ភ្នំពេញៈ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញសម្រេចទាត់ចោលបណ្តឹងប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា ដែលបានប្ដឹងរដ្ឋមន្ត្រីក្រសួងការបរទេសលោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើងដោយពុំបានបញ្ជាក់មូលហេតុច្បាស់លាស់។
ក្នុងលិខិតរបស់តំណាងអយ្យការលោក មាស ច័ន្ទពិសិដ្ឋ ផ្ញើជូនលោក សួន សេរីរដ្ឋា ចុះថ្ងៃទី ២៩ ខែមករាឆ្នាំ ២០១៦ បានសម្រេចថា «ដ្បិតសំណុំរឿងដែលបានប្តឹងលោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើងនោះយើងបានសម្រេចតម្កល់រឿងទុកឥតចាត់ការតាមដីកាសម្រេចលេខ ៧៩ អ.យ.ង»។
ទោះជាយ៉ាងណាក្នុងលិខិតនេះពុំបានបញ្ជាក់ពីមូលហេតុទេតែឱ្យលោក សួន សេរីរដ្ឋា មានសិទ្ធិប្តឹងឧទ្ធរណ៍ក្នុងរយៈពេលពីរខែចាប់ពីថ្ងៃទទួលដំណឹងនេះ។
ទាក់ទងនឹងរឿងនេះលោក សួន សេរីរដ្ឋា បានសរសេរលើហ្វេសប៊ុករបស់លោកដោយចាត់ទុកថាជារឿងអយុត្តិធម៌ហើយថានឹងបន្តប្តឹងទៅឧទ្ធរណ៍។
លោកថា «នេះជាអំពើអយុត្តិធម៌មួយទៀតដែលតុលាការនេះបានបង្កើតឡើងក្នុងតុលាការមួយនេះ។ នេះបញ្ជាក់ថាតុលាការនេះគឺជាស្នំនយោបាយរបស់អ្នកកាន់អំណាចដែលចាំតែពួកអ្នកមានអំណាចក្នុងគណបក្សប្រជាជនបញ្ជាឲ្យធ្វើបាបអ្នកប្រឆាំងប៉ុណ្ណោះពេលដែលគណបក្សអំណាចខ្មែរប្រើច្បាប់ដូចគ្នានេះប្តឹងបកវិញគឺតុលាការនេះមិនហ៊ានកាត់ក្តីឲ្យទេ។
លោកថា៖ «គណបក្សអំណាចខ្មែរនឹងប្រើសិទ្ធិដែលមានក្នុងច្បាប់បន្តប្តឹងឧទ្ធរណ៍»។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការអត្ថាធិប្បាយពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញលោក មាស ច័ន្ទពិសិដ្ឋ បានទេ។ ចំណែកមេធាវីការពារក្តីឱ្យលោក ហោ ណាំហុង លោក កា សាវុត្ថ បដិសេធអត្ថាធិប្បាយដោយអះអាងថាកំពុងបើករថយន្ត។ តែកន្លងទៅលោកធ្លាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា «បើពិនិត្យមើលផ្លូវច្បាប់ប្រសិនបើលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងដូច្នេះមែននឹងមិនមានទោសទេពីព្រោះលោកយោងតាមសាលក្រម និងសាលដីការបស់តុលាការដែលបានសម្រេចឲ្យលោក សួន សេរីរដ្ឋា និងបក្ខពួក ៣ នាក់ទៀតដែលជាទណ្ឌិតក្នុងទោសរួមគំនិតក្បត់មុនពេលព្រះមហាក្សត្រលើកលែងទោសនោះ»។
សូមរំឭកថាកាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៥ លោក សួន សេរីរដ្ឋា បានដាក់ពាក្យបណ្តឹងប្ដឹងលោក ហោ ណាំ ទៅសាលាដំបូងរាជធានីភ្នំពេញពីបទ «បរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង» ដោយទាមទារជំងឺចិត្ត ៥០០ លានរៀល៕