកខ្ញុំ​មិន​យល់ ព្រោះថា​សំណុំ​រឿង​របស់​ពួក​ខ្ញុំ​ត្រូវ​តុលាការ​បិទ​ការ​ស៊ើបអង្កេត​រួចរាល់ ហើយ​រុញ​ទៅ​ឲ្យ​ចៅក្រម​ជំនុំជម្រះ​ដែល​បាន​ចំណាយពេល​ប្រកាស​សាលក្រម​ក៏​យូរ​ទៀត​។ តែ​ចុងបញ្ចប់​បែរ​ជា​ថា ស៊ើបអង្កេត​មិន​ទាន់​គ្រប់គ្រាន់​ទៅវិញ​»​។

អតីត​អ្នករាយការណ៍​ឱ្យ​វិទ្យុ​អាស៊ីសេរី​រូបនេះ​បន្ត​ថា ការស៊ើបអង្កេត​ឡើងវិញ​យ៉ាងណា​នោះ​គឺ​ពួកលោក​មិន​ជំទាស់​អ្វី​ទេ​។ បើ​តុលាការ​ចង់​ធ្វើការ​ស៊ើបអង្កេត​បន្ត​ក៏​តាម​តែ​តុលាការ​ទៅ ប៉ុន្តែ​បញ្ហា​សំខាន់​គឺ​មិន​ត្រឹមតែ​ពួកលោក​ទាំង​ ២ ​នាក់​ទេ ប៉ុន្តែ​ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ​គឺ​តុលាការ​ហាក់ដូចជា​មិន​ឲ្យ​តម្លៃ​យុត្តិធម៌​ទៅ​ប្រជាពលរដ្ឋ​ខ្លួនឯង ព្រោះ​បើ​យោង​ទៅ​លើ​រយៈពេល​នៃ​ការស៊ើបអង្កេត​ក្នុង​រឿង​របស់លោក​នេះ​ជាង​ ២ ​ឆ្នាំ​មកហើយ​។ ដូច្នេះ​វា​លើសពី​ការ​គ្រប់គ្រាន់​សម្រាប់​តុលាការ​ក្នុង​ការធ្វើការ​សម្រេចចិត្ត​ចំពោះ​ការចោទប្រកាន់​មកលើ​ពួកលោក​ហើយ​។

លោក​ថា​៖ «​ពួក​ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់ថា ការរស់នៅ​របស់​ពួក​ខ្ញុំ​បច្ចុប្បន្ន​មាន​ផល​លំបាក​ដែល​រស់នៅ​ក្រោម​គំនាប​របស់​តុលាការ​ដែល​គ្មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ដូច​គេ​ដូច​ឯង​។ ចំពោះ​ការប្រកប​វិជ្ជាជីវៈ​អ្វីមួយ​ក៏​នៅ​ស្ទាក់ស្ទើរ​ទៀត​»​។

លោក អ៊ួន ឈិន និង​លោក​ យាង សុជាមេត្តា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ​ពីបទ​ «​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ដល់​ការការពារ​ជាតិ​ និង​បទ​ចោទ​មួយ​ទៀត​អំពី​ការផលិត​ភាពយន្ត​អាសអាភាស​»​។ ករណីនេះ​ក៏ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​ ៤ ខែ​ធ្នូ ឆ្នាំ​ ២០១៧​។

បើ​យោង​បទចោទ​តាម​បញ្ញត្តិ​មាត្រា​ ៤៤៥ ​នៃ​ក្រមព្រហ្មទណ្ឌ បើ​តុលាការ​រកឃើញ​នូវ​កំហុស​មែន​នោះ​ជន​ត្រូវ​ចោទ​អាច​ជាប់ទោស​ពី​ ៧ ​ឆ្នាំ ទៅ​ ១៥ ​ឆ្នាំ​។

លោក​ អ៊ួន ឈិន និង លោក​ យាង សុជាមេត្តា ត្រូវបាន​នគរបាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​ ១៤ វិច្ឆិកា ២០១៧ ខណៈ​ពួកគេ​កំពុង​រៀបចំ​បន្ទប់​ស្ទូឌីយោ​ក្នុងផ្ទះ​សំណាក់​ម៉ារឌី​ជាន់​ទី​ ៧ នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​ក្រោម​ការសង្ស័យ​ផ្តល់ព័ត៌មាន​ពី​កម្ពុជា​ទៅ​វិទ្យុ​អាស៊ីសេរី​មាន​មូលដ្ឋាន​នៅ​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

លោកស្រី​ ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ដែល​បាន​ចូល​ស្តាប់​ក្នុង​សវនាការ​នោះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ថា​លោក​ អ៊ួន ឈិន និង​លោក​ យាង សុធារិន្ទ ត្រូវបាន ប្រឈម​បទ​ចោទ​ និង​ជាប់ឃុំ​អស់​រយៈពេល​ ៩ ​ខែ​។ ក្រោយមក​ត្រូវ​បាន​ដោះលែង​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ហើយ​តុលាការ​បាន​ជំនុំជំម្រះ​រឿងក្តី​របស់​ពួកគាត់​ទាំង​ ២ កាលពី​ចុងខែ​កក្កដា​និង​ដើម​ខែ​សីហា ឆ្នាំ​ ២០១៩​។

លោកស្រី​ សុភាព បាន​បញ្ជាក់ថា​៖ «​ឆ្លៀតឱកាស​នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​តុលាការ​សូម​ពិចារណា​ទម្លាក់​រាល់​បទ​ចោទប្រកាន់​ដល់​រូបលោក​ទាំង​ ២ និង​ស្នើ​ដល់​រដ្ឋាភិបាល​ក្នុង​ការធានា​ការពារ​ដល់​សេរីភាព​អ្នកសារព័ត៌មាន ដើម្បី​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ទាំងឡាយ​អាច​បំពេញ​ភារកិច្ច​ស្របច្បាប់​របស់​ពួកគាត់​ដែល​កិច្ចការ​នេះ​នឹងចូលរួម​លើកកម្ពស់​អភិបាលកិច្ច​យ៉ាងសំខាន់​សម្រាប់​សង្គម​យើង​»៕