ភ្នំពេញៈ តុលាការយោធាកាលពីម្សិលមិញបានប្រកាសសាលក្រម ផ្តន្ទាទោសអតីតយោធា ២ នាក់ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ១៦ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ «បង្កើតដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធ» ប្រព្រឹត្តចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ នៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងនៅរាជធានីភ្នំពេញ។
បើតាមលិខិតសន្និដ្ឋានរបស់មេធាវីជនជាប់ចោទទាំង ២ នាក់នេះមានឈ្មោះ សុខ ប៊ុនសឿន អាយុ ៦៤ ឆ្នាំ និងឈ្មោះ រ័ត្ន ច័ន្ទមន្នី អាយុ ៤៧ ឆ្នាំជាអតីតយោធានៅកងអន្តរាគមន៍លេខ ១។
លោកឧត្តមសេនីយ៍ទោ សរ សារ៉េត អ្នកនាំពាក្យតុលាការយោធាបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថានៅថ្ងៃទី ៧ ខែឧសភាលោកចៅក្រម ប៉ោក ប៉ន ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសសាលក្រមនៅចំពោះមុខជនជាប់ចោទថា ក្រោយពីបានជំនុំជម្រះ និងក្រោយពីបានស្តាប់ចម្លើយរបស់ជនជាប់ចោទទាំង ២ នាក់ និងសេចក្តីសន្និដ្ឋានរបស់មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទរួមនឹងសេចក្តីសន្និដ្ឋានរបស់តំណាងអយ្យការអមតុលាការយោធាមក ក្រុមប្រឹក្សាជំនុំជម្រះយល់ឃើញថាយោងតាមចម្លើយសាក្សី និងតាមចម្លើយសារភាពរបស់ជនជាប់ចោទកាលពីថ្ងៃជំនុំជម្រះទី ២៨ មេសា ២០២០ តុលាការយោធាសម្រេចផ្តន្ទាទោសជនជាប់ចោទម្នាក់ៗឲ្យជាប់ពន្ធនាគារ ១៦ ឆ្នាំពីបទ «បង្កើតដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធ តាមមាត្រា ៤៦៣ នៃក្រមព្រហ្មទណ្ឌ»។
លោក សារ៉េត ថ្លែងថា៖ «លោកចៅក្រមផ្តល់សិទ្ធិឲ្យជនជាប់ចោទប្តឹងទៅសាលាឧទ្ធរណ៍បន្តទៀតបាន បើជនជាប់ចោទមិនសុខចិត្តនឹងសាលក្រមនេះ»។
លោក មេធាវី តូ វីរៈ មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា លោកមិនអាចទទួលយកបានទេ ចំពោះការផ្តន្ទាទោសនេះ។ ចំពោះថាតើត្រូវប្តឹងសារទុក្ខទៅសាលាឧទ្ធរណ៍ឬយ៉ាងណានោះ គឺលោកត្រូវរង់ចាំការពិភាក្សាជាមួយកូនក្តីរបស់លោកសិន។ លោកថ្លែងថា៖ «បើពួកគាត់មិនសុខចិត្តនឹងការផ្តន្ទាទោសនេះ ពួកគាត់អាចប្តឹងទៅសាលាឧទ្ធរណ៍ទៀតបាន»។
លោក ម៉ែន ហុង ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការបានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញថា សាលក្រមដែលបានប្រកាសផ្តន្ទាទោសជនជាប់ចោទម្នាក់ៗ ១៦ ឆ្នាំនេះមានលក្ខណៈសមរម្យ ពីព្រោះទោសរបស់ជនជាប់ចោទនៅមាត្រា ៤៦៣ នៃក្រមព្រហ្មទណ្ឌគឺត្រូវជាប់ពន្ធនាគារពី ១៥ ឆ្នាំទៅ ៣០ ឆ្នាំ។
លោកលើកឡើងថា វាមានភ័ស្តុតាងជាក់លាក់ពិតមែនក្នុងការផ្តន្ទាទោសជនជាប់ចោទ។ ប៉ុន្តែដោយសារតុលាការយល់ថាលោក សុខ ប៊ុនសឿន មានវ័យចំណាស់អាយុ ៦៣ ឆ្នាំ និងលោក រ័ត្ន ច័ន្ទមន្នី មានវ័យ ៤៧ ឆ្នាំហើយពួកគាត់សុទ្ធតែមានជំងឺ ទើបតុលាការសម្រេចផ្តន្ទាទោសត្រឹម ១៦ ឆ្នាំ។ លោកថា៖ «អ៊ីចឹងតុលាការដាក់ពួកគាត់ប៉ុណ្ណឹងវាសមល្មមនឹងពេលវេលារបស់ពួកគាត់ហើយ ហើយខាងខ្ញុំអយ្យការគ្មានអីជំទាស់ទេ»។
បើតាមលោក ម៉ែន ហុង ចំពោះដើមបណ្តឹងរដ្ឋប្បវេណីមានចំនួន ៧ រូប ដែលជាជនរងគ្រោះមិនបានទាមទារសំណងទេ ដោយសារពួកគាត់យល់ឃើញថា ការជ្រើសរើសទ័ពនេះជាទង្វើខុសច្បាប់។ ដូច្នេះពួកគេជាជនរងគ្រោះក៏ត្រូវបានតុលាការអនុញ្ញាតមិនឲ្យជាប់ទោសដែរ។
លោកថា៖ «កាលពួកគាត់ប្តឹងមិនទារសំណងពីព្រោះជនជាប់ចោទជ្រើសរើសទ័ពខុសច្បាប់»។
តាមកំណត់ហេតុរបស់តុលាការជនជាប់ចោទទាំង ២ នាក់ បានជ្រើសរើសទ័ពនៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងរាជធានីភ្នំពេញចាប់តាំងពីអំឡុងឆ្នាំ ២០១៦ ដល់ខែមិថុនា ឆ្នាំ ២០១៨។
តាមលោក តូ វីរៈ ជាមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទឈ្មោះ ប៊ុនសឿន ធ្លាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា កូនក្តីលោកបានស្គាល់ឈ្មោះ រ័ត្ន ច័ន្ទមន្នី ជាច្រើនខែ។ លុះដល់ឆ្នាំ ២០១៦ គាត់ត្រូវបានលោក ច័ន្ទមន្នី ប្រាប់ថា គេ (រ័ត្ន ច័ន្ទមន្នី) ត្រូវការជ្រើសរើសមនុស្ស ដើម្បីចូលកងទ័ពហើយចំពោះមនុស្សដែលជ្រើសរើសនោះត្រូវយកលុយដែរដើម្បីរត់ការចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ៕