ភ្នំពេញ៖ ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យ ទី ១៨ មេសា​នេះ បាន​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ ទៅ​លើ​បុរស​ម្នាក់ ដែល​បាន​យក​កាំបិត​កាត់​ខ្សែ​របាំង​រាំង​ផ្លូវ​របស់​សមត្ថកិច្ច ហាម​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូទី២ ខណ្ឌ​ទួលគោក កាល​ពី​ថ្ងៃទី ១៥ ខែ​មេសា។

លោក គុជ គឹមឡុង អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ថា ព្រះរាជអាជ្ញា​រង លោក ឡុង ជៀប បាន​សម្រេច​ចោទ​ប្រកាន់​ជន​រូប​នេះ តាម​មាត្រា ៤ និង​មាត្រា ១១ នៃ​ច្បាប់​ស្ដីពី​ការ​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ និង​ការ​ទប់ស្កាត់​ជំងឺ​ឆ្លង​រីក​រាលដាល​ផ្សេងៗ។

លោក​បាន​ប្រាប់​ថា​៖ «ចៅក្រម​ជំនុំ​ជម្រះ លោក ឡុង វណ្ណា បាន​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ (ជន​នេះ) រយៈពេល ០១ ឆ្នាំ»។

ជនជាប់​ចោទ​មាន​ឈ្មោះ ដារ៉ា រ័ត្នសុគុន អាយុ ២៧ ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការ​នគរបាល​ខណ្ឌ​ទួលគោក ធ្វើ​ការ​ឃាត់​ខ្លួន​ជាក់ស្ដែង​ពី​បទ​ប្រឆាំង​នឹង​ការ​អនុវត្ត​ការងារ​សារធារណ: ដោយ​ជន​នេះ បាន​យក​កូន​កាំបិត​ចុង​ស្រួច​មក​កាត់​ខ្សែ​ការពារ ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​យាន​ជំនិះ​ធ្វើ​ចរាចរណ៍​ឆ្លង​កាត់​តាម​ដង​ផ្លូវ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

ករណី​ដោយ​ឡែក​មួយ​ទៀត បុរស​ម្នាក់​ដែល​បាន​ក្លែង​ខ្លួន​ជា​ឧត្តមសេនីយ៍ ហើយ​បើក​ឡាន​ថត​វីដេអូ​បំពាន​ទៅ​នឹង​វិធានការ​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល និង​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី ១៧​ ខែ​មេសា នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​បាន​ព្រះរាជអាជ្ញា​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​នៅ​ថ្ងៃ​អាទិត្យ ទី ១៨ មេសា​នេះ។

លោក គុជ គឹមឡុង បាន​ប្រាប់​ថា ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ឡុង ជៀប បាន​សម្រេច​ចោទ​ប្រកាន់​ជន​នេះ តាម​មាត្រា ៤ និង មាត្រា ១១ នៃ​ច្បាប់​ពី​ការ​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ និង​ការ​ទប់ស្កាត់​ជំងឺ​ឆ្លង​រីក​រាលដាល​ផ្សេងៗ។

លោក​បាន​បញ្ជាក់​ថា ចៅក្រម​ជំនុំ​ជម្រះ លោក អ៊ុក សុវណ្ណារិទ្ធ បាន​សម្រេច​ឃុំ​ខ្លួន​បណ្តោះអាសន្ន ដោយសារ​ជន​ជាប់​ចោទ បាន​ស្នើ​សិទ្ធិ​សុំ​ពឹងពាក់​រក​មេធាវី ហើយ​សវនាការ​នឹង​ធ្វើ​ឡើង​ក្នុង​រយៈពេល ២ សប្តាហ៍​ទៀត។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជន​ជាប់ចោទ សៀង រង្សី អាយុ ៣៥ ឆ្នាំ បាន​ក្លែងបន្លំ​ជា​នគរបាល​ជាតិ និង​បើកបរ​រថយន្ត​ថត​វីដេអូ​ល្មើស​នឹង​សេចក្តី​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ឃាត់​ខ្លួន៕