The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​សម្រេច​ឃុំខ្លួន​មេខ្យល់​ ២ ​នាក់​ ខណៈ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ ២ ​នាក់​ទៀត




តុលាការ​សម្រេច​ឃុំខ្លួន​មេខ្យល់​ ២ ​នាក់​ ខណៈ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ ២ ​នាក់​ទៀត

Content image - Phnom Penh Post
ក្រុម​ពលករ​ត្រូវ​ពួក​មេខ្យល់​នាំ​ឆ្លងដែន​ពេលយប់​។ រូបថត កងរាជ​អាវុធហត្ថ

តុលាការ​សម្រេច​ឃុំខ្លួន​មេខ្យល់​ ២ ​នាក់​ ខណៈ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ ២ ​នាក់​ទៀត

បន្ទាយមានជ័យៈ តុលាការខេត្ត​បន្ទាយមានជ័យ​បាន​សម្រេច​ឃុំខ្លួន​បុរស​មេខ្យល់​ ២ ​នាក់ ក្នុង​ពន្ធនាគារ​ខេត្ត​នៅ​រសៀល​ថ្ងៃទី​ ២៣ ខែឧសភា ខណៈ​ជនសង្ស័យ​ដែលជា​មេខ្យល់​ ២ ​នាក់​ផ្សេងទៀត ត្រូវបាន​ចាប់ខ្លួន​នៅ​យប់​ក្នុង​ថ្ងៃ​ដដែល និង​សង្គ្រោះ​ពលករ​បាន​ ១៧ ​នាក់ នៅពេល​ពួកគេ​បម្រុង​លួច​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ ស្ថិតក្នុង​ភូមិ​ព្រៃចាន់ ឃុំ​អូរ៣ជាន់ ស្រុក​អូរជ្រៅ​។

លោកស្រី​ឧត្តមសេនីយ៍ត្រី​ ឌី សុជាតិ ស្នងការរង​ទទួល​ផែនការ​ការងារ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តបន្ទាយមានជ័យ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ​ឧសភា​ថា​បុរស​ឈ្មោះ ពៅ បូរី ភេទ​ប្រុស អាយុ​ ៤១ ​ឆ្នាំ រស់នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ៣ជាន់ ស្រុក​អូរជ្រៅ និង​ឈ្មោះ ម៉ៅ ដែន ភេទ​ប្រុស អាយុ​ ២៦ ​ឆ្នាំ រស់នៅ​ភូមិ​បឹងប្រាសាទ ឃុំ​អូរ៣ជាន់ ស្រុក​អូរជ្រៅ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចេញ​ដីកា​ឃុំ​នៅ​ពន្ធនាគារ​ហើយ​កាលពី​រសៀល​ថ្ងៃទី​ ២៣ ​ឧសភា​។

លោកស្រី​បញ្ជាក់ថា​៖ «​បុរស​ទាំង​ ២ ​នាក់​ត្រូវ​ចោទ​ពី​បទ​ការនាំចេញ​ដោយ​មិន​ស្របច្បាប់ សម្រាប់​នាំ​ឆ្លងដែន​តាម​មាត្រា​ ១១ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​»​។

យោង​បញ្ញតិ្តមាត្រា​ ១១ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​នេះ​ បើសិន​ជា​តុលាការ​រកឃើញ​ថា ជន​ត្រូវ​ចោទ​ទាំង​ ២ ​នាក់​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន​នោះ នឹង​ត្រូវ​ជាប់ពន្ធនាគារ​ពី​ ៧ ​ទៅ​ ១៥ ​ឆ្នាំ​។

លោក​ ម៉ាន់ ធី អធិការរង​ស្រុក​អូរជ្រៅ និង​ជា​សមាជិក​គណៈកម្មការ​ទប់ស្កាត់​ពលករ​ឆ្លងដែន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​រសៀល​ថ្ងៃទី​ ២៣ ​ឧសភា​ថា​ពលករ​ប្រុស​ស្រី​ ១៧ ​នាក់ ​(​ក្មេងស្រី​តូច​ម្នាក់​) ​និង​មេខ្យល់​ ២ ​នាក់​ត្រូវ​សមត្ថកិច្ច​ជួយសង្គ្រោះ និង​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​ ២២ ​ឧសភា ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​ចំណុច​គោលដៅ​ស្ថិតនៅ​ភូមិ​ជោគជ័យ ឃុំ​អូរ៣ជាន់ ស្រុក​អូរជ្រៅ ។

អ្នក​ទាំងនោះ​បាននាំគ្នា​លួច​ដើរ​ឆ្លងកាត់​គោលដៅ​របស់​សមត្ថកិច្ច​បម្រុង​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​រាប់​ចំនួន​ឃើញ​មាន​មនុស្ស​ស្រី​ចំនួន​ ៨ ​នាក់​ (​រាប់ទាំង​ក្មេងស្រី​តូច​ម្នាក់​ផង​) និង​ប្រុស​ចំនួន​ ៩ ​នាក់ បូក និង​បុរស​ជា​មេខ្យល់​ ២ ​នាក់​ទៀត មាន​ចំនួន​ ១៩ ​នាក់​។ ក្រុម​ពលករ​ទាំងអស់​ត្រូវបាន​នាំទៅ​មណ្ឌល​ចត្តាឡីស័ក​។

ដោយឡែក​កាលពី​យប់​ថ្ងៃទី​ ២៣ ​ឧសភា​បើ​យោងតាម បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​យោធ​ភូមិភាគ​ទី​ ៥ ​នៅ​ខេត្ត​បន្ទាយមានជ័យ​សរសេរថា កងពលតូច​ថ្មើរជើង​លេខ​ ៥១ បាន​ដឹកនាំ​កម្លាំង​ដើរល្បាត​ដោយ​លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ​វរសេនា​តូច​ថ្មើរជើង​លេខ​ ៥១៤ នៅ​យប់​ថ្ងៃទី​ ២៣ ​ឧសភា បាន​ឃាត់ខ្លួន​មេខ្យល់​ ២ ​នាក់ និង​ជួយសង្គ្រោះ​ពលករ​បាន​ចំនួន​ ៨ ​នាក់​ (​ស្រី​ម្នាក់​)​។

មេខ្យល់​ទាំង​ ២ ​នាក់ ម្នាក់​ឈ្មោះ​ លឹម ហួត ភេទ​ប្រុស អាយុ ៣៨ ​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរ៣ជាន់ ស្រុក​អូរជ្រៅ និង​ម្នាក់ទៀត ឈ្មោះ ជូត សុខជ័យ ភេទ ប្រុស អាយុ ១៨ ​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ៣ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

លោកស្រី ឌី សុជាតិ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៤ ​ឧសភា​ថា ចំពោះ​មេខ្យល់​ ២ ​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ មិនទាន់​បញ្ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃទី​ ២៤ ​ឧសភា​។ ជនសង្ស័យ​ដែលជា​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ទាំងនោះ ពួកគេ​ត្រូវតែ​ប្រឈម​នឹង​ផ្លូវច្បាប់​៕

អត្ថបទគួរចាប់អារម្មណ៍