
ប្តី សម្លាប់ ប្រពន្ធ រួច យក ទៅ ដុត ចោលនៅខេត្តសៀមរាប។ រូបថត នគរបាលជាតិ
សៀមរាបៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី ២ ខែឧសភា បានសម្រេចឱ្យឃុំខ្លួនបុរសម្នាក់ ដែលជាជនសង្ស័យសម្លាប់ប្រពន្ធ ជាបណ្ដោះអាសន្នដោយត្រូវចោទប្រកាន់រឿងឃាតកម្ម។ យោងតាមលោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅរសៀលថ្ងៃទី ២ ខែឧសភា។
លោកថ្លែងថា៖ «ជននោះត្រូវបានចៅក្រមស៊ើបសួរលោក ស៊ិន សង្ហា សម្រេចឃុំខ្លួនពីបទឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌដែលតាមច្បាប់នេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ទៅ ១៥ ឆ្នាំ»។
លោក ភឹង ចន្តារេត ស្នងការរង និងជាប្រធានផែននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្វាយលើបានបញ្ជូនបុរសម្នាក់មកស្នងការនគរបាលខេត្តនៅព្រឹកថ្ងៃទី ២ ខែឧសភា បន្ទាប់ពីបានឃាត់ខ្លួននៅថ្ងៃទី ៣០ ខែមេសា ហើយស្រាវជ្រាវឃើញថា ជនសង្ស័យបានសម្លាប់ប្រពន្ធខ្លួនឯង រួចយកទៅដុតចោលនៅចំណុចដីចម្ការរបស់ខ្លួន ស្ថិតនៅភូមិខ្នាក្រៅ ឃុំកន្ទួតស្រុក ស្វាយលើ ខេត្តសៀមរាប។
លោកថ្លែងថា៖ «ក្រោយទទួលបានសំណុំរឿងពីខាងកម្លាំងសមត្ថកិច្ចនគរបាលស្រុកស្វាយលើ យើងបានបន្តនីតិវិធី ហើយរហូតមកដល់ម៉ោង ២ រសៀលថ្ងៃទី ២ ខែឧសភានេះ យើងបានបញ្ជូនសំណុំរឿងទៅតុលាការពាក់ព័ន្ធករណីឃាតកម្ម»។
អធិការនគរបាលស្រុកស្វាយលើ លោក ស៊ុន អេង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អេង អឿន ភេទប្រុស អាយុ ៥២ ឆ្នាំមានទីលំនៅភូមិខ្នារក្រៅ (ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។ រីឯជនរងគ្រោះឈ្មោះ លី កូលាប (ត្រូវជាប្រពន្ធ) អាយុ ៣៦ ឆ្នាំរស់នៅភូមិ ឃុំខាងជាមួយគ្នា។ ពួកគេមានកូន ៣ នាក់ (ប្រុស ២ នាក់ ស្រីម្នាក់) ហើយកូនស្រីច្បងបានចេញទៅធ្វើការស៊ីឈ្នួលនៅភ្នំពេញ។
ជនសង្ស័យបានទៅប្តឹងសមត្ថកិច្ចថាបានបាត់ប្រពន្ធ ពេលនោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងបានដាក់ការសង្ស័យលើជនដែលទៅប្តឹងនោះ ទើបហៅទៅសួរនាំ។
លោកថ្លែងថា៖ «យើងមានការសង្ស័យ ព្រោះបាត់ប្រពន្ធតាំងពីថ្ងៃទី ២៧ ហើយដល់ថ្ងៃទី ៣០ ហើយទើបមករាយការណ៍ អ៊ីចឹងយើងធ្វើការស៊ីបអង្កេត ហើយហៅគាត់មកសួរនាំចឹងទៅបានដឹងថា គាត់បានធ្វើការសម្លាប់មែន ចឹងសមត្ថកិច្ចក៏សម្រេចចាប់ខ្លួនគាត់ ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធី»។
លោក ស៊ុន អេង បានឲ្យដឹងថា រឿងឃាតកម្មនេះកើតឡើងដោយសារតែជនសង្ស័យខឹងប្រពន្ធខ្លួនឯងទៅលេងល្បែងបៀស៊ីគូទឹកជាប្រចាំ។
លោកថ្លែងថា៖ «គាត់ខឹងប្រពន្ធគាត់លេងល្បែងរាល់ថ្ងៃរហូតដល់ទ្រាំលែងបាន ពេលប្រពន្ធមកផ្ទះវិញ ក៏ច្របាច់ករហូតដល់ដាច់ខ្យល់ស្លាប់ ហើយអូសសពទៅដាក់ក្បែរទ្រុងជ្រូក រួចហើយក្រោយមកក៏យកទៅចម្ការដុតចោលតែម្តង ហ្នឹងបើតាមការសារភាពរបស់ជនសង្ស័យ»៕