ភ្នំពេញៈ​​ តុលា​ការ​យោ​ធានៅថ្ងៃអង្គា​រនេះ​​​ បាន​ជំនុំជម្រះ​​អតីត​​យោធា ​​២ នាក់ ​ពាក់ព័ន្ធ​​ករណី​បង្កើត​កម្លាំ​ង​​ប្រដាប់​អាវុធ​ខុស​ច្បាប់ ​ប្រព្រឹត្ត​កាល​ពី​ឆ្នាំ​ ២​០​១​៦ ​ដល់​ឆ្នាំ ២​០១៨ ​​នៅ​ខេត្ត​កំពង់ឆ្នាំ​ង ​កំព​ង់ស្ពឺ​ និង ​នៅ​រាជធា​នី​ភ្នំពេញ​ ក៏ប៉ុន្តែ​សាលក្រម​នៃ​សំណុំ​រឿង​នេះ​ត្រូវ​បាន​មន្ត្រី​តុ​លា​ការនេះ​ថា​ ​នឹង​ប្រ​កា​ស​​នៅ​ថ្ងៃ​ទី ​៧​ ឧសភា​ ខាង​មុ​ខ​។

បើ​តាម​លោក ​តូ ​វីរៈ ​​ជាមេ​ធាវីម្នាក់​ក្នុង​ចំណោម​មេ​ធាវី ​២ ​នាក់​បាន​ប្រាប់​ថា​ អង្គ​សវនា​ការ​​នេះ ​មានសមាស​ភាព​ចៅក្រម ​៣​ រូប​ ដោយមាន ​លោក​ ប៉ោក​ ប៉ន​ ជាប្រធានក្រម​ប្រឹក្សា​ជំនុំ​ជម្រះ​ និង​​ លោក​ ម៉ែន​ ហុង​ ជា​ព្រះ​រាជ​អាជ្ញា​រង​និង​ជា​តំណាង​អយ្យ​ការ​ផង​។​

លោក​ តូ ​វីរៈ ​ជា​មេធាវី ​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​ឈ្មោះ​​​ សុខ​ ប៊ុន​ធឿន​ អាយុ​ ៦៤ ឆ្នាំ​​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ នៅ​ក្នុង​អង្គសវនាការ​​កូនក្តី​របស់​លោក​បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ថា​ គាត់​បានស្គាល់​គ្នា​ជា​មួយ​ឈ្មោះ​​ រ័ត្ន​ ច័ន្ទ​មន្នី​ អាយុ ៤៧ ឆ្នាំ ជា​ច្រើន​ខែ។ លុះដល់​​​ឆ្នាំ ​២០១៦​ គាត់​ត្រូវ​បាន​លោក ​រ័ត្ន​ ច័ន្ទ​មន្នី​ ប្រាប់​ថា​គេ​ (រ័ត្ន​ ច័ន្ទមន្នី)​ មាន​បំណង​ជ្រើសរើស​កម្លាំង​​ប្រដាប់​អាវុធ​ ដូច្នេះ​ត្រូវ​ដើរ​រក​មនុស្ស​ដើម្បី​ចូល​កង​ទ័ព ។

លោកបានបន្តថា ​បន្ទាប់​មក​កូនក្តី​របស់​លោក​បាន​ដើរ​​ជ្រើស​រើស​មនុស្ស​ដោយ​មាន​​យក​ប្រាក់​ផង​ ដើម្បី​រត់​ការ​ចូល​ក្នុង​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​។ ​បញ្ហា​នេះ​មុន​ដំបូងឡើយ​​​ជន​ជាប់ចោទ​លោក​ រ័ត្ន​ ច័ន្ទមន្នី​ ខំ​បដិសេធ​​ទៅ​នឹង​ចម្លើយ​កូនក្តី​របស់​​​ លោក​ ប៉ុន្តែ​ដោយមាន​សាក្សី​ ២ នាក់ដែល​​ជា​ពលរដ្ឋ​ចាញ់​​បោក​អស់ប្រាក់​ពី​ការជ្រើសរើស​ទ័ព​នេះ​ឡើង​ឆ្លើយ​បញ្ជាក់​ប្រាប់​ចៅ​ក្រម​បន្ថែម ​និង​ បង្ហា​ញភ័ស្ដុ​តាង​ទើបឈ្មោះ រ័ត្ន​ ច័​ន្ទមន្នី​ ទទួល​ស្គាល់​ថា ​ខ្លួន​ពិត​ជា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ប្រាក់​ពី​ជ​នរង​គ្រោះ​មែ​ន​​។​

លោក​ មេធាវី​ តូ​ វីរៈ​ បញ្ជាក់​ប្រាប់​ថា​ ការ​ជ្រើសរើ​ស​កង​​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់​នេះ​ពួក​គេ​គ្មាន​ក្រុម​ឬ​មេកើយ​ច្បាស់​លាស់​ទេ​។ ប៉ុន្តែ ​​ពួកគេ​មាន​ពាក្យ​​សុំចូល​កងទ័ព​ដោយប​​ញ្ជាក់​​អំពី​ប្រវត្តិ​រូប​និង​អត្តចរិក​របស់​ជន​ដែល​ត្រូវ​ជ្រើស​រើសនោះ​។

លោក​បានប​ញ្ជាក់​​ថា​៖ «ពេលចៅក្រម​សួរ​បញ្ជាក់​​ មុន​​ដំបូង​គាត់ ​(រ័ត្ន​ ច័ន្ទ​មន្នី)​ បានបដិសេធ​ តែ​ក្រោយ​មក​គាត់​ទទួល​ស្គាល់​ថា​គាត់​ពិត​ជា​បាន​ទទួល​លុយ​ពី​ឈ្មោះ សុ​ខ​ ប៊ុន​ធឿន​ មែន​»​។

លោក​មេធាវី​​បា​ន​សន្និដ្ឋាន​ក្នុង​អង្គស​វនាការ​នេះថា ​​កូនក្តី​របស់​លោក​មាន​វ័យចាស់​ជរា​ ហើយ​មុនឃាត់ខ្លួនគាត់ក៏បាន​ចូល​បម្រើ​យោធា​ដែ​រ តាំងពី​ឆ្នាំ​ ១​៩​៧​៩​ មក។ ​ដូច្នេះ​​គាត់​មាន​អតីត​ភាព​ការងារ​យូរ ​ប៉ុន្តែ​ដោយសារ​មាន​ភាព​លោភ​លន់​ពី​ក្មួយ​ស្រី​របស់​គាត់​ដែល​ប្រាប់ថា​ ​ឈ្មោះ​ រ័​ត្ន​ ​ច័​ន្ទ​ម​ន្នី​ ជ្រើសរើស​មនុស្ស​ ១​១​៤ ​នាក់ ​ឲ្យ​ចូល​បម្រើ​កងទ័ព​ ទើប​កូនក្តី​របស់​លោក​ដែល​មិន​បាន​គិត​ដិត​ដល់​ក៏​មាន​បញ្ហា​ទៅ​។

លោក​ថ្លែង​ថា​៖ «កូនក្តី​ខ្ញុំ​ក៏​ជា​ជនរងគ្រោះដែ​រ ដូច្នេះ​​ខ្ញុំ​ស្នើ​សុំ​តុលាការដោះ​លែង​គាត់​ឲ្យ​មាន​សេរីភាព​វិញ​ផង​»​។

តាម​កំណត់​ហេតុ​របស់​តុលាការ​បង្ហាញ​ថា ​ជន​ទាំង ​២​ នាក់​ខាង​លើ​បាន​ប្រព្រឹត្ត​​នៅ​ខេត្ត​ កំពង់ឆ្នាំង​ កំពង់ស្ពឺ ​និង​ រាជធានី​ភ្នំពេញ​ កាល​ពី​អំឡុង​ឆ្នាំ​​ ២០១៦​ ដល់​ខែ ​មិថុនា ​ឆ្នាំ ២​០​១​៨​ ​។

បន្ទាប់ម​កអ្នក​ទាំង ​២ នាក់ ​​ត្រូវ​បាន​តុ​លាការយោ​ធាចោទ​ប្រកាន់​ពី​បទ ​​«បង្កើត​ដោយ​ខុស​ច្បាប់​នូវ​កងក​ម្លាំងប្រដាប់​​អាវុធ​ដោយ​គ្មាន​សិទ្ធិ​និង​គ្មាន​ការអនុញ្ញាតពី​អាជ្ញាធរ​ស្រប​ច្បាប់​» តាម​មាត្រា ​៤​៦​៣ ​នៃ​ក្រមព្រហ្មទណ្ឌ​ ហើយ​ត្រូវ​បានតុលាការ​នេះ ចេញ​​ដីកា​បង្គាប់ឲ្យ​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នា​គារ​យោធា​ កាល​ពី​ថ្ងៃ​ទី​ ២៩​ ខែ​ ឧសភា​ ឆ្នាំ ​២០១៩​។​

យ៉ាង​ណា​ក្ដី សាល​ក្រម​នៃ​សំណុំ​រឿង​នេះ​នឹង​ប្រកាស ​នៅ​​ថ្ងៃ​ទី​ ៧​ ខែ​ ឧសភា ​ខាង​មុខ ។ នេះ​បើ​តាម​លោក​ ឧត្តមសេនីយ៍​ទោ​ សរ ​សារ៉េត​ អ្នក​នាំ​ពាក្យ​នៃ​តុលាការ​​យោធា​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​តាម​ទូរស័​ព្ទ​នៅ​ថ្ងៃអ​ង្គារ​នេះ ​៕