ព្រះសីហនុៈ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ការពារ​ក្តី​ឲ្យ​ជនរងគ្រោះ​ក្នុង​ការទាមទារ​សំណង​ពី​ការ​រលំ​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ​បាន​ចូល​បង្ហាញ​ខ្លួន​នៅ​តុលាការ​កាលពី​សប្តាហ៍​មុន ក្រោយពី​ប្រធាន​តុលាការ​ណែនាំ​ឲ្យ​ពួកគេ​ស្វែងរក​ទ្រព្យសម្បត្តិ​របស់​ជនជាប់ចោទ​មាន​នៅ​កម្ពុជា ដើម្បី​ស្នើ​នីតិវិធី​ក្នុង​ការបង្កក​ទ្រព្យសម្បត្តិ​ចៀសវាង​ខាតបង់​ដល់​ជនរងគ្រោះ​។

កាលពី​អំឡុង​ខែ​កក្កដា ជនរងគ្រោះ​ជិត​ ៥០ ​គ្រួសារ​ក្នុង​ឧបទ្ទវហេតុ​រលំបាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ​តាមរយៈ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​បាន​ជំរុញ​តុលាការ​ឲ្យ​ពន្លឿន​នីតិវិធី​ស្វែងរក​យុត្តិធម៌ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ក្រុមហ៊ុន​ចិន​ក្នុង​ម្នាក់ៗ​ចន្លោះ​ពី​ ២ ​ម៉ឺន​ដុល្លារ​ដល់​ជាង​ ១០ ​ម៉ឺន​ដុល្លារ​។

លោក​ គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក ហ៊ុន សែន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​កាលពី​សប្តាហ៍​មុន ក្រុម​មេធាវី​ដែល​ដឹកនាំ​ដោយ​លោកស្រី អ៊ូ ធីតាពៅ បាន​ជួប​ផ្ទាល់​ជាមួយ​ប្រធាន​តុលាការ​ដើម្បី​បង្ហាញ​ខ្លួន និង​ដាក់​ភ័ស្តុតាង​ជុំវិញ​ការទាមទារ​របស់​កូនក្តី​។ លោក​បន្ត​ថា​ការបង្ហាញ​ខ្លួន​នេះ បន្ទាប់ពី​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ពី​ការទាមទារ​សំណង​ជំងឺ​ចិត្ត​ជំនួស​កូនក្តី​ខ្លួន​ទាំង​ជាង​ ៥០ ​គ្រួសារ​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​ដាក់​ទៅហើយ ហើយ​សប្តាហ៍​មុន​នេះ​តុលាការ​បាន​កោះអញ្ជើញ​មេធាវី​ទៅ​ចូលរួម​បំភ្លឺ​លើ​ពាក្យបណ្តឹង​ និង​បន្ថែមបន្ថយ​លើ​ចម្លើយ​រួមទាំង​សំណូមពរ​របស់​ខ្លួន​រួចហើយ​។ នីតិវិធី​បន្តទៀត​គឺជា​សមត្ថកិច្ច​របស់​តុលាការ​។ អ៊ីចឹង​តុលាការ​បន្ត​កោះហៅ​អ្នកណា​មក​សួរចម្លើយ ឬ​សាក្សី​ផ្សេងៗ​ទៀត​នៅ​តុលាការ​ជា​បន្តបន្ទាប់ មុន​តុលាការ​សម្រេច​»​។

បន្ថែម​ពីនេះ​លោក​ គី តិច ក៏បាន​អះអាង​ដែរ​ថា​ចំពោះ​ការការពារ​ក្តី​ជូន​ជនរងគ្រោះ​ទាំងនេះ​គឺជា​ការស្ម័គ្រចិត្ត​តាមរយៈ​ការណែនាំ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​បំណង​ស្វែងរក​យុត្តិធម៌ ជាពិសេស​សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ​ដែល​លោក​ស្នើ​កុំ​ឲ្យ​ទាញ​បញ្ហា​នេះ ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។

លោកស្រី អ៊ូ ធីតាពៅ មេធាវី​ការពារ​ជនរងគ្រោះ​មិន​អាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​ពី​ម្សិលមិញ ព្រោះ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នកទទួល​។

ទោះបី​យ៉ាង​ណា​លោក​ សុខ កល្យាណ ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ក្រោយពី​បាន​សាកសួរ​មេធាវី នីតិវិធី​បន្តបន្ទាប់ តុលាការ​នឹង​ធ្វើការ​កោះអញ្ជើញ​ជនរងគ្រោះ​ម្តង​មួយៗ​ចាប់ពី​ពេល​នេះ ដើម្បី​ពិនិត្យ​លើ​ការទាមទារ និង​ការខាតបង់​របស់​ជនរងគ្រោះ​ទាំងនោះ ខណៈ​ដំណើរការ​ស៊ើបអង្កេត​រឿង​ព្រហ្មទណ្ឌ​នៅ​បន្ត​នីតិវិធី​នៅឡើយ​។

លោក​ សុខ កល្យាណ ក៏បាន​ណែនាំ​ឲ្យ​ក្រុម​មេធាវី​ត្រូវ​ស្វះស្វែង​ស្នើសុំ​រក្សា​ការពារ​នូវ​ទ្រព្យសម្បត្តិ និង​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ​ដែល​ជនជាតិ​ចិន​ទាំងនោះ​មាន​ដើម្បី​ធានា​លើ​ការផ្តល់​សំណង​រដ្ឋប្បវេណី​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​យើង​នឹង​ពន្លឿន​រឿងក្តី​ហ្នឹង​ឲ្យ​បាន​ឆាប់រហ័ស ប៉ុន្តែ​វា​ពិបាក​ដែរ​រឿង​សំណង​ហ្នឹង វា​មិន​ងាយ​ប៉ុន្មាន​ទេ ព្រោះ​ពួកគាត់​ (​ជនរងគ្រោះ​) ​ទាមទារ​ច្រើន ហើយ​យើង​មិន​ដឹងថា ទំហំ​នៃ​ការខូចខាត​មាន​ប៉ុន្មាន​ទេ​។ យើង​ធ្វើការ​ស៊ើបអង្កេត​វាស់វែង ហើយ​ជនជាតិ​ចិន​ហ្នឹង​កំពុង​បន្ត​នៅ​ឃុំខ្លួន​នៅឡើយ ដែល​យើង​មិន​ទាន់​ដឹង​នៅឡើយ​ថា ជនជាតិ​ចិន​ហ្នឹង​មាន​ទ្រព្យ​សម្បត្តិ​ប៉ុន្មាន​»​។

លោក​បាន​បន្តថា​៖ «​បើសិន​ជា​យើង​ដាក់​តែ​ក្រដាស​អ៊ីចឹង បើ​ជនជាប់ចោទ​គាត់​បណ្តោះ​ទ្រព្យសម្បត្តិ​គាត់​អស់​ទៅ ពេល​ដែល​សាលក្រម​ចេញ​មក​យក​ទៅ​អនុវត្ត​ទៅ​វា​លំបាក មិនដឹង​យក​ទៅ​អនុវត្ត​លើ​អី​។ អ៊ីចឹង​ក្រុម​មេធាវី​ហ្នឹង ត្រូវ​តែ​គិតគូរ​ជួយ​ដល់​ពួកគាត់​ហើយ​»​។

កាលពី​ខែ​មិថុនា​សំណង់​អគារ​កម្ពស់​ ៧ ​ជាន់​ ដែល​ត្រូវបាន​អះអាង​ថា គ្មាន​ច្បាប់​អនុញ្ញាត​បាន​បាក់​រលំ​បណ្តាល​ឲ្យ​កម្មករ​ដែល​សម្រាក​បណ្តោះ​អាសន្ន​ក្នុង​អគារ​នេះ​ចំនួន​ ២៨ ​នាក់​ស្លាប់ ​ក្រោម​គំនរ​បាក់បែក​។ ឯកម្មករ​ចំនួន​ ២៦ ​នាក់​ផ្សេងទៀត ​ត្រូវ​បាន​ជួយសង្គ្រោះ​ដោយ​ជនរងគ្រោះ​ខ្លះ​បាន​ជាប់​ក្រោម​អគារ​ដល់​ទៅ​ជាង​ ៤៨ ​ម៉ោង​។

ពាក់ព័ន្ធ​នឹង​ការបាក់​រលំ​អគារ​នេះ អ្នក​ទទួលខុសត្រូវ និង​ម្ចាស់​ក្រុមហ៊ុន​ម៉ៅការ​សំណង់​ដែល​ជា​ជនជាតិ​ចិន​ចំនួន​ ៤ ​នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​ព្រះសីហនុ​ចេញ​ដីកា​ ៤ ​ផ្សេង​គ្នា​កាលពី​ថ្ងៃទី​ ២៤ ខែ​មិថុនា​ដោយ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​។

ជនរងគ្រោះ​ម្នាក់​ដែល​នៅមាន​ជីវិត​ក្រោយ​បាក់​រលំ​អគារ​លោក អ៊ុក សាវ៉ាត វ័យ​ ៣១ ​ឆ្នាំ​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា លោក​នៅតែ​ទន្ទឹងរង់ចាំ​ចំណាត់ការ​របស់​តុលាការ​ក្នុង​ការផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​លោក​ដើម្បី​បន្ត​អាជីព​ថ្មី​ជា​កសិករ និង​ចិញ្ចឹម​គោក្របី​។

លោក​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​បង្ហាញ​ពី​អារម្មណ៍​នៅ​បន្ត​ភ័យខ្លាច និង​បាន​បោះបង់​អាជីព​ជា​កម្មករ​សំណង់​ថា​៖ «​ខ្ញុំ​សូម​សំណូមពរ​ឲ្យ​ជួយ​ដោះស្រាយ​ឲ្យ​ខ្ញុំ ហើយ​ខាង​តុលាការ​ឆាប់​កាត់ក្តី និង​ផ្តល់​សំណង​ដើម្បី​យក​ទៅ​ប្រកបមុខរបរ​ផ្សេង​ពី​ហ្នឹង​។ ព្រោះ​អី​ធ្វើការ​ហ្នឹង​លែង​កើត​ហើយ​ សូម្បី​តែ​ផ្ទះ​ខ្លួនឯង​ក៏​លែង​ហ៊ាន​ចង់​នៅ​ដែរ ព្រោះ​វា​ខ្ពស់​ឲ្យ​តែ​ខ្យល់​មក​វូៗ នាំគ្នា​ចុះ​ពី​ផ្ទះ​អស់​ហើយ​»៕