ព្រះវិហារៈ សាលាដំបូងខេត្តព្រះវិហារបានសម្រេចឃុំខ្លួនបុរស ៥ នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីរុករាន និងជីកកកាយយកវត្ថុបុរាណក្នុងតំបន់ការពារប្រាសាទខ្នារនៅភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នេះបើតាមលោកស្រី ជុំ កន្និយ៉ា អ្នកនាំពាក្យសាលាដំបូងខេត្តនេះកាលពីម្សិលមិញ។
លោកស្រី កន្និយ៉ា បានថ្លែងថា ជនសង្ស័យឈ្មោះ សៀក សុភ័ក្រ អាយុ ៥៤ ឆ្នាំ, ង៉ែត តៃ អាយុ ៥៤ ឆ្នាំ, ព្លាន ព្លឿង អាយុ ៥៤ ឆ្នាំ ដែលអ្នកទាំង ៣ មានលំនៅក្នុងភូមិគោកព្រិច ឃុំគោករមៀត ស្រុកពួក ខេត្តបន្ទាយមានជ័យ ឈ្មោះ ហេង ប៊ុនសុខុន អាយុ ៣៧ ឆ្នាំ មានលំនៅក្នុងភូមិតាវៀន ឃុំសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប និង ឈ្មោះ ប៊ុនសាន អាយុ ៤៥ ឆ្នាំជានាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារត្រូវបានក្រុមឆ្មាំការពារប្រាសាទខ្នារសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារចាប់ខ្លួនកាលពីព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២០ លោកស្រីបានបញ្ជាក់ថា៖ «ជនសង្ស័យទាំង ៥ នាក់ និងសំណុំរឿងរបស់ពួកគេត្រូវបានបញ្ជូនមកកាន់តុលាការកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយនៅព្រឹកថ្ងៃសុក្រ (៧ កុម្ភៈ ២០២០) ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នដោយចោទប្រកាន់ពីបទរុករាន និងជីកកកាយយកវត្ថុ បុរាណក្នុងតំបន់ការពារប្រាសាទបុរាណដោយខុសច្បាប់»។
បើតាមលោក នៅ ចាន់គង់ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ក្នុងអំឡុងពេលចាប់ខ្លួនជនសង្ស័យទាំង ៥ នាក់នេះក្រុមសមត្ថកិច្ចបានរឹបអូសវត្ថុតាងមួយចំនួនរួមមានម៉ាស៊ីនរាវរកវត្ថុបុរាណក្រោមដីចំនួន ២ គ្រឿង រថយន្ត ១ គ្រឿង និងលោហធាតុចម្លងព្រមទាំងឧបករណ៍បម្រើឲ្យមធ្យោបាយជីកកាយយកវត្ថុបុរាណមួយចំនួនទៀត។
លោកបានបញ្ជាក់ថា៖ «ពួកគេត្រូវបានកម្លាំងសមត្ថកិច្ចយើងចាប់ឃាត់ខ្លួន ខណៈកំពុងនាំគ្នាជីកកកាយគាស់យកវត្ថុបុរាណ និងលោហធាតុផ្សេងៗនៅចំណុចភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារក្នុងចម្ងាយប្រមាណ ១០០ ម៉ែត្រភាគខាងត្បូងប្រាសាទខ្នារ»។
លោកបានបន្ថែមថា៖ «នេះជាលើកទី ១ ហើយ ដែលក្រុមឆ្មាំរបស់យើង ក្រោមការជួយអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថ បង្ក្រាបចាប់បានជនប្រព្រឹត្តបទល្មើស និងវត្ថុតាងក្នុងសកម្មភាពកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង»។
លោកបានបន្តថា កន្លងមកការចុះបង្ក្រាបបទល្មើសក្នុងតំបន់ទីទួលប្រាសាទបុរាណផ្សេងៗមិនធ្លាប់បានប្រទះឃើញ ឬចាប់ជនប្រព្រឹត្តបទល្មើសបាននោះទេ ពោលគឺឃើញតែស្នាមជីកគាស់កកាយប៉ុណ្ណោះ។ ករណីដូចជាកាលពី ៣-៤ ថ្ងៃមុននេះសមត្ថកិច្ចរបស់លោករួមទាំងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារផងនោះបានចុះល្បាតនៅក្នុងតំបន់ការពារប្រាសាទបុរាណមួយចំនួនក្នុងស្រុកគូលែនបានប្រទះឃើញរណ្ដៅដីទើបជីកថ្មីៗជាច្រើនកន្លែង ប៉ុន្តែមិនបានរកឃើញជនប្រព្រឹត្តបទល្មើសនោះទេ៕