កណ្ដាល: សាលាដំបូង​ខេត្ត​កណ្ដាល​បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ពន្ធនាគារ​ខេត្ត​ដោយ​ចោទ​ពីបទ​ «​ក្លែងបន្លំ​ឯកសារ​សាធារណៈ​» ​បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ពីថ្ងៃ​ទី​ ២ ខែ​កក្កដា ពាក់ព័ន្ធ​ការបន្លំ​ត្រា​មេឃុំ​ទៅ​បោកប្រាស់​ពលរដ្ឋ​ ដើម្បី​ដាក់​​បញ្ចាំ​ទ្រព្យសម្បត្តិ និង​ធ្វើលិខិត​ខ្ចីលុយ​ពី​ធនាគារ​ចំនួន ៣ ​ម៉ឺនដុល្លារ​នៅ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​កណ្ដាល​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៥ មិថុនា​ ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្ដាល​នៅ​ថ្ងៃទី​ ៥ ខែ​កក្កដា​ បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉ៃ វណ្ណៈ ភេទ​ប្រុស​អាយុ​ ៣១ ​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​បុគ្គលិក​ធនាគារ រស់នៅក្នុង​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

លោក​បញ្ជាក់ថា​៖ «​យើង​ឃុំ​​ខ្លួន​គាត់​ហើយ​គឺ​ចោទ​ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប៉ុន្ដែ​ខ្ញុំ​អត់​ចាំ​មាត្រា​ទេ ព្រោះ​ម្សិលមិញ​ជា​ថ្ងៃ​សម្រាក អ៊ីចឹង​ខ្ញុំ​អត់​មាន​ឯកសារ​មើល​។ ​ខ្ញុំ​គ្រាន់តែ​ដឹងថា​លោក​​ចៅក្រម​បាន​ឃុំខ្លួន​ហើយ​...»​។

លោក វង សែ អធិការរង​នគរបាល​ស្រុក​កៀនស្វាយ​បាន​ថ្លែង​ពីថ្ងៃ​ ៥ មិថុនា ​ថា មន្ត្រី​នគរបាល​បាន​ឃាត់ខ្លួន​ឈ្មោះ ម៉ៃ វណ្ណៈ កាលពី​ថ្ងៃទី​ ២ ខែ​កក្កដា ក្រោយពី​លោក មាន ណាត មេឃុំ​ភូមិ​ធំ ប្ដឹងពី​ករណី​បន្លំ​ត្រា​មេឃុំ​ទៅ​បោកប្រាស់​ពលរដ្ឋ​។

លោក​បន្តថា ក្រោយពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ទទួល​ព័ត៌មាន​ពី​ករណី​មាន​គេ​បន្លំ​ធ្វើ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់ ប្រើប្រាស់​ដីធ្លី​ និង​ផ្ទះសម្បែង​មាន​ទាំង​ឈ្មោះ​ហត្ថលេខា និង​ត្រា​ក្លែងក្លាយ​ភ្លាម​គឺ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​ភូមិធំ​បាន​សហការ​ជាមួយ​មន្ត្រី​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ​កោះហៅ​ជនសង្ស័យ​មក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ភូមិធំ និង​ឃាត់ខ្លួន​តែម្ដង​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ខេត្ត​កណ្ដាល​នៅ​ថ្ងៃទី​ ៤ ខែ​កក្កដា​ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹង​តុលាការ​គេ​សម្រេច​បែបណា​ទេ​។ ​រឿងនេះ យើង​បាន​សាកសួរ​គាត់​ហើយ​​គឺ​គាត់​ជួល​គេ​ធ្វើ​ត្រា​ក្លែងក្លាយ យក​មក​ធ្វើ​លិខិត​ខ្លួន​គាត់ បោះត្រា​ខ្លួន​គាត់ ស៊ីញ៉េ​ខ្លួន​គាត់​ហើយ​ទៅ​ខ្ចីលុយ​ពី​ធនាគារ​។ ខ្ញុំ​យល់ថា រឿងនេះ​មិន​ពិបាក​ទេ ព្រោះ​គាត់​ជា​អ្នក​ធ្វើការ​នៅ​ធនាគារ​ស្រាប់ អ៊ីចឹង​គាត់​យល់​កិច្ចការ​អស់ហ្នឹង​ច្បាស់​ហើយ​»​។

លោក មាន ណាត មេឃុំ​ភូមិធំ​ មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណី​នេះ​បានទេ​។

តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​ ៣ ខែ​កក្កដា ថា ជនសង្ស័យ​បាន​ឆបោក​ពលរដ្ឋ​ ២ ​នាក់ ​ក្នុង​នោះ​ឈ្មោះ មៀច ផៃ អាយុ​ ៦៧ ​ឆ្នាំ មុខរបរ​ជំទប់​ទី ១ មាន​លំនៅ​ក្នុង​ភូមិ​កោះប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល និង​ឈ្មោះ ឡាងថុល អាយុ​ ៦៧ ​ឆ្នាំ មុខរបរ​មេភូមិ​មាន​លំនៅ​ក្នុងភូមិ​រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។

របាយការណ៍​បន្ថែមថា នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ម៉ៃ វណ្ណៈ បាន​សារភាព​​ថា ខ្លួន​បាន​ឆាត​ [Chat] ​ទៅ​កន្លែង​ឆ្លាក់​ត្រា​តាមរយៈ Facebook ឲ្យ​ធ្វើ​ត្រា​ឃុំ​ភូមិធំ និង​ត្រា​ឈ្មោះ​ឲ្យ​ខ្លួន​ក្នុង​តម្លៃ​ ២០ ​ដុល្លារ ដោយ​ផ្ញើ​លុយ​តាម​ធនាគារ ហើយ​ ១ ​សប្ដាហ៍​ក្រោយមក​ទើប​អ្នក​ឆ្លាក់​ត្រា​ជួល​ឲ្យ​ម៉ូតូឌុប​យកមក​ឲ្យ​ខ្លួន​។ ​

ក្រោយ​ទទួល​បាន​ត្រា​ (​មូល​) ​រួចខ្លួន​ក៏​រៀបចំ​ឯកសារ​ក្លែង​លើ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី និង​ផ្ទះសម្បែង​ដើម្បី​យក​ទៅ​ដាក់​នៅ​ធនាគារ​ខ្ចីប្រាក់​ ៣ ​ម៉ឺន​ដុល្លារ ដើម្បី​យក​មក​ប្រកបមុខរបរ​ផ្សេងទៀត​។ ​ប៉ុន្ដែ​លោក​មេឃុំ​ភូមិធំ​មាន​ការសង្ស័យ​​ហើយ​បាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់​ខ្លួន​តែម្ដង​៕