កណ្ដាលៈ បុរស​ជនជាតិ​​ចិន​ចំនួន​ ២ ​នាក់​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​សម្រេច​ឃុំ​ខ្លួន​កាល​ថ្ងៃទី​ ២៩ ខែ​សីហា​ឆ្នាំ​ ២០១៨ មួយ​ថ្ងៃ​ក្រោយពី​សមត្ថកិច្ច​ឃាត់​ខ្លួន​រឿង​បើក​សិប្បកម្ម​ផលិត​បារី​ខុស​ច្បាប់​។

នេះ​បើ​តាម​លោក​លោក ទិត សុចិត្រា ព្រះរាជអាជ្ញារង​ខេត្ត​កាលពី​ម្សិលមិញ​។

លោក សុចិត្រា បាន​ថ្លែង​ថា​៖ «​យើង​បាន​បញ្ជូន​ពួកគាត់​ទៅក្នុង​ពន្ធនាគារ​តាំងពី​ថ្ងៃ​ពុធ​ម្ល៉េះ​។ ពួកគាត់​ត្រូវ​បាន​ចោទ​ពី​បទ​ «​ផលិត​កែច្នៃ វេចខ្ចប់ និង​ចែកចាយ​ផលិតផល​ក្លែងក្លាយ​ខ្នាត​ខុស​ច្បាប់​»​។

ជនជាតិ​ចិន​ទាំង​ ២ ​នាក់​នេះ​ឈ្មោះ XU CHUI YAO និង ឈ្មោះ JIANG SHAO CONG ត្រូវ​បាន​ចោទ​ដោយ​លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ពី​​បទ «​ផលិត កែច្នៃ វេចខ្ចប់ និង​ចែកចាយ​ផលិតផល​ក្លែងក្លាយ​ខ្នាត​ខុស​ច្បាប់​» តាម​មាត្រា​ ១១ ​និង​មាត្រា​ ៦៤ ​ច្បាប់​ស្តីពី​ពាណិជ្ជ​នាម និង​ការ​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់​។ ​នេះ​បើ​តាម​ដីកា​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​។

បើ​តាម​បទចោទ​នេះ​ពួកគេ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​ ២-៥ ​ឆ្នាំ និង​ពិន័យ​ប្រាក់​​ពី​ ១ ​ទៅ​ ២០​ លាន​រៀល​។

គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃទី​ ២៨ ខែ​សីហា​កន្លង​មក​នេះ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​បាន​បង្ក្រាប​សិប្បកម្ម​ផលិត​បារី​ខុស​ច្បាប់​ ១ ​កន្លែង​នៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល​បន្ទាប់ពី​មាន​បណ្តឹង​ពី​ក្រុមហ៊ុន​ខ្មែរ ធីបថប អ៊ិមិច ក្រោម​ការជួយ​សម្របសម្រួល​ពី​លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​កណ្តាល​។

ការបង្ក្រាប​នេះ​សមត្ថកិច្ច​​រកឃើញ​មាន​ការ​លួច​ផលិត​បារី​​ក្លែងក្លាយ​ជាង​ ៣៥ ​តោន​៕