ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្អាក​សវនាការ​ជំនុំជម្រះ​សំណុំរឿង «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​» លើ​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​តាម​ការស្នើសុំ​របស់​ភាគី​សហមេធាវី​ទាំង​សងខាង ដោយសារ​តែ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក កូយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​កាលពី​ថ្ងៃ​អង្គារ​បាន​សម្រេច​យល់​ព្រម​ពន្យារពេល​ដំណើរការ​ជំនុំជម្រះ​សំណុំរឿង​លោក កឹម សុខា តាម​ការស្នើសុំ​របស់​សហមេធាវី​តំណាង​រដ្ឋាភិបាល និង​សហមេធាវី​ការពារ​ក្ដី​លោក កឹម សុខា​។ យោងតាម​ចំណារ​របស់​លោក​នៅលើ​ពាក្យស្នើសុំ​ពន្យារពេល​លោក កូយ សៅ សរសេរ​ថា​៖ «​ឯកភាព​តាម​ពាក្យសុំ​ដោយ​ឲ្យ​ពន្យារពេល​រហូត​ដល់​មាន​ការជូន​ដំណឹង​អំពី​កាលបរិច្ឆេទ​ថ្ងៃ​សវនាការ​ជាថ្មី​»​។

ពាក្យស្នើសុំ​ពន្យារ​របស់​សហមេធាវី​រដ្ឋាភិបាល​បាន​សរសេរ​ថា​៖ «​ដោយពេល​បច្ចុប្បន្ននេះ​គឺ​កំពុង​ស្ថិត​នៅ​ក្នុងស្ថានភាព​ផ្ទុះ​ជំងឺ​រាលដាល កូវីដ​ ១៩ (​ជា​ជំងឺ​កាចសាហាវ និង​មាន​ភាពងាយស្រួល​ក្នុង​ការឆ្លង​) ​រាជរដ្ឋាភិបាល និង​បណ្ដា​ប្រទេស​នៅ​ទូទាំង​សកលលោក​កំពុង​រួមគ្នា​យ៉ាង​យកចិត្ត​ទុកដាក់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីក​រាលដាល​នេះ​ដោយ​ក្នុងនោះ​មាន​ការដាក់​បម្រាម​ហាម​មិន​ឲ្យ​មាន​ការជួបជុំ​គ្នាច្រើន ​ហើយ​ម្យ៉ាងទៀត​នៅក្នុង​បន្ទប់​សវនាការ​គឺ​មាន​ភាព​តូចចង្អៀត​ដែល​មិន​អាច​អង្គុយ​ក្នុង​ចម្ងាយ​ ២ ​ម៉ែត្រ​ដូច​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​នោះទេ​»​។

ពាក្យស្នើសុំ​បន្តថា​៖ «​ដូច្នេះ​ដើម្បី​ចៀសវាង​ក្នុង​ការឆ្លង និង​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​កូនក្ដី​យើងខ្ញុំ សូម​លោក​ប្រធាន​មេត្តា​យោគយល់ និង​អធ្យាស្រ័យ​ក្នុង​ការពន្យារពេល​សវនាការ​ក្នុង​សំណុំរឿង​ខាងលើ​ទៅ​ថ្ងៃក្រោយ​សិន​»​។

ចំណែក​លិខិត​ស្នើសុំ​របស់​សហមេធាវី​លោក កឹម សុខា ក៏បាន​លើកឡើង​ពី​មូលហេតុ​ស្រដៀង​គ្នា​នេះដែរ ដោយ​ស្នើ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ តាមរយៈ​ការលើក​ពេល​សវនាការ​ទៅ​ថ្ងៃក្រោយ​។

សំណុំរឿង​ «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​» ដែល​ចោទ​លើ​លោក កឹម សុខា បាន​ដំណើរការ​ជំនុំជម្រះ​អស់​ជាច្រើន​សប្ដាហ៍​មកហើយ​គិត​ចាប់ពី​ថ្ងៃទី​ ១៥ ខែមករា ឆ្នាំ​ ២០២០ មក​។ នៅ​ថ្ងៃ​សវនាការ​ចុងក្រោយ​កាលពី​ថ្ងៃទី​ ១២ ខែ​មីនា​សវនាការ​បាន​ផ្អាក​នៅពេល​សួរដេញដោល​បាន​ឈានដល់​ការបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​តុលាការ​គ្រោង​នឹង​បន្ត​នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

លោក កឹម សុខា បាន​ថ្លែង​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​កាលពី​ថ្ងៃ​អង្គារ ដោយ​ថ្លែង​អំណរគុណ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​មាន​ចិត្តសប្បុរស​ធម៌​ធ្វើ​វិភាគទាន​ថវិកា​ផ្ទាល់ខ្លួន​សរុប​ចំនួន ៥០០០ ​ដុល្លារ​អាមេរិក​តាមរយៈ​រូបលោក ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​សរសេរថា​៖ «​ព្រឹក​មិញ​នេះ​ខ្ញុំ​បានប្រគល់​ថវិកា​សប្បុរសធម៌​នេះ​ជូន​ទៅ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​រួចហើយ​។ ខ្ញុំ​សូម​កោតសរសើរ​នូវ​សន្តាន​ចិត្ត​ចែករំលែក អាណិត ស្រឡាញ់​ខ្មែរ​ដូចគ្នា​ក្នុង​គ្រាអាសន្ន​នេះ​ទោះបី​បងប្អូន​ក៏​កំពុង​ជួប​ការលំបាក​រៀងៗ​ខ្លួន​ពេលនេះ​ផងដែរ​ក៏ដោយ​»​។

កាលពី​ថ្ងៃ​ចន្ទ​លោក កឹម សុខា ក៏បាន​ថ្លែង​តាម​ហ្វេសប៊ុក​របស់​លោក​អំពី​ជំងឺ​នេះ​ដោយ​លោក​អំពាវនាវ​ជាច្រើន​ចំណុច​រួមទាំង​ស្នើឲ្យ​ជួយ​លើក​ទឹកចិត្ត និង​កោតសរសើរ​ដល់​សមត្ថកិច្ច​ដែល​ខិតខំ​ប្រឹងប្រែង​ធ្វើការ​លះបង់​បំពេញការងារ​ដ៏លំបាក និង​គ្រោះថ្នាក់​នេះ​។

លោក​ក៏បាន​ស្នើ​ដែរ​ថា​៖ «​សូមកុំ​បំភ្លៃ កុំ​បំប៉ោង​ព័ត៌មាន និង​ក៏​កុំ​លាក់បាំង​ព័ត៌មាន​ពិត​។ សូមកុំ​ប្រកាន់​និន្នាការ​នយោបាយ និង​កុំ​រើសអើង​គ្នា​ឲ្យ​សោះ​»៕