ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញបានប្រកាសសាលក្រមផ្ដន្ទាទោសជនជាប់ចោទ ថោង សារ៉ាត់ និងបក្ខពួក ៤ នាក់ទៀតដែលត្រូវជាអង្គរក្សឲ្យជាប់ពន្ធនាគារអស់មួយជីវិតសម្រាប់ម្នាក់ៗ។ ជនជាប់ចោទទាំង ៥ នាក់បានពាក់ព័ន្ធក្នុងសំណុំរឿងបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅជិតអាងទឹកអូឡាំពិក ។
លោកចៅក្រម តុប ឈុនហេង បានអានសាលក្រមនៅចំពោះមុខជនជាប់ចោទថា៖ «ក្រោយពីបានជំនុំជម្រះមកតុលាការយល់ឃើញនិងសម្រេចថា ជនជាប់ចោទឈ្មោះ ថោង សា រ៉ាត់, ទី២-ឈ្មោះ ស៊ាង វាសនា, ទី៣-ឈ្មោះ មាស សម្បត្តិ, ទី៤-ឈ្មោះ កុយ ចាន់ថុល និងទី៥-ឈ្មោះ ឈុំ ចិត្រា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតតាមបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ឯឈ្មោះ ឌី សៅ ត្រូវរំលត់បណ្តឹងអាជ្ញា ព្រោះជន ម្នាក់នេះបានស្លាប់ហើយ»។
ទោះជាយ៉ាងណាក៏ដោយនៅក្នុងបន្ទប់សវនាការ ក្រុមគ្រួសារអតីតអង្គរក្សរបស់លោក ថោង សារ៉ាត់ ប្រមាណជិត ២០ នាក់រួមនឹងប្រពន្ធរបស់លោក ថោង សារ៉ាត់ ផង បានស្រែកប្រឆាំងភ្លាមទៅលើសាលក្រមរបស់ចៅក្រម តុប ឈុនហេង ថា តុលាការអយុត្តិធម៌។
អ្នកស្រី ទាវ ធីតា ជាភរិយារបស់ជនជាប់ចោទ ថោង សារ៉ាត់ បានស្រែកដោយអះអាងថាប្តីរបស់អ្នកស្រីមិនបានជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ នោះទេ។
ដោយសារនៅក្នុងបន្ទប់សវនាការមានសភាពរញ៉េរញ៉ៃមិនអាចស្តាប់គ្នាបាន ពេលនោះលោកចៅក្រម តុប ឈុនហេង បានប្រកាសបិទសវនាការហើយនគរបាលដែលយាមការពារនៅសាលាដំបូងរាជធានីភ្នំពេញ ក៏បានបង្ខំឲ្យអ្នកស្រែកតវ៉ាចេញពីបន្ទប់សវនាការ។
ក្រោយចេញពីតុលាការអ្នកស្រី ទាវ ធីតា បានមកបន្តស្រែកទ្រហោយំនៅក្រៅរបងតុលាការរួមជាមួយក្រុមគ្រួសាររបស់អតីតអង្គរក្សជនជាប់ចោទ ថោង សារ៉ាត់ ថា៖ «ឯណាទៅយុត្តិធម៌សម្រាប់លោក ថោង សារ៉ាត់ ប្តីរបស់ខ្ញុំ (គាត់) មិនបានបាញ់សម្លាប់លោកឧកញ៉ា អឹុង ម៉េងជឺ ទេ ។ សម្តេច ហ៊ុន សែន បានស្រែកប្រាប់មន្រ្តីរបស់លោកថាឲ្យមើលរឿងប៉ាវចិន សម្តេច ប៊ុនរ៉ានី ជាម៉ែជាឪរបស់កូនចៅឥឡូវនៅឯណាចុះមកជួយកូនចៅផងចំពោះនៅថ្ងៃទី ២២ នោះ ប្តីខ្ញុំនៅជាមួយខ្ញុំ ហើយខ្ញុំ និងប្តីខ្ញុំមិនដែលស្គាល់លោក អ៊ឹង ម៉េងជឺ នោះទេ»។
អ្នកស្រី ស្រែកបន្តដោយអះអាងថា៖ «ថ្ងៃទី ១ មុនកើតហេតុលោកពូ ជួន សុវណ្ណ ហៅ ប្តីខ្ញុំទៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញដើម្បីប្រជុំបក្ស ហើយពេលប្តីខ្ញុំត្រឡប់មកវិញលោកពូ ជួន សុវណ្ណ គាត់ឲ្យប៉េអឹមតែងខ្លួនជាស៊ីវិល ដើម្បីទៅចាប់ប្តីខ្ញុំហើយភ្ជង់ដាក់ឡាន។ ពេលប្តីខ្ញុំទៅដល់ស្នងការគឺពូ ជួន សុវណ្ណ ទះស្មាប្តីខ្ញុំហើយប្រាប់ប្តីខ្ញុំថាខ្ញុំ (ជួនសុវណ្ណ) សុំទោសគេចាប់ច្រឡំទេ។ រឿងនេះអយុត្តិធម៌ណាស់សម្តេច ហ៊ុន សែន ត្រូវតែធ្វើរឿងនេះឲ្យមានយុត្តិធម៌ឡើងវិញផង។ បើមិនអ៊ីចឹងមិនអាចមាននរណាជ្រកកោនបានទេ»។
ស្រ្តីម្នាក់ទៀតដែលជាប្រពន្ធរបស់ឈ្មោះ សៀង វាសនា ជាអតីតអង្គរក្សលោក ថោង សារ៉ាត់ ហើយត្រូវបានតុលាការផ្តន្ទាទោសអស់ ១ ជីវិតដែរនោះ បានស្រែកយំនៅក្រៅរបងតុលាការផងដែរថា សាលក្រមដែលតុលាការកាត់ទោសប្តីគាត់ឲ្យជាប់ពន្ធនាគារ ១ ជីវិតនោះវាជារឿងអយុត្តិធម៌ណាស់ ព្រោះប្តីគាត់មិនបានចូលរួមបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ទេ។
គួរបញ្ជាក់ថា សំណុំរឿងបាញ់សម្លាប់លោកឧកញ៉ា អឹុង ម៉េងជឺ នេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះសួរដេញដោលជនជាប់ចោទនិងពីការទាញហេតុផលរបស់មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទជាបន្តបន្ទាប់ចំនួន ៦ លើករួចមកហើយ ចាប់ពីខែ មករា ឆ្នាំ ២០១៩ ដល់ខែ មីនា ឆ្នាំ ២០១៩ និងបានប្រកាសសាលក្រមនៅថ្ងៃទី ២៦ មីនា ក្នុងខែដដែលនេះដែរ។
គួររំឭកដែរថា កាលថ្ងៃទី ២២ ខែ វិច្ឆិកាឆ្នាំ ២០១៤ លោកឧកញ៉ា អឹុង ម៉េងជឺ ត្រូវបានជនម្នាក់បាញ់ជាច្រើនគ្រាប់ដោយកាំភ្លើងខ្លី ខណៈជនរងគ្រោះចុះពីលើរថយន្តបម្រុងដើរចូលទៅទិញផ្លែឈើនៅហាងលក់ផ្លែឈើមួយកន្លែងជិតអាងទឹកពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក ទួត លុច មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទ ថោង សារ៉ាត់ បានប្រាប់តាមទូរស័ព្ទថា ចំពោះលោកផ្ទាល់ក៏ដូចជាកូនក្តីរបស់លោកដែរមានការរន្ធត់ចិត្តខ្លាំងណាស់ពេលឮសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ព្រោះថា បើតាមភ័ស្តុតាងនិងសាក្សីដែលបានដាក់បង្ហាញនៅតុលាការ គឺមានភ័ស្តុតាងដោះបន្ទុកទាំងអស់ ហើយជាគោលការណ៍កាលណាតុលាការគាត់ចង់សម្រេចចំពោះការផ្តន្ទាទោសដាក់គុកគឺគាត់ត្រូវមានសំអាងហេតុ។
លោកបញ្ជាក់ថា៖ «ប៉ុន្តែតុលាការអត់មានអានសំអាងហេតុទេហើយសម្រេចដាក់គុកកូនក្តីខ្ញុំតែម្តង។ ការធ្វើដូច្នេះគឺជាការមិនត្រឹមត្រូវទេ ហើយទណ្ឌកម្មទោស ១ ជីវិតនេះជាទោសធ្ងន់ធ្ងរណាស់ ដូច្នេះហើយការចូលរួមក្នុងការអនុវត្តច្បាប់នោះគួរតែបង្ហាញឲ្យអស់ចិត្តថា ភ័ស្តុតាងណាដែលយើងដាក់ជាភ័ស្តុតាងដោះបន្ទុកហ្នឹង ដែលតុលាការទាត់ចោលគឺសំអាងលើអី។
ប៉ុន្តែតុលាការអត់បានធ្វើអ៊ីចឹងទេ ខ្ញុំយល់ថា រឿងនេះវាអយុត្តិធម៌ពេកខ្ញុំនឹងពិភាក្សាជាមួយកូនក្តីថា តើត្រូវប្តឹងទាស់បន្តទៅសាលាឧទ្ធរណ៍ដើម្បីទាមទារឲ្យតុលាការបង្ហាញនូវភ័ស្តុតាងដាក់បន្ទុកដែលតុលាការមាន ពីព្រោះកន្លងមក គ្មានភ័ស្តុតាងដាក់បន្ទុកទេ។ ក្រោយពីកើតមានហេតុការណ៍នេះមក លោក ថោង សារ៉ាត់ បានរត់គេចខ្លួនទៅប្រទេស វៀតណាម ជាច្រើនខែ បន្ទាប់មក ត្រូវបានអាជ្ញាធរវៀតណាមចាប់បញ្ជូនមកឲ្យសមត្ថកិច្ចកម្ពុជាវិញ៕