ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ ​សម្រេច​លើកចោល​ពាក្យបណ្តឹង​របស់​ក្រុម​គ្រូ​បង្រៀន​ចំនួន ១១ នាក់ ​ដែល​បាន​ប្តឹង​មិន​សុខចិត្ត​ជុំវិញ​ការសម្រេច​របស់​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា បន្ទាប់ពី​បាន​លុបឈ្មោះ​ពួកគេ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ដែលក្រុម​គ្រូបង្រៀន​ទាំងនោះ ​ចាត់ទុកថា​ ការ​សម្រេច​មិន​ចាត់ការ​លើ​រឿងក្តី​របស់​ខ្លួន​នេះ ​គឺ​ជារឿង​អយុត្តិធម៌។

សាលក្រម​រដ្ឋប្បវេណី​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ចុះ​ថ្ងៃ​ទី ២២ ​ខែ មេសា ​បានសម្រេច​លើកចោល​ពាក្យបណ្តឹង​ ដោយ​លើកយក​សំអាង​មួយចំនួន ​និង​ចាត់ទុកថា ​បណ្តឹង​របស់​ក្រុម​គ្រូបង្រៀន​ទាំងនេះ​ធ្វើឡើង​ដោយ​ហួស​កំណត់​ច្បាប់​ ឬ​មាន​លក្ខណៈ​ផ្ទុយនឹង​ច្បាប់ ​ហើយ​ចំណុច​ខ្វះខាតនៃ​បណ្តឹង​ក៏​មិនអាច​កែតម្រូវ​បាន ​ដូច្នេះ​ តុលាការ​សម្រេច​លើក​បណ្តឹង​ចោល​ដោយ​ស្រប​តាម​បញ្ញត្តិ​មាត្រា ៨១​ នៃ​ក្រម​នីតិវិធី​រដ្ឋប្ប​វេណី។

សាលក្រម​ដែលបញ្ជាក់​ពី​ដើម​បណ្តឹង​ជា​គ្រូបង្រៀន​ចំនួន​ ១១​ នាក់ ​និង​ចុង​ចម្លើយ​ជាក្រសួង​អប់រំ ​យុវជន​ និង​កីឡា តំណាង​ដោយ​លោក​ ហង់ ជួនណា​រ៉ុន​ នេះ ​បានបញ្ជាក់​នូវ​សេចក្តី​សម្រេច​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ «១ លើកចោល​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃ​ទី ១៦ ​មករា​ ឆ្នាំ ២០១៩​ របស់​សហ​ដើម​បណ្តឹង។ ២ ប្រាក់​ប្រដាប់​ក្តី​ជា​បន្ទុក​សហ​ដើម​ចោទ»។

កាលពី​ថ្ងៃ​ទី ៣០ ​មករា ​ឆ្នាំ ២០១៨ រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​លោក​ ហង់ ជួនណា​រ៉ុន បាន​សម្រេច​នៅក្នុង​សេចក្តី​សម្រេច​របស់​ខ្លួន​ដោយ​លុប​ឈ្មោះ​គ្រូ​បង្រៀន​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ រហូតដល់​ចំនួន​ ១១ នាក់​ ដូចជា​នៅ​ខេត្ត​សៀមរាប​ ព្រះ​សីហនុ ​កំពត​ កំពង់​ស្ពឺ​ ខេត្ត​បាត់​ដំបង ​និង​ភ្នំពេញ​ជាដើម។ ការសម្រេច​លុប​ឈ្មោះ​គ្រូបង្រៀន​ទាំងនោះ​ ដោយ​លើក​ហេតុផល​ថា ​គ្រូ​បង្រៀន​ទាំងនោះ ​អវត្តមាន​ពី​ការ​ងារ​​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

ក្រោយ​ទទួលបាន​សេចក្តីសម្រេច​នេះ ​ក្រុម​គ្រូបង្រៀន​ទាំង ១១ នាក់​នោះ​ បានរួម​គ្នា​តវ៉ា​នៅតាម​ស្ថាប័ន​សាមី​ជា​បន្ត​បន្ទាប់ ​រហូត​ឈាន​ដល់​ដាក់​ពាក្យ​បណ្តឹង​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី ១៦ ​មករា​ ឆ្នាំ ២០១៩​ ដើម្បី​ទាម​ទារ​សុំ​បដិសេធ​នូវ​សេចក្តី​សម្រេច​នេះ​និង​សុំ​ឲ្យ​ផ្តល់​ក្របខ័ណ្ឌ​ជា​មន្ត្រី​រាជការ​ក្នុង​ក្រសួង​អប់រំ​វិញ។

លោក ​រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា ​និង​ជា​សហ​ដើម​បណ្តឹង​ម្នាក់ ​ដែល​ត្រូវបាន​ក្រសួង​អប់រំ​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​នៃ​ក្រសួងអប់រំ​ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា ​សាលក្រម​រដ្ឋ ប្បវេណី​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​គឺ​ធ្វើឡើង​ដោយ​អយុត្តិធម៌ បន្ថែម​ពីលើ​រឿង​អយុត្តិធម៌​ដែល​ពួក​ខ្លួន​ទទួល​បាន​ពី​ការសម្រេច​លុប​ឈ្មោះ​ចេញពី​ក្រប​ខ័ណ្ឌ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

លោក​បញ្ជាក់ថា​៖ «ក្រុម​គ្រូបង្រៀន​ទាំងអស់ ​មិនអាច​ទទួល​យក​បាន​ទេ ​នូវ​សេចក្តី​សម្រេច​របស់​តុលាការ​នេះ ​ហើយ​យើង​នឹង​ជជែក​ជាមួយ​ក្រុម​អ្នកច្បាប់​ ហើយនឹង​រក​មេធាវី​ដើម្បី​យើង​មកប្តឹង​ទាស់ ​សេចក្តី​សម្រេច​នេះ​ មានន័យថា ​យើង​នឹង​ប្តឹង​ឧទ្ធរណ៍ ​បើទោះជា​លទ្ធផល​យ៉ាងណា​ក៏ដោយ​ យើង​នឹងដាក់​បណ្តឹង​ទៅទៀត​ ព្រោះ​យើងគិតថា ​បើ​តុលាការ​អនុវត្តតាម​វិជ្ជាជីវៈ ​ឯករាជ្យ​ មិន​ទទួលរង​ឥទ្ធិពល​នយោបាយ​និង​ពី​អ្នកកាន់​អំណាច​ ពួកយើង​នឹង​ទទួល​បាន​យុត្តិធម៌»។

ជាមួយនឹង​ការទាមទារ​នេះ​នៅក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃទី ១ ​ឧសភា ​សហព័ន្ធ​សហជីព​ចំនួន​ ៤ រួមមាន​ សហព័ន្ធ​សហជីព​កម្ពុជា ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ​និង​សហភាព​សហជីព​កម្ពុជាបាន​រួម​គ្នា​ចេញ​សេចក្តី​ថ្លែងការណ៍​ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ក្របខ័ណ្ឌ​ជូន​គ្រូបង្រៀន​ទាំង​នោះ​វិញ​ផងដែរ។

លោក​ អុី រិន្ទ ​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ ការមិន​ពេញ​ចិត្តនឹង​សេចក្តី​សម្រេច​ណាមួយ​របស់​តុលាការ ​ភាគី​អាច​ដាក់​ពាក្យ​បណ្តឹង​បន្ត​ទៅ​តុលាការ​ជាន់​ខ្ពស់​បាន។

លោក​បាន​បញ្ជាក់​ថា​៖ «តុលាការ​សម្រេច​ដោយ​ពិនិត្យ​ទៅលើ​អង្គហេតុ​ អង្គច្បាប់​ និង​ភ័ស្តុតាង ​នៅក្នុង​រឿងក្តី​នីមួយៗ​។ បើ​ភាគី​មិនពេញចិត្ត​ អាច​ប្តឹង​ទៅ​តុលាការ​ជាន់​ខ្ពស់​ជា​សមត្ថកិច្ច»៕