ភ្នំពេញ៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បន្ត​ពន្យារពេល​បន្ត​សវនាការ​សំណុំ​រឿង​សន្ទិដ្ឋភាព​ជាមួយ​បរទេស​របស់​​លោក ​កឹម​ សុខា បើ​ទោះបីជា​មាន​សំណើ​ពី​ក្រុម​មេធាវី​ការពារ​លោក​ក្ដី ​ដោយសារ​បារម្ភ​រឿង​កូវីដ ​១៩ ​ខណៈ​​សំឡេង​​សន្ទនា​ចាស់​រវាង​លោក ​កឹម​ សុខា​ និង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​ត្រូវ​បាន​អ្នក​​លេង​ហ្វេសប៊ុក​យក​មក​បង្ហោះ​ឡើង​វិញ​ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។​

លោក ​កូយ សៅ​ ប្រធាន​ក្រុម​ជំនុំ​ជម្រះ​សំណុំ​រឿង ​«សន្ទិដ្ឋភាព​ជាមួយ​បរទេស» ដែល​មាន​លោក​ កឹម​ សុខា ជា​ជន​ជាប់​ចោទ បាន​សម្រេច​បន្ត​ពន្យារពេល​បន្ត​សវនាការ​លើ​សំណុំ​រឿង​នេះ ​ដោយ​យល់​ឃើញ​ថា​ស្ថានភាព​ឆ្លង​ជំងឺ​កូវី ​១៩ ​ហាក់​​មិន​ទាន់​ធូរស្រាល​នៅ​ឡើយ​។

យោង​តាម​លិខិត​ចុះថ្ងៃ​ទី ​២៣ ​មិថុនា ដែល​ជា​ការ​ឆ្លើយ​តប​មក​សហមេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ កឹម សុខា ចៅក្រម ​កូយ​ សៅ ​បាន​លើក​ឡើង​ថា ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​យល់​ឃើញ​ថា គប្បី​បន្ត​ផ្អាក​តទៅ​ទៀត​ ដោយសារ​ស្ថានភាព​កូវីដ ​១៩។

លោក​ចៅក្រម​បាន​បញ្ជាក់​ក្នុង​លិខិត​ថា៖ ​«ជាក់​ស្ដែង​គ្រប់​គ្នា​នៅ​មាន​អារម្មណ៍​​ភ័យ​ខ្លាច​អំពី​មេរោគ​កូវីដ ​១៩​ ដែល​មាន​ចរិត​ចម្លង​រាល​ដាល​ដ៏​កាច​សាហាវ ​និង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជា​សកល។ ម្យ៉ាង​វិញ​ទៀត​ សាលសវនាការ​ជំនុំ​ជម្រះ​មិន​អាច​ផ្ទុក​អ្នក​ចូល​រួម​ពី ​៣០ ​នាក់​ ទៅ ​៤០ ​នាក់ ដោយ​តម្រូវ​ឲ្យ​មាន​គម្លាត​រវាង​គ្នា​នូវ​ចម្ងាយ​ ២ ម៉ែត្រ ឬ ​៣ ​ម៉ែត្រ​នោះ​បាន​ឡើយ»​។

លោក​ កូយ សៅ បន្ត​ថា ការ​បន្ត​ផ្អាក​សវនាការ​នេះ​ក្នុង​គោល​បំណង​រក្សា​នូវ​បរិយាកាស​សវនាការ​ឲ្យ​មាន​ភាព​រលូន​ ទទួល​ខុស​ត្រូវ និង​ប្រកប​ដោយ​សុវត្ថិភាព​គ្រប់​ភាគី​ពាក់ព័ន្ធ​ និង​សាធារណជន​ជាតិ​ និង​អន្តរជាតិ​​ដែល​ចូល​រួម​ស្ដាប់​ដោយ​មិន​ភ័យ​ខ្លាច​ពី​មេរោគ​កូវីដ ​១៩​។

លោក​ចៅក្រម​ថ្លែង​ថា៖ «ភាព​ប្រថុយប្រថាន​ដំណើរការ​សវនាការ​ឡើង​វិញ​ក្នុង​គ្រា​មិន​ច្បាស់​លាស់​នេះ អាច​នាំ​ឲ្យ​អន្តរាយ​ដល់​សវនាការ​ទាំង​មូល​ និងធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​របស់​ភាគី​ពាក់ព័ន្ធ​ បើ​មាន​ការ​ចម្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ​ជាយ​ថា​ហេតុ​។​ ដូច្នេះ​​ការ​បន្ត​សវនាការ​ឡើង​វិញ​គប្បី​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ពេលវេលា​សម​ស្រប​ណា​មួយ...»។

លោក​ ចាន់ ​ចេន ​និង​អ្នក​ស្រី ​ម៉េង សុភារី​ មេ​ធាវី ​២ ​រូប​ ក្នុង​ចំណោម ​៤ ​រូប បា​ន​ថ្លែង​​ពី​ម្សិលមិញ​ថា ​សហមេធាវី​ការពារ​លោក​ កឹម សុខា ​បាន​ដាក់​ពាក្យ​ស្នើសុំ​បន្ត​សវនាការ​លើ​សំណុំ​រឿង​នេះ​កាល​ពី​ថ្ងៃទី ​១៧ ​មិថុនា ​ដោយសារ​មើល​ឃើញ​ថា​ ស្ថានភាព​ជំងឺ​កូវីដ ​១៩ ហាក់​បាន​ធូរស្រាល​ឡើង​វិញ​ហើយ។

បើ​តាម​លិខិត​ស្នើសុំ​បន្ត​សវនាការ​របស់​សហមេធាវី​ការពារ​ក្ដី​លោក​ កឹម​ សុខា ​បាន​លើក​ឡើង​ថា ​«ដើម្បី​ធានា​បាន​នូវ​ការ​គោរព​សិទ្ធិ​ ក៏​ដូចជា​យុត្តិធម៌​សម្រាប់​កូន​ក្ដី​ យើង​ខ្ញុំ​ជា​សហមេធាវី​ ស្នើ​សុំ​តុលាការ​ពិចារណា​បន្ត​សវនា​ការ​រឿង​ក្ដី​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ ៥៦៤២/I ​ចុះ​ថ្ងៃ​ទី ​០៣​/០៩/​២០១៧ ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឡើង​វិញ​ ប៉ុន្តែ​រក្សា​គម្លាត​តាម​ការ​ណែ​នាំ​របស់​ក្រសួង​សុខាភិបាល»​។

សវនាការ​លើ​សំណុំ​រឿង​នេះ​បាន​ចាប់​ផ្ដើម​កាល​ពី​ពាក់​កណ្ដាល​ខែ​មករា​ និង​បាន​បន្ត​រហូត​ដល់​សប្ដាហ៍​ទី ​២ នៃ​ខែ​មីនា​ ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​តាម​ការ​ស្នើសុំ​របស់​សហមេធាវី​តំណាង​រាជរដ្ឋាភិបាល និង​សហមេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​ ដោយសារ​បញ្ហា​កូវីដ ​១៩។

កាល​ពី​ដើម​ខែ​ឧសភា​ កន្លង​ទៅ លោក ​កឹម​ សុខា​ បាន​ទៅ​ចូលរួម​បុណ្យ​សព​ម្ដាយ​ក្មេក​របស់​លោក ហ៊ុន សែន ​ធ្វើ​ឲ្យ​មន្ត្រី​ទូត​បរទេស​ចាត់​ទុក​ថា ​ជា​ជំហាន​វិជ្ជមាន​មួយ។​ បន្ទាប់​ពី​ពេល​នោះ​មក​ មន្ត្រី​ទូត​ប្រទេស​​លោក​ខាង​លិច ​និង​ជប៉ុន​ បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក ​កឹម សុខា ជា​ញឹកញាប់​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​កាល​ពី​ម្សិលមិញ​គេហទំព័រ​​ហ្វេសប៊ុក​មួយ​​ឈ្មោះ​ថា ​«យុត្តិធម៌​សង្គម» បាន​យក​សំឡេង​ចាស់​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​និង​លោក ​កឹម​ សុខា​ មក​បង្ហោះ​ឡើង​វិញ។

ហ្វេសប៊ុក​​ដែល​មាន​ដាក់​ប្រូហ្វាល់​​​ ​ថា «ដោះលែង​ កឹម​ សុខា» ​បាន​សរសេរ​ថា «ស្តាប់​លោក​ប្រធាន ​កឹម​ សុខា ជជែក​ជាមួយ​លោក ​ហ៊ុន​ សែន ​ទើប​ដឹង​ច្បាស់​ថា លោក​ប្រធាន​ កឹម​ សុខា​ យើង​មិន​ត្រឹមតែ​មិន​គាំទ្រ​នយោបាយ​ឆ្កួត​ឡប់ៗ​របស់ ​សម​ រង្ស៊ី ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មិន​កំសាក​រត់​ចោល​ស្រុក​ អត់​ស្វាង​ដូច​ សម រង្ស៊ី នោះ​ដែរ​»។

កិច្ច​សន្ទនា​នោះ​ ទំនង​ជា​ត្រូវ​បាន​ថត​ក្រោយ​ឆ្នាំ ​២០១៥ ដែល​ក្នុង​នោះ​​មាន​ការ​និយាយ​​ពី​វប្បធម៌​សន្ទនា​ ការ​ព្រមព្រៀង​​បញ្ហា​សំឡេង​ភាគ​ច្រើន​ និង​ភាគ​តិច នៅ​រដ្ឋសភា ការ​វាយ​តំណាង​រាស្ត្រ​អតីត​បក្ស​ប្រឆាំង​នៅ​ខែ​តុលា ឆ្នាំ ​២០១៥។ លោក​ ហ៊ុន សែន ថ្លែង​ថា​ លោក​មិន​អាច​អត់​ឱន​ឲ្យ​លោក សម រង្ស៊ី បាន​ទេ​ ដោយសារ​តែ​លោក ​សម​ រង្ស៊ី​ ប្រៀប​ធៀប​រូប​លោក​ទៅ​នឹង​ ​ហ្គាដាហ្វី​ អតីត​មេ​ដឹកនាំ​លីប៊ី ដែល​គេ​ហៅ​ថា ​ជន​ផ្ដាច់​ការ។

លោក ​ឯម​ សុវណ្ណារ៉ា​ អ្នក​វិភាគ​នយោបាយ​បាន​ថ្លែង​ថា ​ការ​បញ្ចេញ​សំឡេង​សន្ទនា​ចាស់​នេះ​ ទំនង​ជា​អ្នក​បង្ហោះ​មាន​គោល​បំណង​អ្វី​មួយ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ទៀត​នោះ ​គឺ​មាន​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច​​យក​មក​ផ្សព្វផ្សាយ​ បើ​ទោះ​បី​ជា​ដឹង​ថា​សំឡេង​នេះ​ចាស់​ក៏​ដោយ។​

លោក​ថា៖​ «យើង​អាច​យល់​បាន​ថា គោល​បំណង​នៃ​ការ​ផ្សព្វផ្សាយ​ហាក់​ដូច​ជា​ចង់​ឲ្យ​មាន​ការ​សម្រុះ​សម្រួល ហើយ​ចង់​ឲ្យ​មាន​ការ​ទទួល​យក​លោក​ កឹម​ សុខា។ នេះ​ជា​ការ​ស្ទង់មតិ​មួយ​ក្នុង​ចំណោម​មហាជន​ទាំង​ពលរដ្ឋ​កម្ពុជា និង​សហគមន៍​អន្តរជាតិ​ ដើម្បី​ស្ទង់​មើល​ថា ​ពួក​គេ​យល់​ឃើញ​បែប​ណា»​។

លោក​បន្ត​ថា គោល​បំណង​មួយ​ទៀត​​ គឺ​ទំនង​ជា​ចង់​បង្ហាញ​​សហគមន៍​អន្តរជាតិ​ឲ្យ​ពន្យារ​ចំណាត់​ការ​ផ្សេងៗ​​រឿង​ដក EBA និង​ចង់​ដឹង​ពី​ប្រតិកម្ម​របស់​សាធារណជន​ជាតិ​ និង​អន្តរ​ជាតិ​ថា ពួក​គេ​យល់​យ៉ាង​ណា​ នៅ​ពេល​អតីត​ប្រធាន​បក្ស​ប្រឆាំង​ត្រូវ​បាន​ទាត់​ចោល។

ក៏ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​យល់​ថា​ ការ​បង្ហោះ​សំឡេង​សន្ទនា​នេះ ​គ្រាន់​តែ​ជា​ការ​ចែក​រំលែក​ព័ត៌មាន ហើយ​ការ​បក​ស្រាយ​ និង​យល់​ឃើញ​យ៉ាង​ណា​នោះ គឺ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​បុគ្គល​នីមួយៗ​។

លោក​បញ្ជាក់​ថា៖ «ចំពោះ​ខ្ញុំ​ ខ្ញុំ​ចាត់​ទុក​ថា ​នេះ​គ្រាន់​តែ​ជា​ព័ត៌មាន។ ការ​សន្ទនា​អត់​មាន​អី​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​​ទេ គឺ​រវាង​បុគ្គល​ និង​បុគ្គល​ ទោះបី​ជា​នាយក​រដ្ឋមន្ត្រី​ក៏​មិន​មាន​ប៉ះពាល់​អី​ ព្រោះ​នេះ​ជា​រឿង​ផ្ទៃ​ក្នុង​រវាង​បុគ្គល​ និង​បុគ្គល»​៕