
បុរស ៤ នាក់ ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១ ឆ្នាំ និងពិន័យ ១ លានរៀល ករណីផឹកគ្រឿងស្រវឹងបំពានបម្រាមទប់ស្កាត់ជំងឺកូវីដ។ រូបថត រដ្ឋបាលខេត្តតាកែវ
តាកែវ៖ តុលាការខេត្តតាកែវ កាលពីថ្ងៃទី ២០ ខែមេសា បានសម្រេចផ្តន្ទាទោសបុរសចំនួន ៤ នាក់ ដាក់ពន្ធនាគាររយៈពេល ១ ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ១ លានរៀល ក្រោមការចោទប្រកាន់ពីបទ មិនគោរពវិធានរដ្ឋបាល និងបទរារាំងដល់ការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ។
លោក ង៉ែត ដាវុធ លេខាធិការដ្ឋានសាលាដំបូងខេត្តតាកែវ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅទី ២១ ខែមេសានេះថា តាមកំណត់ហេតុនៃដីកាបង្គាប់ឱ្យចូលខ្លួនរបស់ព្រះរាជអជ្ញារង ស៊្រីវ គឹមស្រស់ បានចោទប្រកាន់ជនល្មើសទាំង ៤ រូបនេះ តាមបទប្បញ្ញត្តិមាត្រា ៤ មាត្រា ១០ និងមាត្រា ១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីត ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលហាមការជួបជុំគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅក្នុងសហគមន៍។
បើតាម លោក ង៉ែត ដាវុធ មនុស្សទាំង ៤ នាក់មាន ឈ្មោះ ជីប តូនី អាយុ ២៤ ឆ្នាំ ជីប ដារាជ អាយុ ២៦ ឆ្នាំ ផែន សុខន អាយុ ២៦ ឆ្នាំ និងឈ្មោះ ខៀវ ជិន អាយុ ៤៥ ឆ្នាំ។ អ្នកទាំង ៤ រស់នៅក្នុងឃុំបឹងក្រាញខាងជើញ ស្រុកសំរោង ខេត្តតាកែវ ។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចក៏បានរឹបអូសឧបករណ៍បំពងសំឡេង (ធុងបាស់) ទុកជាសម្បត្តិរដ្ឋ។ ចំណែកវត្ថុតាងមានម៉ូតូ ៣ គ្រឿង ត្រូវបានប្រគល់ទៅឱ្យគ្រួសារជនទាំងនេះវិញ។
លោក ង៉ែត ដាវុធ បញ្ជាក់ថា កាលពីថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ បុរសទាំង ៤ រូបនេះ បានជួបជុំផឹកស៊ីចាក់ធុងបាស់ ប្រឆាំងទៅនឹងបម្រាមរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងការរីករាលដាលនូវជំងឺកូវីដ ១៩។ ដូច្នេះ សមត្ថកិច្ចក៏បានឃាត់ខ្លួន និងបញ្ជូនពួកគេមកតំណាងអយ្យការ ធ្វើកំណត់ហេតុ និងចៅក្រមក៏បានបើកសវនាការ នៅថ្ងៃទី ២០ ខែមេសា។
អង្គសវនាការជំនុំជម្រះ មានសមាសភាព ចៅក្រមជំនុំជម្រះ គឺលោក នូ ដារ៉ា និងតំណាងអយ្យការ លោក ស៊្រីវ គឹមស្រស់ ហើយបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ ០១ ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ០១ លានរៀល៕