ភ្នំពេញៈ តុលាការ​កំពូល​ប្រកាស​សាលដីកា​ភ្លាមៗ​ពី​ម្សិលមិញ ដោយ​សម្រេច​ប្រគល់​អត្តសញ្ញាណប័ណ្ណ​ឲ្យ​លោក​ អ៊ួន ឈិន វិញ តែ​បដិសេធ​ប្រគល់​លិខិត​ឆ្លងដែន​ឲ្យ​លោក​ យាង សុធារិន្ទ ដែល​អ្នក​ទាំង​ ២ ​អតីត​ជា​បុគ្គលិក​វិទ្យុ​អាស៊ីសេរី បន្ទាប់ពី​ជំនុំជម្រះ​លើ​បណ្តឹង​ជំទាស់​នឹង​ដីកា​សម្រេច​រក្សាទុក​ឯកសារ​របស់​សាលាឧទ្ធរណ៍ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​ ២០១៧​។

ក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​លោក​ និល ណុន ប្រធាន​ក្រុមប្រឹក្សា ជំនុំជម្រះ បាន​អាន​សាលដីកា​នៅ​ចំពោះ​មុខ​លោក​ អ៊ួន ឈិន និង​លោក​ យាង សុធារិន្ទ ហៅ​ យាង សុជាមេត្តា ថា សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃទី​ ៣១ ​មីនា ឆ្នាំ​ ២០២០ ​បាន​ប្រកាស​ច្រានចោល​បណ្តឹង​ជំទាស់​របស់​លោក​ អ៊ួន ឈិន និង​លោក​ យាង សុធារិន្ទ ចំពោះ​ឯកសារ​រឹបអូស​យក​រួមមាន​លិខិត​ឆ្លងដែន​របស់​លោក​ យាង សុធារិន្ទ ១ ​ច្បាប់ និង​អត្តសញ្ញាណប័ណ្ណ​របស់​លោក​ អ៊ួន ឈិន ចំនួន​ ១ ​ពាក់ព័ន្ធ​បទចោទ​ «​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ការការពារ​ជាតិ​»​។

លោក និល ណុន បន្ត​ថា​លោក​ទាំង​ ២ ​នាក់​បាន​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល ដើម្បី​ទាមទារ​យក​ឯកសារ​ខាងលើ​វិញ​ទុក ដើម្បី​ប្រើប្រាស់​ហើយ​នៅ​ថ្ងៃទី​ ២៧ ​ឧសភា ឆ្នាំ​ ២០២០ ​នេះ​តុលាការ​កំពូល​បាន​លើក​យក​សំណុំ​រឿងនេះ​មក​ជំនុំជម្រះ​។

លោក​ថា ក្រោយពី​បាន​ស្តាប់​ការសន្និដ្ឋាន​ពី​លោក​ សំ ចំរើន មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ទាំង​ ២ ​នាក់ និង​ក្រោយពី​ស្តាប់​ការឆ្លើយ​របស់​លោក​ អ៊ួន ឈិន និង​លោក​ យាង សុធារិន្ទ ព្រមទាំង​សេចក្តី​សន្និដ្ឋាន​របស់​តំណាង​មហាអយ្យការ​មក​តុលាការ​កំពូល​យល់ឃើញ​ថា តុលាការ​បដិសេធ​ការស្នើសុំ​លិខិតឆ្លងដែន ដោយ​លោក​ យាង សុធារិន្ទ និង​សម្រេច​តម្កល់​សាលដីកា​របស់​សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល​។ លើកលែងតែ​លោក​ អ៊ួន ឈិន គឺ​តុលាការ​កំពូល​សម្រេច​ប្រកាស​សាលដីកា​ប្រគល់​អត្តសញ្ញាណប័ណ្ណ​ជូន​ម្ចាស់​ដើម​វិញ​។

លោក​ថា​៖ «​ការមិន​ប្រគល់​លិខិត​ឆ្លងដែន​ដល់​លោក​ យាង សុធារិន្ទ​ នេះ តុលាការ​យល់ថា ដើម្បី​រារាំង​ដល់​ជន​ត្រូវ​ចោទ​ក្នុង​ការចេញ​ទៅ​ក្រៅ​ប្រទេស ព្រោះ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​»​។

លោក​ សំ ចំរើន មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក​ អ៊ួន ឈិន និង​លោក​ យាង សុធារិន្ទ ប្រាប់​នៅក្រៅ​បន្ទប់​សវនាការ​ម្សិលមិញ​ថា លោក និង​កូនក្តី​គឺ​មាន​អារម្មណ៍​ខកចិត្ត​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ទៅនឹង​បណ្តឹង​ស្នើសុំ​លិខិត​ឆ្លងដែន និង​អត្តសញ្ញាណប័ណ្ណ​នេះ​។

លោក​ថ្លែងថា​៖ «​យើង​យល់ថា​ការសម្រេច​បែបនេះ​គឺ​ផ្តល់​តម្លៃ​លើ​សេរីភាព​បុគ្គល​តិច​មិន​ដូច​មាន​បញ្ញតិ្ត​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​»​។

លោក​បន្តថា ឯកសារ​ទាំង​ ២ ​នេះ​ដូចជា​មិនមាន​ភាព​ដាច់​ដោយឡែក​ពី​គ្នា​ខ្លាំង​ទេ ហើយ​បើ​តាម​លក្ខខណ្ឌ​ច្បាប់​លុះត្រាតែ​កូនក្តី​លោក​ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ទើប​ការសម្រេច​ដកហូត​យក​វត្ថុ​ទាំង​ហ្នឹង​ជា​រឿង​សមហេតុ​សមផល​។ តែ​នេះ​គ្មាន​ចំណង​ផ្លូវច្បាប់​ដែល​គ្មាន​ទំនាក់ទំនង​ទទួល​ខុសត្រូវ​តាមផ្លូវ​ច្បាប់​ផង​។ ដូច្នេះ​ការសម្រេច​ដកហូត​របស់​តុលាការ​កំពូល​ពេលនេះ​លោក​ថា ជា​រឿង​មួយ​មិនមែន​ជា​ការអនុវត្ត​ច្បាប់​ទេ​។ តែ​អាច​ទៅ​ជា​រឿង​ដាក់​កំហិត ឬ​ក៏​ដូចជា​ដាក់​កូនក្តី​លោក​ទាំង​ ២ ​នាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ទៅវិញ​។

លោក​មេធាវី​បន្តថា បើ​ផ្អែក​តាម​សាលក្រម​ចាត់​របៀប​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កន្លងមក ដែល​សម្រេច​ឲ្យ​មាន​ការស៊ើបអង្កេត​សំណុំរឿង​កូនក្តី​លោក​ឡើង​វិញ​នោះ លោក​យល់​ថា​លិខិត​ឆ្លងដែន​របស់លោក​ យាង សុធារិន្ទ ​ដែល​តុលាការ​កំពូល​មិន​ប្រគល់​ឲ្យ​កូនក្តី​លោក​វិញ​នោះ​ដូចជា គ្មាន​ផលប្រយោជន៍​អ្វី​សម្រាប់​ការស្រាវជ្រាវ ឬ​ក៏​គ្មាន​ផលប្រយោជន៍​អ្វី​សម្រាប់​ស្វែងរក​ការពិត​ក្នុង​រឿងក្តី​នេះ​ទៀត​ទេ​។

គួររំឭក​ថា លោក​ យាង សុធារិន្ទ និង​លោក​ អ៊ួន ឈិន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧៕