មណ្ឌលគិរី: ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ចំនួន ១០ ​នាក់​ទៀត​ ពាក់ព័ន្ធ​សំណុំរឿង​ឧត្តមសេនីយ៍ទោ ពៅ សុធារ៉ាន់ បន្ទាប់ពី​ចាប់ឃុំខ្លួន​ ៤ ​នាក់​ ជុំវិញ​ការឈូសឆាយ​ដី​ព្រៃ​នៅ​ស្រុក​អូររាំង ខណៈ​សមាជិក​ព្រឹទ្ធសភា​ម្នាក់ សារភាព​កំហុស​ក្នុង​ករណី​ស្នើសុំ​សិទ្ធិ​កាន់កាប់​ដីធ្លី​ជាង​ ៥០០ ​ហិកតា​នៅ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​ផងដែរ​។

លោក មាស ប្រុស អ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរី​បាន​ថ្លែងពី​ថ្ងៃ​ទី​ ៧ ​តុលា​ ថា ជនសង្ស័យ​ ១០ ​នាក់​ ដែល​ពាក់ព័ន្ធ​សំណុំរឿង​ឧត្តមសេនីយ៍ទោ ពៅ សុធារ៉ាន់ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​ក្នុង​ករណី​ទន្ទ្រាន​ដី​ខុសច្បាប់​នៅ​ចំណុច​ភ្នំ​រហាំង ភូមិ​ពូឆប ឃុំ​ដាក់ដាំ ស្រុក​អូររាំង ត្រូវបាន​កំណត់​អន្តសញ្ញាណ​។

លោក​បញ្ជាក់ថា​៖ «​ចៅក្រម​គាត់​ស៊ើប​រកឃើញ​ ១០ ​នាក់​ហើយ ប៉ុន្ដែ​ខ្ញុំ​មិនអាច​បង្ហាញ​អត្តសញ្ញាណ​ច្បាស់លាស់​បានទេ ព្រោះ​វា​ជា​នីតិវិធី​របស់​តុលាការ​។ សូម​រង់ចាំ​រហូតដល់​ការចាប់ខ្លួន​បញ្ជូន​មក​តុលាការ​សិន ចាំ​ដឹង​រឿង​ទាំងអស់​នេះ ព្រោះ​ឥឡូវ​យើង​កំពុង​ធ្វើការ​។ ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​ឈ្មោះ ពៅ សុធារ៉ាន់ គឺ​យើង​បាន​ឃុំខ្លួន​សរុប​ ៤ ​នាក់​រួចរាល់​»​។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ថ្លែងថា មន្ត្រី​ជំនាញ​នៃ​មន្ទីរបរិស្ថាន​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ថ្នាក់ជាតិ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ករណីនេះ ប៉ុន្ដែ​លោក​មិនទាន់​អាច​បង្ហាញ​របាយការណ៍​នេះ​បានទេ ដោយ​រង់ចាំ​ការបញ្ចប់​សំណុំរឿង​ទាំងអស់​សិន​។

លោក​បញ្ជាក់​ថា​៖ «​ចំពោះ​ករណី​លោក ពៅ សុធារ៉ាន់ នេះ គឺ​ខ្ញុំ​ទទួល​ព័ត៌មាន​ថា តុលាការ​បាន​ឃុំខ្លួន​មនុស្ស​ពាក់ព័ន្ធ​ចំនួន​ ៤ ​នាក់​ហើយ​។ ក្នុងនោះ​មាន​ចាងហ្វាង​កាសែត​ម្នាក់​ពលរដ្ឋ ២ ​នាក់ និង​ឧត្តមសេនីយ៍ទោ​ម្នាក់​និយាយ​រួម គឺ​ពួកគាត់​ត្រូវបាន​ឃុំខ្លួន​អស់​ហើយ​។ យើង​នៅ​បន្ត​ស្រាវជ្រាវ​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​»​។

ជុំវិញ​ករណី​ដីធ្លី​នេះដែរ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​ ៦ ខែ​តុលា បាន​ស្នើឲ្យ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ធ្វើការ​អប់រំ ណែនាំ​ដល់​លោក ណយ ស្រូន សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​ ៨ ដែល​មាន​ពាក់ព័ន្ធ​នឹង​ការកាប់រាន ដុតឆ្ការ ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ដែល​មាន​ផ្ទៃដី​រហូតដល់​ ៥៣១ ​ហិកតា​ នៅ​ភូមិ​ពូហ្សាម ឃុំ​សែនមនោរម្យ ស្រុក​អូររាំង​។

បន្ទាប់ពី​មាន​ការស្នើ​នេះ​អ្នកនាំពាក្យ​ព្រឹទ្ធសភា​បានចេញ​លិខិត​បំភ្លឺ​ ១ កាលពី​ល្ងាច​ថ្ងៃទី​ ៦ ខែតុលា ​ថា ដោយ​អនុវត្ត​​តាម​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​ ២ ខែ​ កញ្ញា ឆ្នាំ​ ២០២០ ស្ដីពី​ការពាក់ព័ន្ធ​ជាមួយ​លោក ណយ ស្រូន ក្នុង​ការរៀបចំ​ឯកសារ​កាន់កាប់​ដី​ទំហំ ៥៣១ ហិកតា នៅ​ភូមិ​ពូហ្សាម ឃុំ​សែនមនោរម្យ​។ លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា លោក ស៊ឹម កា អនុប្រធាន​ទី​ ១ ​ព្រឹទ្ធសភា និង​លោក ទេព ងន អនុប្រធាន​ទី​ ២ ​ព្រឹទ្ធសភា បាន​ជួបប្រជុំ​ពី​បញ្ហា​នេះ​ជាមួយ​លោក​ ណយ ស្រូន តាំងពី​ថ្ងៃទី​ ២៣ កញ្ញា ឆ្នាំ​ ២០២០​។

អ្នកនាំពាក្យ​បញ្ជាក់ថា ក្រោម​មតិ​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​លោក ណយ ស្រូន បាន​សុំ​ខន្តី​អភ័យទោស​រាល់​កំហុស​ខុសឆ្គង ទោះ​ចេតនា​ក្ដី ឬ​អចេតនា​ក្ដី​ពី​ថ្នាក់ដឹកនាំ និង​ដែល​បាន​ធ្វើឲ្យ​ថ្នាក់ដឹកនាំ​មាន​ការលំបាក​ដោយសារ​ខ្លួន​។ ជាមួយនេះ​ក៏​បាន​ទទួល​យក​ការអប់រំ​ណែនាំ​ទាំងអស់​របស់​ប្រធាន និង​អនុប្រធាន​ទាំង​ ២ នៃ​ព្រឹទ្ធសភា​ដោយ​បាន​ធ្វើ​លិខិត​បញ្ជាក់​ចុះ​ថ្ងៃទី​ ២៣ កញ្ញា ឆ្នាំ ​២០២០ ឈប់​ពាក់ព័ន្ធ​ជាមួយ​ដី​ ៥៣១ ​ហិកតា​នេះ​បន្ត​ទៀតហើយ​។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ថ្លែងថា នៅពេល​ដែល​រកឃើញ​ថា មន្ត្រី​ធ្វើ​ខុស តែ​បែរជា​មិន​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ហើយ​ឲ្យ​សុំទោស​បញ្ចប់រឿង​គឺ​វា​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការអនុវត្ត​ច្បាប់​មួយ​ដែល​មាន​ស្ដង់ដា​​២ ពោលគឺ​មិន​អាច​ដាក់ទោស​មន្ត្រីជាន់ខ្ពស់​បាន រីឯ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ដូចគ្នានេះដែរ ប៉ុន្ដែ​គ្មាន​ឋានៈ បុណ្យស័ក្ដិ បែរជា​ត្រូវ​ទទួលទោស​តាមច្បាប់​យ៉ាងតឹងរ៉ឹង​ទៅវិញ​។

លោក​បញ្ជាក់ថា​៖ «​ការកាប់​រុករាន​ដីព្រៃ​នេះ​គឺជា​បទឧក្រិដ្ឋ​មជ្ឈិម មិនអាច​លើកលែង​តាមរយៈ​សុំទោស​ដាក់ពិន័យ​តិចតួច ឬ​សារភាព​កំហុស​បញ្ចប់រឿង​នោះទេ​។ ខ្ញុំ​ឃើញ​ព័ត៌មាន​ចុងក្រោយ​នេះ​គឺមាន​មន្ត្រីជាន់ខ្ពស់​ពាក់ព័ន្ធ​បទល្មើស​គឺ​បានត្រឹមតែ​សុំទោស​ចប់​រឿង ខ្ញុំ​មិន​គាំទ្រ​ទេ ព្រោះ​វា​ផ្ទុយ​នឹង​នីតិវិធី​ច្បាប់​»​។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធសភា​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​។ ចំណែក​លោក ណយ ស្រូន ក៏​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​បញ្ជាក់​ករណី​នេះ​បានដែរ​។

ប៉ុន្តែ​ព្រឹទ្ធសភា​កាលពី​ថ្ងៃទី​ ៧ ខែ​តុលា​​ បានចេញ​សេចក្ដី​បំភ្លឺ​ ១ ​ទៀត​ថា​លោក ណយ ស្រូន ពុំទាន់​បាន​គ្រប់គ្រង និង​ប្រើប្រាស់​ដី​ទំហំ ៥៣១ ​ហិកតា ខាងលើ​នេះ​នៅឡើយ​ទេ គឺ​ទើបតែ​ក្នុង​ដំណើរការ​ដំបូង​នៃ​ការដាក់​ពាក្យស្នើសុំ​សិទ្ធិ​កាន់កាប់​ដី​នេះ​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប៉ុណ្ណោះ ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏​ពុំទាន់​អនុញ្ញាត​នៅ​ឡើយ​ដែរ​៕