សៀមរាបៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​សៀមរាប​បាន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន លោក​ ម៉ៅ ប៊ុនធូ នាយក​ទីចាត់ការ​អន្តរ​វិស័យ​នៃ​សាលាខេត្ត​កំពង់ធំ​ពាក់ព័ន្ធ​ករណី​យក​កាំបិត​ចាក់​បំពង់​កលោក សាយ វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​។

យោងតាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ចេញ​ដោយ​លោក នូ វាសនា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​សៀមរាប​ចុះ​ថ្ងៃទី​ ១៨ ខែ​វិច្ឆិកា លើក​ឡើង​ថា លោក ម៉ៅ ប៊ុនធូ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ «​ប៉ុនប៉ង​ឃាតកម្ម​» ​តាម​មាត្រា​ ២៧ និង​មាត្រា​ ១៩៩ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ប្រព្រឹត្ត​នៅ​ចំណុច​ក្នុង​ភោជនីយដ្ឋាន​ជ្រោះ​ពេជ្រចិន្តា​ស្ថិតនៅ​ភូមិ​បល្ល័ង្កលិច សង្កាត់​ដំរីជាន់ខ្លា ក្រុង​ស្ទឹងសែន​កាលពី​ថ្ងៃទី​​ ១៦ ខែ វិច្ឆិកា ឆ្នាំ​ ២០២០​។

បន្ទាប់ពី​ឃើញ​ដីកា​សន្និដ្ឋាន​សុំឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​របស់​តំណាង​អយ្យការ និង​យោងតាម​មាត្រា​ច្បាប់​លោក​ នូ វាសនា ​បាន​សម្រេច​ថា​៖ «​បញ្ជា​ឱ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច និង​កម្លាំង​សាធារណៈ​ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ម៉ៅ ប៊ុនធូ ទៅ​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន​ខេត្ត​សៀមរាប​ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​។ បង្គាប់​ឱ្យ​ប្រធាន​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន​ខេត្តសៀមរាប​ទទួល និង​ឃុំ​ជននេះ​រហូត​ដល់​មាន​សេចក្តីសម្រេច​ថ្មី​ផ្សេង​ពីនេះ​»​។

លោក ម៉ៅ ប៊ុនធូ អាយុ ៤១ ​ឆ្នាំ​ មាន​ស្រុកកំណើត​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល និង​លំនៅ​នៅ​កន្លែង​កើតហេតុ​ខាងលើ​ត្រូវ​បាន​តំណាង​អយ្យការ​ខេត្ត​សៀមរាប​សម្រេច​ចោទប្រកាន់​កាលពី​ថ្ងៃទី​ ១៨ ​វិច្ឆិកា បន្ទាប់ពី​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​សម្រេច​ផ្ទេរ​សមត្ថកិច្ច​សំណុំរឿង​ប៉ុនប៉ង​ឃាតកម្ម​នេះ​ពី​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប​វិញ​។

លោក​ កើត រិទ្ធ បញ្ជាក់ថា ការផ្ទេរ​សមត្ថកិច្ច​តុលាការ​នេះ​គឺ​ដើម្បី​ធានា​ប្រយោជន៍​សាធារណៈ និង​ដំណើរការ​ល្អ​នៃ​យុត្តិធម៌​តុលាការ និង​ដោយ​អនុវត្តតាម​មាត្រា​ ១៩ នៃ​ច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ​។

លោក សាយ វាសនា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ១៧ វិច្ឆិកា​ ថា ក្នុងពេល​កើតហេតុ​លោក​រួម​ជាមួយ​មន្ដ្រី កងរាជ​អាវុធហត្ថ​ខេត្ត និង​មិត្ដភក្ដិ​មួយចំនួន​ទៀត​កំពុង​ហូប​អាហារ​ជុំគ្នា​នៅ​ភោជនីយដ្ឋាន​ដែលជា​កន្លែង​កើតហេតុ​នោះ​។ លោក​បន្តថា រហូត​ដល់​ម៉ោង​ប្រហែល​ជាង ៩ យប់ ជន​ត្រូវ​ចោទ ប្រដាប់​ដោយ​កាំបិត​ចុង​ស្រួច​ពណ៌​ស​ប្រវែង​ប្រហែល ៤ តឹក លាក់ទុក​ក្នុង​ដៃ​ដើរចូល​ក្នុង​បន្ទប់​ជាប់​គ្នា​។

លោក វាសនា ឱ្យ​ដឹង​ទៀត​ថា​៖ «​បន្ទាប់មក​លោក ម៉ៅ ប៊ុនធូ បាន​ដើរមក​កៀក​ខ្ញុំ ហើយ​ទាញ​កាំបិត​ចាក់​សំដៅ​បំពង់ក​របស់​ខ្ញុំ ប៉ុន្ដែ​ត្រូវ​ខ្ញុំ​រង​ជាប់​មិន​បណ្ដាល​ឱ្យ​រងរបួស​ឡើយ​»​។

តាម​របាយការណ៍​របស់​សមត្ថកិច្ច ជន​ត្រូវ​ចោទ និង​ជនរងគ្រោះ​អាច​មាន​គំនុំ​គ្នា​ដោយ​ហេតុ​ថា លោក សាយ វាសនា បាន​ទទួល​បន្ទុក​ក្នុង​សំណុំរឿង​ជន​ត្រូវ​ចោទ​រូបនេះ​បាន​ដឹកនាំ​កម្លាំង​គ្មាន​បញ្ជា​ពី​ព្រះរាជអាជ្ញា​ចុះ​ទៅ​ចាប់​គ្រឿងចក្រ​របស់​ឈ្មោះ ជុត ថាន ដែលមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​អភិបាលខេត្ត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ដោយ​ទាំង​ខ្លួន​មិន​មាន​សម្បទា​ជា​មន្ត្រីនគរបាល​យុត្តិធម៌​។

កំណត់ហេតុ​ដដែល​បាន​បន្តថា ក្នុង​ហេតុការណ៍​នោះ​ជន​ត្រូវ​ចោទ​ស្នើសុំ​ឱ្យ​លោក សាយ វាសនា កុំ​ចាត់ការ​រឿងនេះ ប៉ុន្តែ​លោក សាយ វាសនា បាន​អនុវត្ត​នីតិវិធី​ច្បាប់ ដោយសារ​ថា​ឈ្មោះ ជុត ថាន មិន​ព្រម​ចរចា​៕