ភ្នំពេញៈ ជនជាតិ​វៀតណាម​ចំនួន​ ៦ ​នាក់​ ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ជួញដូរ​រក្សាទុក​ និង​ផលិត​កែច្នៃ​គ្រឿងញៀន​ និង​បាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅក្នុង​ពន្ធនាគារ​កាលពី​ម្សិលមិញ ក្រោយពី​សមត្ថកិច្ច​បាន​បង្ក្រាប​នៅក្នុង​រាជធានី​ភ្នំពេញ​កាលពី​សប្ដាហ៍​មុន​។

លោក គុជ គឹមឡុង អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​៖ «​យើង​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ឃុំ​ក្រោយពី​បញ្ចប់​ការសាកសួរ​»​។

លោក ឡឹក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹងថា ការបង្ក្រាប​សំណុំរឿង​គ្រឿងញៀន​ដ៏ធំ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ និង​បឹង​កេងកង​ ២ ខណ្ឌ​បឹងកេងកង​នោះ​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ និង​បង្ក្រាប​ចាប់តាំងពី​យប់​ថ្ងៃទី​ ៣ ​ដល់​ថ្ងៃទី​ ៦ ខែ​ធ្នូ​នេះ សមត្ថកិច្ច​ចាប់បាន​ជនសង្ស័យ​សរុប​ ៦ ​នាក់ និង​រឹបអូស​វត្ថុតាង​គ្រឿងញៀន​សរុប​ជិត​ ១០០ ​គីឡូក្រាម​។ វត្ថុតាង​ជា​ថ្នាំញៀន​ទាំងនោះ​មាន​ប្រភេទ​មេតំហ្វេតាមីន​ ២២ ​គីឡូក្រាម និង​សារធាតុ​ផ្សំ​គ្រឿងញៀន​ពាក់កណ្ដាល​សម្រេច​ ៥៤ ​គីឡូក្រាម​រួមទាំង​ម៉ាស៊ីន​សម្រាប់​ផលិត និង​កែច្នៃ គ្រឿងញៀន​ចំនួន​ ២ ​គ្រឿង និង សារធាតុ​គីមី​ផ្សំ​ជា​អង្គធាតុ​រាវ​ចំនួន​ ២៨ ​លីត្រ​។

លោក ឡឹក វណ្ណៈ បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​មាន​ឈ្មោះ Vor Thanh Hong អាយុ ៣២ ​ឆ្នាំ​, Mai Hoan Tien Thanh អាយុ ៣១ ​ឆ្នាំ​, Nguyen Yuan Anh អាយុ​ ២៤ ​ឆ្នាំ​, Phuong Hoang Veit អាយុ ២៣ ​ឆ្នាំ​, Nguyen Thi Thuy Ngoc អាយុ​ ៣១ ​ឆ្នាំ​, និង​ឈ្មោះ​ Nguyen Thi Thuy Ngan អាយុ​ ២៩ ​ឆ្នាំ​។ សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ និង​រឹបអូស​វត្ថុតាង ថ្នាំញៀន​ប្រភេទ​អៃស៍​មេតំហ្វេតាមីន​សរុប​ជិត ២ ​គីឡូក្រាម ​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​ដែល​ពួកគេ​បាន​ជួល​ស្នាក់នៅ ដើម្បី​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន​ដែល​មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​៕