ក្រចេះ: សាលាដំបូង​ខេត្តក្រចេះ​កាលពី​ម្សិលមិញ​បានសម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​បុរស​ម្នាក់​ករណី​ចាប់​ក្មេងស្រី​ជា​អនីតិជន​ចំនួន​ ៤ ​នាក់​បងប្អូន ដែល​ជា​ក្មួយ​សាច់ថ្លៃ រំលោភ​សេពសន្ថវៈ​ជា​បន្តបន្ទាប់​ចាប់​តាំងពី​ឆ្នាំ​ ២០១៤ ​មក​នៅ​ភូមិ-ឃុំ-ស្រុក ព្រែក​ប្រសព្វ​។

លោកស្រី នៅ រតនា ស្នងការរង​ទទួល​ផែន​បទល្មើស​ប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្ត​ក្រចេះ​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា បុរស​ម្នាក់​ឈ្មោះ ឆេង លីម៉េង អាយុ ៥១ ឆ្នាំ​ ដែល​មាន​លំនៅ​ក្នុង​ភូមិ-ឃុំ-ស្រុក ខាងលើ​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ក្រចេះ​ធ្វើការ​ចោទប្រកាន់ និង​បញ្ជា​ឲ្យ​នាំ​ទៅ​ឃុំខ្លួន​កាលពី​ព្រឹក​ម្សិលមិញ​ «​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​»​។ បទ​រំលោភ​សេពសន្ថវៈ​តាម​មាត្រា ២៣៩ នៃ​ក្រមព្រហ្មទណ្ឌ​ប្រសិន​បើ​តុលាការ​រកឃើញ​ថា ជនជាប់ចោទ​ពិតជា​បាន​ប្រព្រឹត្ត​នោះ​នឹង​ត្រូវ​ផ្តន្ទាទោស​ពី​ ៥ ​ឆ្នាំ​ទៅ​ ១០ ​ឆ្នាំ​។

លោកស្រី រតនា ប្រាប់​តាម​សម្តី​ក្មេងស្រី​រងគ្រោះ​ថា ពួកគេ​ជា​បងប្អូន​បង្កើត​មាន​អាយុ​ ១២ ឆ្នាំ​, ១៤ ឆ្នាំ​, ១៥ ​ឆ្នាំ និង​មាន​បងស្រី​ជីដូន​មួយ​ម្នាក់​ទៀត​អាយុ ១៧ ឆ្នាំ​ ត្រូវ​បាន​ឪពុកមា​សាច់ថ្លៃ​ (​ជនសង្ស័យ​) ​យក​មក​រស់នៅ​ជាមួយ​តាំងពី​នៅ​តូចៗ​មក ដោយសារ​ឪពុកម្តាយ​ពួកគេ​ក្រីក្រ​។ ជនសង្ស័យ​ក៏​មាន​ប្រពន្ធ និង​មាន​កូន​ធំៗ​ ៣ ​នាក់ ​រស់នៅ​ជាមួយ​គាត់​ផងដែរ​ហើយ​គាត់​ជា​អ្នក​ធ្វើ​ចម្ការ​។

លោកស្រី បន្ត​ថា​ដោយសារ​តែ​ជនសង្ស័យ​ជា​អ្នកធ្វើ​ចម្ការ​នោះ​ទើប​នៅ​ថ្ងៃ​ខ្លះ​គាត់​បាន​នាំ​ក្មេងៗ​រងគ្រោះ​ទៅ​ខ្ទម​ចាំ​ចម្ការ​ដែល​នៅពេល​នោះ​ហើយ​ជា​ឱកាស​ដែល​ជនសង្ស័យ​ប្រព្រឹត្ត​អំពើ​ចាប់រំលោភ​សេពសន្ថវៈ​ទៅលើ​ក្មេងរងគ្រោះ​។ ​«​គាត់​ម្តង​ចាប់​ក្មេងស្រី​រងគ្រោះ​រំលោភ​នៅផ្ទះ និង​នៅ​ខ្ទម​ចាំចម្ការ​។ ពេលខ្លះ​គាត់​ឆ្មក់​ពេល​មាន​ឱកាស​នៅផ្ទះ​»​។

លោកស្រី​ថ្លែង​តាម​សម្តី​ក្មេងស្រី​រងគ្រោះ​អាយុ ១៧ ​ឆ្នាំ​ ថា​មុន​ដំបូង​ក្នុង​អំឡុង​ឆ្នាំ​ ២០១៤ ​ជនសង្ស័យ​បាន​ចាប់​នាង​រំលោភ​សេពសន្ថវៈ​ហើយ​ប្រព្រឹត្ត​ជា​បន្តបន្ទាប់​។ ដោយ​ពេល​ប្រព្រឹត្ត​ម្តងៗ​គឺ​ជនសង្ស័យ​តែងតែ​គំរាម​មិន​ឲ្យ​នាង​និយាយ​រឿង​នេះ​ប្រាប់​នរណា​ជា​ដាច់ខាត​ហើយ​បើសិន​ជា​គេ​ដឹង​គាត់​នឹង​សម្លាប់​នាង និង​ប្អូនៗ​នាង​ចោល​។ ដោយសារ​តែ​ខ្លាច​គេ​សម្លាប់​ប្អូន​ក្មេង​រងគ្រោះ​ជា​បង ខំ​លាក់​រឿង​នេះ​មិន​ឲ្យ​នរណា​ដឹង​ទេ​។

លោកស្រី​បន្ត​ថា​មុន​មាន​ការប្តឹង​ទៅ​សមត្ថកិច្ច​របស់​លោក​ ស្រី​គឺ​ក្មេងរងគ្រោះ​ដែល​មាន​អាយុ​ ១៧ ​ឆ្នាំ​ បាន​ឃើញ​ជនសង្ស័យ​ចាប់​ប្អូនស្រី​នាង​ម្នាក់​រំលោភ​សេពសន្ថវៈ​។ ដោយ​ទ្រាំ​នឹង​ទង្វើ​នេះ​មិន​បាន ហើយ​ដោយ​នាង​ស្គាល់​ស្ត្រី​ម្នាក់​ដែល​ប្តី​គាត់​ជា​មន្ត្រីប៉ូលិស​ក៏​នាង​បាន​នាំ​ប្អូន​ទៅ​ប្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ ព្រែកប្រសព្វ​ហើយ​ក្រោយពី​សួរនាំ​ក្មេងរងគ្រោះ​សមត្ថកិច្ច​បាន​ហៅ​ជនសង្ស័យ​មក​សួរ​។ បន្ទាប់មក​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​តែម្តង​៕